មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលស្និទ្ធនឹងលោក កឹម សុខា គឺលោក សួន សូរីដា អះអាងថា លោក កឹម សុខា កំពុងស្វះស្វែងរកដំណោះស្រាយនយោបាយជាមួយបក្សកាន់អំណាច ហើយលោកប្រកាន់ជំហរកាប់បំពង់រង់ចាំទឹកភ្លៀង។ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិរូបនេះ ប្រដូចអ្នកសុំសិទ្ធិធ្វើនយោបាយថា កំពុងដងទឹកស្អុយដាក់ពាង។ អ្នកវិភាគលើកឡើងថា លោក កឹម សុខា គួរតែបង្ហាញសកម្មភាពឱ្យសកម្មជាងសព្វថ្ងៃ ដូចជា សកម្មភាពមនុស្សធម៌ជាដើម។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដែលស្និទ្ធនឹងលោក កឹម សុខា អះអាងថា លោក កឹម សុខា កំពុងធ្វើសកម្មភាពសម្របសម្រួលនយោបាយ ដែលឈានដល់ការផ្សះផ្សាជាតិ។ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា ដែលកំពុងភៀសខ្លួននៅប្រទេសអូស្ត្រាលីឱ្យដឹងថា ពេលនេះស្ថានទូតប្រទេសសេរីរង់ចាំតែជួយសម្របសម្រួលនយោបាយ ប៉ុន្តែអ្វីដែលសំខាន់ គឺលោក កឹម សុខា ត្រូវប្រឹងប្រែងធ្វើឱ្យភាគីជម្លោះគណបក្សកាន់អំណាចអាចបែរមកអង្គុយជជែកគ្នាឡើងវិញ៖ « យើងបានធ្វើការដែលធ្វើឱ្យភាគីអន្តរជាតិលូកដៃមកអន្តរជាតិមកអន្តរាគមន៍នៅតែភាគីនៃជម្លោះជជែកគ្នាទេតើ។ អ៊ីចឹង ដើម្បីឱ្យភាគីនៃជម្លោះជជែកគ្នា គឺយើងដែលភាគីដែលជម្លោះហ្នឹង ហើយដែលត្រូវស្ថិតក្នុងស្ថានភាពមួយមិនដែលបង្កឱ្យមានផ្ទុះចេញនូវកំហឹង គំនុំសងសឹកកើតឡើង ហើយបើកាលណាយើងបង្កឱ្យមាននូវគំនុំសងសឹកកើតឡើងយុទ្ធសាស្ត្ររបស់យើងបរាជ័យ » ។
លោកថា ពេលនេះលោក កឹម សុខា កំពុងធ្វើសកម្មភាពធំៗ បី គឺកំពុងជួប និងបន្តធ្វើ គឺជួបសវនាការជាមួយអង្គទូតប្រទេសសេរី ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីឱ្យប្រទេសទាំងនោះបំពេញកាតព្វកិច្ចក្នុងនាមជាម្ចាស់ហត្ថលេខី។ ការចុះជួបពលរដ្ឋ បានចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋ។ លោកបន្តថា លោក កឹម សុខា នៅតែស្វែងរកការចរចា និងការជជែកគ្នារវាងភាគីពាក់ព័ន្ធដោយអហិង្សា និងមិនយកខ្មែរជាសត្រូវ។
ដោយឡែក ចំពោះការអ្នកសុំសិទ្ធិធ្វើនយោបាយវិញ លោក សួន សូរីដា យល់ថា អ្នកទាំងនោះដើរផ្ទុយពីឆន្ទៈម្ចាស់ឆ្នោត ដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកបន្តថា អ្នកសុំសិទ្ធិនយោបាយ និងបង្កើតបក្សថ្មី គឺលទ្ធផលចប់ទាំងជីវិតនយោបាយ ចប់ទាំងកេរ្តិ៍ឈ្មោះ ដែលលោកយល់ថា ស្មើនឹង «រត់ចេញទៅដងទឹកស្អុយដាក់ពាង»។
មកដល់ពេលនេះ អ្នកនយោបាយបក្សប្រឆាំងចំនួន ២២នាក់ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ (ស្លាប់ម្នាក់) ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ការរក្សាគោលជំហរលោក កឹម សុខា នូវគោលនយោបាយអហិង្សា ឬមិនសុំសិទ្ធិនយោបាយ ឬទៅបង្កើតបក្សថ្មី ធ្វើឲ្យលោករក្សាបានប្រជាប្រិយភាព ហើយអន្តរជាតិនៅតែបន្តជួបលោក។ ទោះយ៉ាងនេះក្ដី លោក ឯម សុវណ្ណារ៉ា យល់ថា បក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសគួរតែប្រឹងប្រែងពង្រឹងទំនាក់ទំនងអន្តរជាតិថែមទៀត ដើម្បីឱ្យមានលទ្ធផលនៃដំណោះស្រាយនយោបាយ៖ « ទាមទារឱ្យមានតម្លៃ និងកម្លាំងនយោបាយ ហើយបើសិនអ្នកនយោបាយអត់កម្រើកអ៊ីចឹង ធ្វើបានមានកម្លាំងនយោបាយដែលចរចា ឬទាមទារ ឬក៏រកខុសត្រូវខ្លួនឯង សម្រាប់បក្សខ្លួនឯង រហូតមកដល់ថ្ងៃនេះ អត់ទាន់មានលទ្ធផលខ្លួនឯងរកយុត្តិធម៌មានឯណា » ។
ដោយឡែក អ្នកវិភាគនយោបាយម្នាក់ទៀតកំពុងភៀសខ្លួននៅក្រៅប្រទេស លោក គឹម សុខ យល់ថា ការប្រកាន់ទស្សនៈកាប់បំពង់រង់ចាំទឹកភ្លៀងអាចនឹងធ្វើឱ្យគណបក្សកាន់អំណាចនៅតែបន្តឈ្នះឆ្នោតដឹកនាំប្រទេសបានតទៅទៀត។ លោកបន្តថា ចរិតរបស់គណបក្សប្រជាជនកម្ពុជា គឺតាមរំលាយបក្សប្រឆាំងពីថ្នាក់កំពូលដល់ថ្នាក់មូលដ្ឋាន៖ « គណបក្សប្រជាជនកម្ពុជា ជាពិសេស ក្រុមគ្រួសារលោក ហ៊ុន សែន នឹងស៊ីច្រើនអាណត្តិទៅទៀត ពីព្រោះនយោបាយកាប់បំពង់រង់ចាំទឹកភ្លៀងនៅប្រទេសកម្ពុជា គឺមិនជួបភ្លៀងទេ ប៉ុន្តែទីបំផុតគឺជួបព្យុះទៅវិញ ព្យុះនៃការគំរាមកំហែងធ្ងន់ធ្ងរ ព្យុះនៃការរំលាយគណបក្សប្រឆាំង ព្យុះនៃការធ្វើទុក្ខបុកម្នេញតាំងពីបណ្ដាញថ្នាក់លើដល់ជើងក្រោមមូលដ្ឋាន ព្យុះនៃការគំរាមកំហែងសព្វបែបយ៉ាងទាំងអស់ ដែលអ្នកប្រជាធិបតេយ្យងើបមិនរួចទេ » ។
ឆ្លើយតបនឹងទស្សនៈក្រុមអ្នកវិភាគនេះ លោក សួន សូរីដា ថា ពេលនេះអ្វីដែលលោក កឹម សុខា ធ្វើ មិនអាចបំពេញតាមចិត្តអ្នកចង់បានទេ ប៉ុន្តែគឺជាការធ្វើតាមលទ្ធភាព និងប្រើប្រាស់ការសន្ទនា ដើម្បីឱ្យមានដំណោះស្រាយនយោបាយ៖ « ការជជែកគ្នាការចរចាគ្នាទៅបានលុះត្រាតែមនោសញ្ចេតនានៃភាគីទាំងសងខាងទោទន់ទៅរកគ្នា អត់មានកំហឹងនឹងគ្នា។ បើសិនយើងធ្វើសកម្មភាពទាំងឡាយណា យើងប្រើពាក្យសម្ដីទាំងឡាយណា ដែលបង្កឱ្យចរិតញុះញង់ សងសឹករវាងខ្មែរ និងខ្មែរ តើការចរចា ការជជែកគ្នាអាចឈានទៅបានទេ ? អត់ទេ » ។
ទោះយ៉ាងណាក្ដី លោក សួន សូរីដា ថ្លែងថាមកដល់ពេលនេះ មិនទាន់មានការជជែកគ្នាណាមួយរវាងលោក កឹម សុខា និងលោក ហ៊ុន សែន នៅឡើយទេ។ លោកថា ចាប់តាំងពីមានវិបត្តិនយោបាយ លោក កឹម សុខា បានជួបអង្គុយជជែកផ្ទាល់ជាមួយលោក ហ៊ុន សែន ម្ដងគត់ កាលពីខែឧសភា ឆ្នាំ២០២០ គឺក្នុងពិធីបុណ្យសពម្ដាយក្មេកលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។