ប្អូន​ប្រុស​លោក​ កែម ឡី​ លា​ឈប់​ពី​ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ

ប្អូន​ប្រុស​បណ្ឌិត​ កែម ឡី​ គឺ​លោក​កែម​ រិទ្ធិសិត​ បាន​លាលែង​ពី​​ប្រធាន​ គណបក្ស​ខ្មែរ​តែ​មួយ ប៉ុន្តែ​ត្រូវ​បាន​គណបក្ស​ផ្ដល់​តំណែង​ជា​ប្រធាន​កិត្តិយស​វិញ​។​

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ​លោក​ គុជ លី​ ដែល​ទើប​នឹង​តែង​តាំង​ថ្មី​ ប្រាប់​អាស៊ីសេរី​ថា​ ការ​លា​ឈប់​របស់​លោក​ កែម​ រិទ្ធិសិត​ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ទេ។​លោក​បន្ត​ថា​ លោក​​កែម រិទ្ធិសិត​ លា​ឈប់​នេះ​គឺ​ចង់​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ និង​គោរព​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ប្រការ​ ១៦​​ ដែល​អាច​ឈរ​ជា​ប្រធាន​ប្ដូរ​វេន​ បាន​តែ​រយៈ​ពេល​បី​ឆ្នាំ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ កែម រិទ្ធិសិត​ ត្រូវ​គណបក្ស​តែង​តាំង​ជា​ប្រធាន​កិត្តិយស​ ហើយ​រក្សា​តួនាទី​នៅ​ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ដដែល៖«អ្វី​ដែល​ប្លែក​គឺ​យើង​បង្រួបបង្រួម​នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស​របស់​យើង​ ឱ្យ​ចេញ​សាមគ្គី​គ្នា​ នេះ​ជា​ចរន្ត​ទី​មួយ។​ យើង​កុំ​គិត​ទៅ​រឿង​អ្នក​ដ៏ទៃ​​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ផ្ទៃ​ក្នុង​បក្ស​របស់​យើង​ បាន​ល្អ​ប្រសើរ​ហើយ​រីក​ចម្រើន​ទៅ​មុខ​ នេះ​ជា​ដំណាក់​កាល​ទី​១​ ដែល​យើង​ត្រូវ​បង្ហាញ​គោល​ជំហរ​ ដែល​យើង​ត្រូវ​ដឹក​នាំ។​ ការ​ផ្លាស់​ប្ដូរ​ពី​កែម រិទ្ធិសិត​ ហើយ​ គុជ លី​ ឡើង​ទៅ​ វា​អត់​មាន​អី​ប្លែក​ទេ​ ពី​ព្រោះ​ប្រព័ន្ធ​រដ្ឋបាល​នៅ​ក្នុង​គណបក្ស​ខ្ញុំ​គ្រប់​គ្រង​តាំង​ពី​ដើម​ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ស្ថាបនិក​គណបក្ស​ ខ្ញុំ​ជា​អ្នក​ដឹក​នាំ​រដ្ឋបាល​គ្រាន់​តែ​ប្ដូរ​ពី​ការ​សម្រេច​ចិត្ត​មក​ពី​ខ្ញុំ​ផ្ទាល់។»

អាស៊ីសេរី​មិន​អាច​​ទាក់​ទង​លោក​ កែម រិទ្ធិសិត​​ អតីតប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ​ បាន​ទេ​ ដោយ​សារ​លោក​មិន​លើក​ទូរស័ព្ទ។​

តែ​ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​លិខិត​ប្រកាស​លាលែង​ចេញ​ពី​មុខ​ដំណែង​របស់​លោក​​ កែម រិទ្ធិសិត​​ បាន​បញ្ជាក់​ថា ការ​ប្រកាស​លា​ឈប់​របស់​លោក​ នេះ​គឺ​ ដើម្បី​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​គណបក្ស​ ហើយ​លោកមិន​ឈរ​ធ្វើ​ជា​បេក្ខភាព​ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ​នៅ​អាណត្តិ​ទីពីរ​​ទៀត​ទេ។

គណបក្ស​ខ្មែរ​តែ​មួយ​បាន​បង្កើត​ឡើង​ការ​ពី​ឆ្នាំ​២០១៨​ មួយ​ឆ្នាំ​ក្រោយ​ពី​លោក​ បណ្ឌិត​កែម ឡី​​ អ្នក​វិភាគ​បញ្ហា​សង្គម​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​ ២០១៧​ នៅ​ស្ថានីយ​ប្រេង​សាំង​កាល់​តិច​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

​គណបក្ស​ខ្មែរ​តែ​មួយ​​បាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​ ៦​ តែ​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។