សេចក្ដីថ្លែងការណ៍នៃអ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ដែលចេញដោយស្ថានទូតជប៉ុន ប្រចាំកម្ពុជា ថ្ងៃទី៨ សម្ដែងការព្រួយបារម្ភខ្លាចអំពើហិង្សានយោបាយនៅកម្ពុជា រឹតតែធ្ងន់ធ្ងរ អាចនាំឲ្យប៉ះពាល់ដំណើរការវិនិយោគជប៉ុននៅកម្ពុជា។
សេចក្ដីថ្លែងការណ៍សរសេរថា៖ "ប្រទេសជប៉ុននឹងបន្តធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានការណ៍ក្នុងប្រទេសកម្ពុជា ដោយរួមមានទស្សនវិស័យក្នុងការធានាសុវត្ថិភាពនៃក្រុមហ៊ុនជប៉ុន និងប្រជាជនជប៉ុន"។
ប្រទេសជប៉ុនបានលើកទឹកចិត្ត ភាគីទំនាស់នយោបាយទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជៀសវាងប្រើអំពើហិង្សាដាក់គ្នា ហើយជប៉ុនសង្ឃឹមថា មេដឹកនាំបក្សទាំងពីរនឹងជួបពិភាក្សាគ្នាដោះស្រាយបញ្ហា ដែលកំពុងជាប់គាំងសព្វថ្ងៃនេះឡើងវិញ ក្នុងពេលឆាប់ៗនេះ។
សេចក្ដីថ្លែងការណ៍របស់ជប៉ុនដែលជាប្រទេសផ្ដល់ជំនួយដល់កម្ពុជា ដ៏ធំមួយនោះ មិនបានជំរុញឲ្យរដ្ឋាភិបាលវែកមុខរកមន្ត្រីសន្តិសុខបាញ់ប្រហារលើក្រុមកម្មករបាតុកម្មកាលពីសប្ដាហ៍មុនដូចប្រទេសផ្សេងទៀត និងសហគមន៍អន្តរជាតិទេ។
ទាក់ទងការបង្ក្រាបបាតុករយ៉ាងហិង្សា ដោយកងកម្លាំងការពារសន្តិសុខ ប្រើអាវុធបាញ់រះលើក្រុម បាតុករបណ្ដាលឲ្យស្លាប់ ៤នាក់ និងរបួសជិត ៤០នាក់ កាលពីដើមខែមករា នេះដែរ ប្រទេសអាល្លឺម៉ង់ និងប្រទេសមួយចំនួនទៀត រួមទាំងអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប បានទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតជាបន្ទាន់ ដើម្បីវែកមុខរកកងកម្លាំងសន្តិសុខដែលបាញ់សម្លាប់ក្រុមបាតុករឲ្យទទួលខុសត្រូវមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។