មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លើកឡើងថា របបឯកបក្សមិនប្រើច្បាប់ ដើម្បីបិទប្រទេសជាបណ្ដោះអាសន្នឡើយ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ស្វាគមន៍មេបក្សប្រឆាំងវិលចូលស្រុកវិញទៀតផង។ នៅទន្ទឹមនឹងអ្នកនាំពាក្យក្រសួងយុត្តិធម៌ អញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញនេះ មន្ត្រីរូបនេះ ក៏ព្រមានពីការចាប់ខ្លួនដែរ។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌អះអាងថា មន្រ្តីគណបក្សប្រឆាំងអាចវិលចូលស្រុកវិញបាន ពុំមានឧបសគ្គដោយការបិទប្រទេសនោះទេ។
លោក ជិន ម៉ាលីន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មីនាថា រដ្ឋាភិបាលមិនការបិទប្រទេសទេ និងសូមអញ្ជើញអ្នកក្លាហានចូលស្រុក។ លោក ជិន ម៉ាលីន បន្តថា អ្នកណាចង់ចូលក៏ចូលមក បើមិនចូលទេក៏ហីទៅ ព្រោះពេលចេញ អត់មានអ្នកណាបណ្ដេញចេញទេ គឺរត់ចេញដោយខ្លួនឯង។
ទោះបីជាលោក ជិន ម៉ាលីន អះអាងថា របបឯកបក្សមិនអនុវត្តច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្នក្ដី ប៉ុន្តែលោកបានព្រមានថា អ្នកដែលជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ត្រូវទទួលខុសត្រូវ ចំពោះមុខតាមផ្លូវច្បាប់។ រីឯអ្នកមិនពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល។
ការលើកឡើងរបស់លោក ជិន ម៉ាលីន នេះ នៅបន្ទាប់ពីក្រុមអ្នកវិភាគលើកឡើងថា ការណ៍ដែលលោកហ៊ុន សែន ប្រកាសថា លោកបានត្រៀមព្រះរាជក្រឹត្យ ថ្វាយព្រះមហាក្សត្រ និងលិខិតដាក់ជូនប្រធានសភា ព្រឹទ្ធសភា ដើម្បីដាក់ប្រទេសនៅក្នុងភាពអាសន្ននោះ ទំនងជាលោកចង់ទប់ស្កាត់ផែនការវិលត្រឡប់របស់គណបក្សប្រឆាំង ចង់ទប់ស្កាត់ចលនាសង្គមនានា ដែលប្រមូលផ្ដុំគ្នាទាមទារយុត្តិធម៌សង្គម ឬចលនាគាំទ្រផែនការវិលចូលស្រុកវិញរបស់មេដឹកនាំគណបក្សប្រឆាំង។
ក្រៅពីនេះទៀត អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារី លើកឡើងថា បើសិនជារដ្ឋាភិបាលប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នមែននោះ គឺនឹងអាចមានហេតុផលនយោបាយអ្វីមួយផ្សេងទៀតកើតឡើងនៅពេលខាងមុខ ក៏ថាបាន៖ «
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា លោកមិនចង់ដាក់ប្រទេសនៅក្នុងភាពអាសន្នទេ ពីព្រោះវានឹងបំផ្លាញសេដ្ឋកិច្ចជាតិ។
លោក ជិន ម៉ាលីន បន្ថែមថា គម្រោងនៃការញុះញង់ប្រមូលផ្ដុំសកម្មជន និងអ្នកគាំទ្រខ្លួនឱ្យមកជួបជុំគ្នាចាំទទួល និងការពារក្រុមខ្លួនតតាំងជាមួយសមត្ថកិច្ច គឺជាផែនការខុសច្បាប់ និងបំពានលើវិធានការសុខភាពសាធារណៈរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍។ លោកបន្ថែមថា អ្នកដែលចូលរួមអនុវត្ត និងគាំទ្រផែនការខុសច្បាប់នេះ នឹងអាចប្រឈមមុខ និងទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយបាន។
ទោះជាលោក ជិន ម៉ាលីន ព្រមានចាត់វិធានការបែបនេះក្ដី ក៏ក្រុមសកម្មជន និងមេដឹកនាំគណបក្សប្រឆាំង នៅតែប្ដេជ្ញាចិត្តវិលស្រុកវិញដដែល ដោយយកគុកធ្វើជាផ្ទះ បើសិនជាសមត្ថកិច្ចរបបលោក ហ៊ុន សែន ចាប់ខ្លួនពួកគេមែននោះ។ អនុប្រធានគណបក្សសង្គ្រោះជាតិលើកឡើងថា នេះជាជម្រើសចុងក្រោយ ហើយដែលប្រើលិខិតឆ្លងដែនសញ្ជាតិអាមេរិកចូលទឹកដីកំណើតរបស់ខ្លួន។ អ្នកស្រីបន្តថា ទោះជាគ្មានជំនឿលើប្រព័ន្ធតុលាការក្នុងការទៅតតាំងក្ដី ក៏អ្នកស្រីនៅតែរក្សាផែនការវិលទៅកម្ពុជាវិញដដែល៖ «
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ នឹងដឹកនាំមេដឹកនាំគណបក្សសង្រ្គោះជាតិ និងសកម្មជនវិលទៅកម្ពុជាវិញនៅថ្ងៃទី៤មករាឆ្នាំ២០២១ខាងមុខ ដើម្បីទៅចូលរួមសវនាការជំនុំជម្រះក្ដី ទៅតាមដីកាកោះហៅរបស់តុលាការពីបទ រួមគំនិតក្បត់ និងញុះញង់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។