លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានចូលជួបឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) នៅស្ថានទូតបារាំង កាលពីរសៀលថ្ងៃទី២២ ធ្នូ។
លោក កឹម សុខា ឱ្យដឹងតាមហ្វេសប៊ុកនៅថ្ងៃទី២៣ ធ្នូ ថា ក្នុងជំនួបនោះលោកបានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មាន និងទស្សនៈលើវិស័យនានា ព្រមទាំងស្ថានភាពទូទៅនៅកម្ពុជាក្នុងឆ្នាំ២០២០ និងស្ថានភាពសម្រាប់ឆ្នាំ២០២១ ខាងមុខ។ លោកអះអាងទៀតថា លោក និងឯកអគ្គរដ្ឋទូតបារាំងមានទស្សនៈដូចគ្នា គឺចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងបារាំងឈរលើគុណតម្លៃ និងផលប្រយោជន៍របស់ពលរដ្ឋប្រទេសទាំងពីរ ហើយជាពិសេសផ្ដោតលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
មេបក្សប្រឆាំងលោក កឹម សុខា បានជួបសន្ទនាជាមួយមន្ត្រីទូតប្រទេសប្រជាធិបតេយ្យជាញឹកញាប់ តាំងពីលោកទទួលបានសេរីភាពដើរហើរនៅក្នុងប្រទេស កាលពីចុងឆ្នាំ២០១៩។ ពេលខ្លះមន្ត្រីទូតបរទេសទាំងនោះ ទៅជួបលោក កឹម សុខា ដល់ផ្ទះ ហើយពេលខ្លះទៀត មេបក្សប្រឆាំងរូបនេះត្រូវបានអញ្ជើញឱ្យទៅជួបនៅស្ថានទូត ឬកន្លែងស្នាក់នៅរបស់អង្គទូតបរទេសទាំងនោះទៀតផង។
ក្រុមប្រទេសប្រជាធិបតេយ្យនៅតែទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេទទូចដល់របបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងផ្ដល់សេរីភាពពេញលេញដល់លោក កឹម សុខា វិញ ដើម្បីឱ្យលោកបន្តជីវិតនយោបាយក្នុងនាមជាមេដឹកនាំបក្សប្រឆាំងធំជាងគេនៅកម្ពុជា។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទ“សន្ទិដ្ឋិភាព” ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ គិតត្រឹមចុងខែធ្នូនេះ តុលាការមិនទាន់កំណត់ពេលជំនុំជម្រះរឿងក្តីលោក កឹម សុខា ឡើងវិញនៅឡើយទេ ទោះជាមានសំណើជាលាយលក្ខណ៍អក្សរពីមេធាវីរបស់លោកយ៉ាងណាក្តី។ សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលធ្លាប់ចេញផ្សាយដោយស្រង់សម្ដី របស់លោក ហ៊ុន សែន ថា សំណុំរឿងនេះអាចត្រូវពន្យាររហូតដល់ឆ្នាំ២០២៤ ពោលគឺនៅក្រោយការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។