សាលាដំបូងរាជធានីភ្នំពេញនឹងជូនដំណឹងថ្ងៃប្រកាសសាលក្រមសំណុំរឿងញុះញង់លើប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ នៅពេលក្រោយ ខណៈដែលមេធាវី និងមន្ត្រីសង្គមស៊ីវិលថាភស្តុតាងដែលចោទប្រកាន់លោក កើត សារ៉ាយ មានវិមតិសង្ស័យ ឬមិនមានភស្តុតាងរឹងមាំនោះទេ ។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៩ ខែតុលា បានបើកសវនាការជំនុំជម្រះលើ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ លើសំណុំរឿង «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
ចៅក្រមជំនុំជម្រះ លោក សាន ប៊ុនធឿន សាកសួរលោក កើត សារ៉ាយ ដែលមានវត្តមាននៅក្នុងអង្គជំនុំជម្រះ អំពីមូលហេតុលោកបាន ចុះទៅជួបប្រជាពលរដ្ឋនៅឃុំស្រយ៉ង់ ដែលកំពុងលាក់ខ្លួនពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចខេត្តព្រះវិហារ កាលពីអំឡុងខែមិនាកន្លងទៅ និងការលើកឡើងកើត សារ៉ាយ របស់លោកនៅតាមបណ្ដាញសារព័ត៌មាន។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានលើកឡើងថា លោក កើត សារ៉ាយ មិនមែនជាអ្នកជំនាញច្បាប់ និងមិនដែលមានប្រវត្តិដោះស្រាយបញ្ហាដីធ្លីនាពេលកន្លងមកទេ ដែលជាហេតុធ្វើឱ្យការបញ្ចេញមតិរបស់ លោក កើត សារ៉ាយ លើវិវាទដីធ្លីទាំងនេះមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់។ លោក សេង ហៀង ថា លោក កើត សារ៉ាយ មិនដែលលើកឡើងថាពលរដ្ឋបានទៅរស់នៅលើដីរបស់ក្រុមហ៊ុនខុសច្បាប់នោះទេ ផ្ទុយទៅវិញ លោក កើត សារ៉ាយ បានប្រើប្រាស់ពាក្យញុះញង់ឱ្យពលរដ្ឋខឹងសម្បារនឹងរដ្ឋាភិបាល។
តុលាការបានចាក់វីដេអូភស្តុតាងដែល លោក កើត សារ៉ាយ បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២១ ខែមិនា កន្លងទៅ។ លោក សេង ហៀង ថាការផ្ដល់បទសម្ភាសន៍របស់លោក កើត សារ៉ាយ បានប្រើប្រាស់ពាក្យមួយចំនួនដែលមានលក្ខណញុះញង់ផ្ទុយពីការពិតដូចជាការប្រើប្រាស់ពាក្យអាជ្ញាធរដុតផ្ទះពលរដ្ឋ សម័យសន្តិភាព និងពលរដ្ឋរត់ភៀសខ្លួនជាដើម ព្រោះថាជាក់ស្ដែងអាជ្ញាធរមានសិទ្ធិការពារផលប្រយោជន៍ក្រុមហ៊ុនដែលទទួលបានដីពីរដ្ឋាភិបាល។
ទោះជាយ៉ាងណា លោក កើត សារ៉ាយ បានលើកឡើងថាការដែលរូបលោក និងក្រុមការងារបានចុះទៅទីតាំង ដែលពលរដ្ឋបានភៀសខ្លួនទៅរស់នៅក្នុងព្រៃ គឺដើម្បីពិនិត្យមើលពីស្ថានភាពទុក្ខលំបាកជាក់ស្ដែងរបស់ពលរដ្ឋដើម្បីជាការស្រាវជ្រាវ និងយកបញ្ហានេះស្នើទៅកាន់រដ្ឋាភិបាលឱ្យដោះស្រាយជូនពលរដ្ឋប៉ុណ្ណោះ។
លោក កើត សារ៉ាយ ថា លោកហ៊ានទទួលខុសត្រូវនូវអ្វីដែលលោកបានលើកឡើងនៅបណ្ដាញសង្គម និងសារព័ត៌មាននោះ ព្រោះថាករណីទាំងនោះកើតឡើងពិតប្រាកដមែន។ លោក កើត សារ៉ាយ ស្នើសុំចៅក្រមអង្គុយចុះជាច្រើនដងដោយសារលោកឈឺចង្កេះ។
សហមេធាវីការពារក្ដី លោក កើត សារ៉ាយ គឺលោកលី សុចិត្រា ថា ការចោទប្រកាន់របស់តំណាងអយ្យការមានលក្ខណៈទូលាយ និងខុសពីអង្គហេតុជាក់ស្ដែង។ លោក លី សុចិត្រា ថា កូនក្ដីរបស់លោកបានអនុវត្តទៅតាមលក្ខន្តិកៈរបស់សង្គមស៊ីវិលដែលមានចែង ហើយកូនក្ដីរបស់លោកមិនបានទទួលផលចំណេញពីវិវាទដីធ្លីនោះទេ។ លោក លី សុចិត្រា ថាគ្មានបទល្មើសណាមួយកើតឡើងក្រោយការលើកឡើងរបស់កូនក្ដីលោកនោះទេ ប៉ុន្តែផ្ទុយទៅវិញពលរដ្ឋដែលបានជាប់ពន្ធនាគារត្រូវបានដោះលែងឱ្យមានសេរីភាព។
ចៅក្រមជំនុំជម្រះ លោក សាន ប៊ុនធឿន ថា តុលាការនឹងជូនដំណឹងថ្ងៃប្រកាសសាលក្រមនៅពេលក្រោយ។
ចូលរួមឃ្លាំមើលសវនាការនេះ រួមមាន មន្ត្រីនៃអង្គការសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) និងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាក៏បានចូលរួមឃ្លាំមើលសវនាការលើករណីនេះ។
ក្រោយចេញពីសវនាការ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាភស្តុតាងដែលបានចោទប្រកាន់ទៅលើលោក កើត សារ៉ាយ មិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ដើម្បីផ្ដន្ទាទោសទៅលើ លោក កើត សារ៉ាយ បាននៅឡើយទេ។ លោកថាសកម្មភាពរបស់ លោក កើត សារ៉ាយ គឺបានចូលរួមចំណែកជាមួយរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋឱ្យមានភាពប្រសើរឡើងប៉ុណ្ណោះ។
លោក អំ សំអាត៖«អ៊ីចឹងទាក់ទងនឹងបញ្ហាការអនុវត្តសកម្មភាពរបស់លោក កើត សារ៉ាយ ដែលស្របទៅហ្នឹងដែលស្របទៅហ្នឹងលក្ខន្តិករបស់សមាគមនេះវាមិនមែនជាសកម្មភាពខុសច្បាប់ទេ ហើយការដែលចូលរួមផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន ការបង្ហោះនៅលើវេបផ្សាយរបស់សមាគមផ្ទាល់ ឬខ្លួនរបស់លោក កើត សារ៉ាយ ក៏មិនមែនជាបទល្មើសដែរ នូវដែលស្ថានភាពជាក់ស្ដែងដែលលោក សារ៉ាយ បានចុះទៅឃើញ និងជួបមិនមែនជាសកម្មភាពខុសច្បាប់ និងជាបទល្មើសទេ»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចាប់ខ្លួនចាប់តាំងដើមខែមេសា។ ក្រៅពីនេះ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួន កាលដើមកក្កដា ក្រោយតុលាការក្រុងភ្នំពេញបានកាត់ទោសឱ្យជាប់ពន្ធនាគារ៨ ឆ្នាំ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។ ក្រោយមក កាលពីថ្ងៃទី ១៨ ខែសីហា យុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន ៥នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ហើយទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរក៏ត្រូវបានបិទផងដែរ។ ទោះជាយ៉ាងណា អង្គការជាតិ និងអន្តរជាតិបានថ្កោលទោសជាបន្តបន្ទាប់ទៅលើការបង្ក្រាបសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរនេះថាជាផែនការរបស់ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្នុងការបំបិទសំឡេងរិះគន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។