ប្រទេសជប៉ុនជំរុញកម្ពុជាឱ្យរៀបចំការបោះឆ្នោតមួយ ដែលឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ប្រជាជនកម្ពុជា។ ការជំរុញនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ (Kishida Fumio)។
សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន ចេញផ្សាយកាលពីយប់ថ្ងៃទី២០ ខែមីនា ក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា នាយករដ្ឋមន្ត្រីទាំងពីរបានជជែកគ្នាត្រង់ទៅត្រង់មកលើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីជប៉ុន លើកឡើងថា ជប៉ុនគាំទ្រដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងថា ជប៉ុនចង់ឃើញការរៀបចំការបោះឆ្នោតតាមវិធីមួយ ដែលឆ្លុះបញ្ចាំងពីសំឡេងចម្រុះពីប្រជាជនកម្ពុជា។ ភាគីជប៉ុន បានផ្តល់ការគាំទ្រតាមរយៈគម្រោងនានា ដូចជា ការលើកកម្ពស់កិច្ចសន្ទនារវាងរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល ការពង្រឹងអភិបាលកិច្ចតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ និងជំនួយបច្ចេកទេសផ្នែកច្បាប់ជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានសន្យាយ៉ាងណាទេ ចំពោះការជំរុញរបស់ជប៉ុនជាថ្មីម្តងទៀតឱ្យកម្ពុជារៀបចំការបោះឆ្នោត ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជានេះ។ ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍រួមថា លោកបានបង្ហាញពីបំណងក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចូលលទ្ធផលនៃការគាំទ្ររបស់ជប៉ុនទៅក្នុងសង្គមកម្ពុជា។
ក្រៅពីផ្ដោតលើបញ្ហាកិច្ចសហប្រតិបត្តិការផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ដែលពួកលោកបានឯកភាពគ្នាថា នឹងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែដ៏សំខាន់ចម្បងមួយសម្រាប់តំបន់មេគង្គ និងពិភពលោក។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខបន្ថែមទៀត តាមរយៈការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ រួមទាំងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជើងទឹក ការពង្រីកសមយុទ្ធទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពជើងគោកកម្ពុជាជាដើម។
វិញបញ្ហាក្នុងតំបន់ និងអន្តរជាតិវិញ នាយករដ្ឋមន្ត្រីទាំងពីរទទូចឱ្យបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន (Ukraine)។ នាយករដ្ឋមន្ត្រីជប៉ុន និងកម្ពុជា ក៏អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា (Myanmar) ឬភូមា បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងស្នើឱ្យគ្រប់ភាគីទាំងអស់អត់ធ្មត់ជាអតិបរមា ដើម្បីចាប់ផ្តើម ការចរចា ដោះលែងអ្នកជាប់ឃុំដោយរឿងនយោបាយ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៅក្នុងប្រទេសនេះឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។