សាកសពរបស់លោក កែម ឡី ត្រូវបានក្រុមគ្រួសារ និងពលរដ្ឋដង្ហែទៅដល់វត្តចាស់ ឋិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែកក្កដា។ សាកសពរបស់លោក កែម ឡី នឹងត្រូវក្រុមគ្រួសារតម្កល់រយៈពេល ១០ថ្ងៃ ដើម្បីឲ្យពលរដ្ឋចូលរួមគោរពវិញ្ញាណក្ខន្ធ។
ក្រុមគ្រួសារ និងប្រជាពលរដ្ឋ បានដង្ហែសពរបស់លោក នៅម៉ោងប្រមាណ ២ និង ២០នាទីថ្ងៃដដែលនេះ។ ការដង្ហែសាកសពដោយរថយន្តផ្ទាល់របស់លោក កែម ឡី ប្រភេទ Luxus 300 នេះ ធ្វើឡើងនៅបន្ទាប់ពីក្រុមប្រជាពលរដ្ឋបានបដិសេធនឹងអាជ្ញាធរ មិនឲ្យយករថយន្តពេទ្យដឹកសាកសពលោក កែម ឡី ចេញពីម៉ាតកាល់តិចស្ដុបបូកគោនោះទេ ដោយគេលើកហេតុផលថា រថយន្តពេទ្យនោះមិនស័ក្តិសមដឹកសពលោកបណ្ឌិត កែម ឡី នោះឡើយ។
លោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានឃាតកបាញ់សម្លាប់នៅ Star Mart ស្តុបបូកគោ ក្នុងខណ្ឌចំការមន នៅម៉ោងប្រមាណជិត ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សាក្សីនៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ឃាតកមានបំណងចូលទៅបាញ់លោក កែម ឡី តែម្ដង គឺមិនមានប៉ះទង្គិចគ្នាមុនឡើយ។
ភ្លាមៗក្រោយបាញ់សម្លាប់ សមត្ថកិច្ចចាប់បានជនសង្ស័យជាឃាតកម្នាក់ ដែលបានប្រាប់ថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ ៣៨ឆ្នាំ។
លោក កែម ឡី បានចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ចុងក្រោយ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ជុំវិញប្រធានបទ ថាតើសាច់ញាតិអ្នកដឹកនាំមានសិទ្ធិធ្វើជំនួញឬទេ? ប្រធានបទនេះត្រូវបានរៀបចំឡើងក្រោយពេលដែលអង្គការឃ្លាំមើលពិភពលោក (Global Witness) ចេញរបាយការណ៍របស់ខ្លួនមួយកាលពីថ្ងៃទី៧ ខែកក្កដា ដែលមានចំណងជើងថា "អាណាចក្រសាជីវកម្មនៃគ្រួសារអ្នកកាន់អំណាចនៅកម្ពុជា"។
សូមស្ដាប់អ្នកស្រី សុ ជីវី និងលោក យ៉ង ចាន់តារា មានសេចក្ដីរាយការណ៍ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។