មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត ហាម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ មិន​ឲ្យ​ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក នុត ពេជ មួយ​ខែ​

0:00 / 0:00

0:00 / 0:00

គ្រួសារ​របស់​សមាជិក​បក្ស​ប្រឆាំង​នៅ​ស្រុក​ឈូក ប្រាប់​ថា មន្ត្រី​ពន្ធនាគារ​ រារាំង​ច្រើន​ដង​ឲ្យ​ពួកគេ​ចូល​ជួប លោក នុត ពេជ ដែល​កំពុង​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពត​ទេ ដោយ​តម្រូវ​ឲ្យ​រង់​ចាំ​មួយ​ខែ​ក្រោយ ទើប​អាច​ចូល​ជួប​បាន។ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត ប្រាប់​ថា ខាង​ពន្ធនាគារ​មិន​អនុញ្ញាត​​ឲ្យ​គ្រួសារ​ចូល​ជួប ដោយ​សារ​គាត់​ទើប​ជាប់​ពន្ធនាគារ​ថ្មី​ថ្មោង។ សង្គម​ស៊ីវិល​ សង្ស័យ​មាន​ករណី​ពុក​រលួយ ឬ​ភាព​មិន​ប្រក្រតី​នៅ​ពី​ក្រោយ ទើប​ខាង​ពន្ធនាគារ​ខេត្ត​កំពត ធ្វើ​ល្មើស​ច្បាប់​បែប​នេះ។

មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត ប្រាប់​ប្រពន្ធ និង​កូន​ប្រុស​របស់​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក លោក នុត​ ពេជ អាច​ផ្ញើ​លុយ និង​ខោអាវ សម្រាប់​លោក ​នុត ពេជ តាម​ឆ្មាំ​ពន្ធនាគារ​បាន​តែ​ មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ ក្នុង​ពន្ធនាគារ​ខេត្ត​ឡើង ដោយ​ត្រូវ​រង់ចាំ​មួយ​ខែ​ក្រោយ ទើប​អាច​ចូល​ជួប​បាន។

កូន​ប្រុស​លោក នុត ពេជ គឺ​លោក សន់ ធានី ប្រាប់​ថា លោក​មិន​ដឹង​សុខ​ទុក​ថា ជំងឺ​ជរា​របស់​ឪពុក​រើ​ក្នុង​ពន្ធនាគារ​ឬ​អត់​ទេ ព្រោះ​ឆ្មាំ​ពន្ធនាគារ​ បាន​ហាម​ដាច់​ខាត​មិន​ឲ្យ​គ្រួសារ​ចូល​ជួប ១ខែ។ លោក បន្ត​ថា ខាង​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ផ្ញើ​ខោអាវ​​នៅ​ផ្ទះ​របស់​លោក នុត ពេជ ទេ គឺ​តម្រូវ​ឲ្យ​ទិញ​សំលៀក​បំពាក់​ឈុត​អ្នក​ជាប់​ពន្ធនាគារ ដែល​ដាក់​លក់​នៅ​ក្នុង​ពន្ធនាគារ។ សំលៀក​បំពាក់​​នោះ មួយ​កំប្លេ​ មាន​អាវ​មួយ​ ខោ​មួយ តម្លៃ ៥ម៉ឺន​ (៥០.០០០)​រៀល។ លោក សន់ ធានី ថា បាន​ទិញ​ចំនួន ២កំប្លេ​ផ្ញើ​ឲ្យ លោក នុត ពេជ និង​ផ្ញើ​លុយ​ខ្លះ ទុក​ឲ្យ​ លោក នុត ពេជ ទិញ​អាហារ​ពេល​ព្រឹក​ហូប។ ដោយ​ឡែក​ លោក មិន​ទាន់​បាន​ផ្ញើ​ស្បែក​ជើង ឲ្យ​ឪពុក​ទេ​ ដោយសារ​ វីវក់​ពេក​ ភ្លេច​យក​ស្បែក​ជើង ឲ្យ លោក នុត ពេជ។ លោក នឹង​ឡើង​ទៅ​ពន្ធនាគារ​ខេត្ត​កំពត​ម្ដង​ទៀត ដើម្បី​យក​ស្បែក​ជើង ផ្ញើ​ឲ្យ លោក នុត ពេជ៖ « មិន​ទាន់​បាន​ចូល​ជួប​ទេ ថ្មីថ្មោង​អ៊ីចឹង (​ ប៉ូលិស​​ប្រាប់​ថា ) មិន​បាច់​ចូល​ទេ គេ​មិន​ឲ្យ​ជួប​ទេ។ ចង់​សំណូម​ពរ​ឲ្យ​តុលាការ​ ឬ​ខាង​អ្វី​ហ្នឹង ជួយ​គាត់ ដោះ​លែង​គាត់ ព្រោះ​គាត់​គ្មាន​កំហុស​អ្វី​ទេ។ ដោះលែង​គាត់​មក​វិញ​មក ព្រោះ​គាត់​ចាស់ទុំ​ហើយ មាន​បញ្ហា​សុខភាព​ផង។ បើ​កាល​ណា​នៅ ( ឃុំ​ខ្លួន ) នៅ​យូរ​អ៊ីចឹង វា​ប៉ះពាល់​ដល់​សុខភាព​ផង »

លោក នុត ពេជ អាយុ ៦៤ឆ្នាំ គឺ​ជា​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ឈូក និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​ឈូក។ លោក បាន​ផ្អាក​សកម្មភាព​នយោបាយ ទៅ​ប្រកប​របរ​ធ្វើ​ស្រែ ​ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បង្ខំ​ឲ្យ​សមាជិក​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​ចុះ​ចូល។

សមត្ថកិច្ច​ខេត្ត​កំពត បាន​ចុះទៅ​ឡោមព័ទ្ធ​ ចាប់​ខ្លួន លោក នុត ពេជ ពី​ក្នុង​វាល​ស្រែ ពេល​លោក​កំពុង​ស្ទូងស្រូវ និង​លើក​ភ្លឺ​ស្រែ នៅ​ថ្ងៃ​ទី១៧ សីហា។ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត ដែល​ចេញ​ដីកា​ចោទ​ប្រកាន់​ដំបូង គឺ​ លោក អ៊ី ឃាង បាន​ចោទ​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ ប្រព្រឹត្តទៅ​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា នៅ​ភូមិ​ព្រៃ​សំណាង​លើ ឃុំ​ខ្ជាយខាងជើង ស្រុក​ដងទង់។ លោក នុត​ ពេជ គឺ​ជា​ជន​ទី១៥ ដែល​របប​ក្រុង​ភ្នំពេញ​ បង្ក្រាប​ក្នុង​យុទ្ធនាការ​ប្រមូល​ផ្ដុំ​គ្នា​ គាំទ្រ​សារ​នយោបាយ​ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ឆ្នាំ២០១៩ នេះ។

លោក ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះដៃ ​បណ្ដើរ​ចេញ​ពី​វាល​ស្រែ​ ដោយ​គ្មាន​ឱ្យ​ពាក់​ស្បែក​ជើង តាំង​ពី​​ស្រែ រហូត​ដល់​ក្នុង​ពន្ធនាគារ​ខេត្ត និង​ដំណាក់​កាល​សាកសួរ​នៅ​សាលា​ដំបូង​ខេត្ត​កំពត។ ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត លោក ឡុង កេសភិរម្យ ជា​អ្នក​សាកសួរ​ លោក នុត ពេជ ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា។ ក្រោយ​ការ​សាកសួរ​ច្រើន​ម៉ោង ប្រធាន​តុលាការ​ខេត្ត​កំពត​រូប​នេះ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​​ឡោម​ព័ន្ធ ឆែកឆេរ​ផ្ទះ​ លោក នុត ពេជ រក​ភស្តុតាង​បន្ថែម និង​ទូរស័ព្ទ​ដៃ​របស់​ លោក នុត ពេជ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរ៉េត ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៩ សីហា​ថា លោក នុត ពេជ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ចោទ​ប្រកាន់​ហើយ ចំនួន​ច្រើន​បទ​ល្មើស៖ « រឿង​ហ្នឹង​វា សមត្ថកិច្ច​នៅ​លើ​ចៅក្រម​ស៊ើបសួរ​ ហើយ​សម្រេច​ឃុំ​ខ្លួន​ហើយ។ ខ្ញុំ​ដឹង​តែ​ប៉ិន​ហ្នឹង​ទេ។ បទ​ចោទ ដូច​ពីរ បី​បទ​ចោទ។ ខ្ញុំ​អត់​ចាំ​ផង »

ចំណែក​ករណី​ការ​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​គ្រួសារ​ចូល​ជួប លោក នុត ពេជ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពត អ្នក​នាំ​ពាក្យ​តុលាការ​ប្រាប់​ថា ជា​សិទ្ធិ​ខាង​ពន្ធនាគារ។ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត លោក អែម បូរ ប្រាប់​អាស៊ី​សេរី​ថា ខាង​ពន្ធនាគារ​ហាម​មិន​ឲ្យ​គ្រួសារ​ចូល​ជួប​លោក នុត ពេជ ដោយសារ​មូលហេតុ លោក​ នុត ពេជ ទើប​ជាប់​ថ្មីថ្មោង៖ « បាទ ! វា​ទើប​ជាប់ ចូល​ថ្មី មិន​ទាន់ ខ្ញុំ​ជាប់​រវល់​ប្រជុំ​បាទ

ប៉ុន្តែ​នាយក​រង​អង្គការ លីកាដូ ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក អំ សំអាត ប្រាប់​ថា គ្មាន​ច្បាប់​ណា​មួយ ហាម​ឃាត់​គ្រួសារ​ មិន​ឲ្យ​ចូល​ជួប​ជន​ជាប់​ចោទ​ ក្នុង​ពន្ធនាគារ​ទេ។ លោក​ថា ខាង​ពន្ធនាគារ​មាន​សិទ្ធិ​កំណត់​ថ្ងៃ​ ជាក់​លាក់​ឲ្យ​គ្រួសារ​ជន​ជាប់​ចោទ​ ចូល​សួរ​សុខ​ទុក្ខ តែ​មិន​អាច​កំណត់​ថា អ្នក​ជាប់​ឃុំ​ថ្មី ត្រូវ​រង់​ចាំ​ទាល់​តែ​មួយ​ខែ​ ទើប​ឲ្យ​ចូល​ជួប​ទេ។

លោក អំ សំអាត អះអាង​ថា ជន​ជាប់​ចោទ​គ្រប់​រូប ត្រូវ​បាន​ដក​តែ​សិទ្ធិ​សេរីភាព ដើរ​ហើរ​ប៉ុណ្ណោះ ឯ​សិទ្ធិ​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា គឺ​មាន​ដូច​ពលរដ្ឋ​ទូទៅ។ លោក​ មិន​ដឹង​ថា មូលហេតុ​អ្វី​បាន​ជា​ខាង​ពន្ធនាគារ​ខេត្ត​កំពត រើស​អើង​សកម្មជន​បក្ស​ប្រឆាំង លោក នុត ពេជ បែប​នេះ​ទេ។ តែ​លោក​ថា ការ​ហាម​ឃាត់​គ្រួសារ​មិន​ឲ្យ​ចូល​ជួប​១​ខែ ជា​ការ​រំលោភ​សិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ៖ « អ៊ីចឹង​អា​ការ​ធ្វើ​នេះ យើង​អត់​ដឹង​ពី​មូលហេតុ​ខាង​ពន្ធនាគារ ថា​តើ​មាន​មូលហេតុ​អ្វី ឬ​មួយ​ក៏​រឿង​ទាំងអស់​នេះ ​ដោយសារ​តែ​គាត់​គឺ​​ជា​សកម្មជន​គណបក្ស​ប្រឆាំង ហើយ​ដែល​គេ​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ ជា​ទូទៅ ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ ​ហ្នឹង​ណា។ បើ​ខ្ញុំ​ចាប់​អារម្មណ៍​ ចាប់​អារម្មណ៍​ទៅ​លើ​រឿង​អ៊ីចឹង​ទេ ហើយ​រឿង​អ៊ីចឹង កាល​ណា​យើង​ថា មួយ​ខែ​ក្រោយ​ បាន​អនុញ្ញាត​ឲ្យ​ជួប ឲ្យ​អ្វី អា​ហ្នឹង​វា​ប៉ះពាល់​ រំលោភ​ទៅ​លើ​សិទ្ធិ​ ទំនាក់​ទំនង​សួរ​សុខ​ទុក្ខ​ពី​ក្រុម​គ្រួសារ​ពួកគាត់ »

កូន​ប្រុស​ លោក នុត ពេជ លោក សន់ ធានី មិន​ដឹង​ថា ខាង​ពន្ធនាគារ​ខេត្ត​កំពត រើស​អើង​តែ​​គ្រួសារ​លោក ជា​សកម្មជន​បក្ស​ប្រឆាំង ឬ​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​ទូទៅ​ទេ។ ប៉ុន្តែ ​អ្នក​ធ្លាប់​ចូល​សួរ​សុខ​ទុក​ ជន​ជាប់​ឃុំ​ ក្នុង​ពន្ធនាគារ​ខេត្ត​កំពត ប្រាប់​ថា ឆ្មាំ​ពន្ធនាគារ​ខេត្ត​កំពត​ ធ្វើ​បែប​នេះ ​ទូទៅ​គ្រប់​សាច់​ញាតិ​ជន​ជាប់​ឃុំ​ទាំង​អស់ គឺ​ហាម​សាច់​ញាតិ​អ្នក​ជាប់​ថ្មីថ្មោង ១ខែ​ក្រោយ ទើប​ឲ្យ​ចូល​ជួប។

ពាក់ព័ន្ធ​នឹង​ករណី​ឆ្មាំ​ពន្ធនាគារ​ខេត្ត​កំពត ហាម​មិន​ឲ្យ​សាច់​ញាតិ​ ចូល​ជួប ​ជន​ជាប់​ឃុំ​ មួយ​ខែ​ដំបូង ដោយសារ​ទើប​ជាប់​ថ្មីថ្មោង​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា បាន​ទេ នៅ​ថ្ងៃ​ទី១៩ សីហា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

លោក សន់ ធានី ព្រួយ​បារម្ភ​ថា សុខភាព លោក នុត ពេជ មិន​អាច​ទ្រាំទ្រ​នៅ​ក្នុង​ពន្ធនាគារ​យូរ​ទេ ព្រោះ​លោក មាន​វ័យ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ។ លោក​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កំពត ដោះ​លែង ឪពុក​លោក​ជា​បន្ទាន់​ ព្រោះ​ ឪពុក​លោក គ្មាន​កំហុស​ទេ។ លោក​ថា ​ការ​ចាប់​ខ្លួន​ និង​ឃុំឃាំង​ខ្លួន លោក នុត ពេជ ដោយ​គ្មាន​កំហុស និង​ប្រើ​រូប​ភាព​ទារុណ​កម្ម​បែប​នេះ ធ្វើ​ឲ្យ​គ្រួសារ​លោក​ឈឺ​ចាប់​ត​ជំនាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។