អាជ្ញាធរខេត្តកណ្ដាល នៅតែអះអាងថា យោធាវៀតណាមបានរុះរើតង់ ថយពីតំបន់កៀកព្រំដែន នៅស្រុកកោះធំ និងស្រុកលើកដែក អស់ហើយ។ ប៉ុន្តែក្រុមអ្នកឃ្លាំមើល មិនជឿការអះអាងនេះទេ។ ពួកគេទាមទារឲ្យអាជ្ញាធរ សម្រួលឲ្យអ្នកនយោបាយ យុវជន និងពលរដ្ឋ បានចុះមើលផ្ទាល់ដល់ទីតាំងព្រំដែន ទើបជឿជាក់។
អភិបាលខេត្តកណ្ដាល លោក គង់ សុភ័ណ្ឌ ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៥ ឧសភាថា កងកម្លាំងប៉ូលិស និងយោធាការពារព្រំដែនវរៈ ៦០១ ពិតជាបានថត អំពីសកម្មភាពវៀតណាមរើតង់ចេញអស់មែន។ លោក អះអាងថា កងទ័ពវៀតណាម បានរុះរើនៅចំណុចកៀកព្រំដែនកម្ពុជា តាមការស្នើសុំរបស់អាជ្ញាធរខេត្តកណ្ដាល អស់ហើយ៖ « វរៈ ៦០១ ហ្នឹង គឺគាត់ថតតាំងពីវៀតណាម គាត់រើ គាត់អ្វីៗហ្នឹង តង់គាត់ហ្នឹង ថតយកមកឲ្យយើងឃើញ ជាក់ស្ដែង។ អ៊ីចឹង មកដល់ម៉ោងនេះ ចំណុចដែលកៀកៗ ហ្នឹង គឺគាត់បានរើហើយ ហើយវានៅដែលឆ្ងាយពីកន្លែងយើងទៅ នៅក្នុងតំបន់របស់គាត់នោះទេ»។
លោកអភិបាលខេត្ត ប្រាប់ថា ការរុះរើតង់នោះ គឺធ្វើឡើងភ្លាមៗតាមលិខិតស្នើសុំ ឲ្យរុះរើជាបន្ទាន់របស់ភាគីកម្ពុជា។ លោក គង់ សុភ័ណ្ឌ ឲ្យដឹងថា អាជ្ញាធរវៀតណាម បញ្ជាក់ថា ការបោះតង់កៀកព្រំដែននោះ គ្មានបំណងអាក្រក់ទេ គឺដើម្បីទប់ទល់ជំងឺកូវីដ១៩ (Covid-19) ប៉ុណ្ណោះ។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលព្រំដែន អះអាងថា វៀតណាមមិនទាន់រុះរើតង់ចេញពីតំបន់ព្រំដែនមិនទាន់ឯកភាពគ្នាទេ ខណៈមន្ត្រីក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ត្រឹមថ្ងៃទី២២ ឧសភា ថា រដ្ឋាភិបាលវៀតណាម មិនទាន់ឆ្លើយតបកំណត់ទូត របស់កម្ពុជា ក្នុងការទាមទារឲ្យរុះតង់ចំនួន២៨ នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា នៅស្រុកកោះធំ និងស្រុកលើកដែក នៅឡើយទេ។
ប្រធានគណបក្សឆន្ទៈខ្មែរ និងជាមន្ត្រីប្រឹក្សាផ្ដល់យោបល់ឲ្យរដ្ឋាភិបាល លោក គង់ ម៉ូនីកា បានបរាជ័យ ចុះទៅមើលព្រំដែន នៅតំបន់ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ កាលពីថ្មីៗនេះ។ លោក គង់ ម៉ូនីកា ប្រាប់ថា ទោះបីលោកមានលិខិតបេសកកម្មរដ្ឋបាលក៏ដោយ តែអាជ្ញាធរស្រុកកោះធំ មិនអនុញ្ញាតឲ្យលោក ចូលទៅមើលដល់ព្រំដែន ដែលមានការសង្ស័យថា វៀតណាមបន្តបោះតង់នោះទេ ដោយសំអាងហេតុផលថា សមត្ថកិច្ចមូលដ្ឋាន មិនបានទទួលបញ្ជាពីថ្នាក់លើរបស់ខ្លួន។ ម្យ៉ាងដោយសារ ទីតាំងព្រំដែននៅតំបន់នោះ មិនទាន់ឯកភាពបោះបង្គោលត្រឹមត្រូវ ដូច្នេះខ្លាចយោធាវៀតណាមចាប់ចង ដោយចោទថា ចូលទឹកដីវៀតណាម។
ទោះយ៉ាងណាក្តី លោក គង់ ម៉ូនីកា សោកស្ដាយចំពោះការរារាំងនេះ ដោយសារថា ព្រំដែនកម្ពុជាវៀតណាម នៅតំបន់នោះ ខណ្ឌដោយព្រែកជ្រៃយ៉ាងធំ ដែលលោកមិនអាចឆ្លងបានទេ។ លោក អះអាងថា លោកទទួលព័ត៌មានពីពលរដ្ឋខ្មែរនៅតំបន់នោះថា តង់របស់យោធាវៀតណាម បានដកតង់តែ៣គត់ ក្នុងចំណោម៩តង់ នៅតំបន់ព្រែកស្បូវហើយដកតង់ គឺថយតែ៥ទៅ៦ម៉ែត្រទេ ដោយនៅកៀកព្រំដែនដដែល។
អ្នកនយោបាយរូបនេះ អះអាងថា នឹងរកវិធីបន្ថែមទៀត ចុះទៅអង្កេតនៅព្រំដែនស្រុកកោះធំ និងស្រុកលើកដែក ឲ្យទាល់តែបាន។ លោក អំពាវនាវឲ្យរដ្ឋាភិបាល អាជ្ញាធរព្រំដែន ត្រូវធ្វើការករណីនេះ ប្រកបដោយតម្លាភាព បើកចំហឲ្យពលរដ្ឋបានមើល និងចូលរួមការពារទឹកដីទាំងអស់គ្នា៖ « សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាល នឹងបើកទូលាយឲ្យអ្នកនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ និស្សិតផ្សេងៗ អាចទៅស្វែងយល់ពីបញ្ហាព្រំដែនរបស់ខ្លួន បានដោយមិនមានការរារាំង»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានទេ នៅថ្ងៃទី២៥ ឧសភា ដោយសារទូរស័ព្ទចូលច្រើនដង លោកចុចផ្ដាច់វិញ។
ប៉ុន្តែ លោក បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២២ ឧសភា ថា កម្ពុជា កំពុងរង់ចាំការឆ្លើយតបកំណត់ទូត ពីភាគីវៀតណាម។ កំណត់ទូតនោះ បានផ្ញើទៅរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១៣ ឧសភា ដោយកម្ពុជា ស្នើសុំវៀតណាម ឱ្យរុះរើតង់ និងយោធា ចំនួន ២៨កន្លែង ចេញពីតំបន់កៀកព្រំដែន ដែលមិនទាន់ឯកភាពគ្នា នៅស្រុកកោះធំ និងស្រុកលើកដែក ព្រោះទង្វើនេះ ជាការរំលោភសន្ធិសញ្ញាព្រំដែនគោក នៃប្រទេសទាំង២។ កម្ពុជា ក៏ស្នើសុំវៀតណាម កុំឲ្យមានករណីបោះតង់ ដាក់ទ័ព កៀកព្រំដែនមិនទាន់ឯកភាពគ្នា កើតឡើងនៅថ្ងៃអនាគតដែរ។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ជំរុញឲ្យអាជ្ញាធរខេត្តកណ្ដាលបង្ហាញការពិត បើកចំហឲ្យពលរដ្ឋ បានចូលរួម មើលកន្លែងវៀតណាម រុះរើតង់ចេញពីព្រំដែនមិនទាន់ឯកភាពគ្នា ដើម្បីជាសាក្សី ឲ្យពលរដ្ឋជឿទុកចិត្តទាំងអស់គ្នា។
លោក រ៉ុង ឈុន ក៏ជំរុញឲ្យរដ្ឋាភិបាល គួរត្រូវលើកទឹកចិត្ត និងជួយពលរដ្ឋ ឲ្យបានទៅមើលព្រំដែនផ្ទាល់ ដូចករណីអាជ្ញាធរវៀតណាមនាំកូនសិស្ស ចុះទៅមើលព្រំដែនដែរ។ លោកថា អាជ្ញាធរ មិនគួរលាក់បាំង និងហាមឃាត់ទេ ព្រោះពលរដ្ឋ ជាអ្នកចូលរួមការពារទឹកដី អធិបតេយ្យជាតិ៖ « ខ្ញុំគិតថា រដ្ឋាភិបាលត្រូវតែលុបចោលនូវសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញា ឆ្នាំ៨៥ ( ១៩៨៥ ) ហ្នឹង ហើយបញ្ហាទាំងអស់ហ្នឹង ដាក់ទៅប្រទេសម្ចាស់ហត្ថលេខី ទៅតាម ខ មួយមានចែងនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីបញ្ហាកម្ពុជាហ្នឹង ថា បើសិនជារដ្ឋាភិបាលកម្ពុជាយើងមានអ្វី បញ្ហាអ្វី នឹងប្រទេសជិតខាង មានការរំលោភបំពាន ត្រូវលើកបញ្ហាហ្នឹង ដាក់ជូនទៅប្រទេសម្ចាស់ហត្ថលេខី។ យើងដឹងហើយ រដ្ឋាភិបាលយួន ក៏ជាប្រទេសម្ចាស់ហត្ថលេខី ទីក្រុងប៉ារីសយើងផងដែរ»។
កម្ពុជា និងវៀតណាម ជាប់ព្រំដែនគោក ជាមួយគ្នា ប្រវែង ១.២៧០គីឡូម៉ែត្រ។ រដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពគ្នា បោះបង្គោលព្រំដែន បានប្រមាណ ៨៤ភាគរយ ស្មើនឹង ៣១៤បង្គោលហើយ។ នៅសល់ ១៦ភាគរយទៀត ជាតំបន់មិនទាន់ឯកភាពគ្នា និងកំពុងស្នើសុំការជួយជ្រោមជ្រែងពីរដ្ឋាភិបាលប្រទេសបារាំង ព្រោះបារាំង ធ្លាប់ដាក់អាណានិគមប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។