មន្រ្តីជំនិតលោក កឹម សុខា ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​ស្វះស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច

0:00 / 0:00

មន្រ្តី​ជំនិត​របស់​លោក កឹម សុខា ថា មេបក្សប្រឆាំងរូបនេះនៅតែស្វះស្វែងរកដំណោះស្រាយនយោបាយជាមួយបក្សកាន់អំណាច ខណៈ​លោក​កំពុង​បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ។ មន្ត្រីដដែលថា លោក កឹម សុខា ជួប​អង្គទូត​បរទេសនិង​ចុះ​មូលដ្ឋាន​ជួប​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ គឺដើម្បីប្រមូលធាតុចូល ឈាន​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ។ អ្នកវិភាគថា អ្នកនយោបាយបក្សប្រឆាំងគួរធ្វើយ៉ាងណា ឱ្យ​មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២និង​ឆ្នាំ២០២៣។

មន្រ្តីគណបក្ស​សង្គ្រោះជាតិ​ដែលស្និទ្ធិនឹង លោក កឹម សុខា គឺលោក មាជ សុវណ្ណារ៉ា អះអាងថា ទោះលោក កឹម សុខា មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​ពេល​តុលាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នេះ​ក៏​ដោយ ក៏​ការ​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន និង​ការ​ចែក​អំណោយ​ដល់​ពលរដ្ឋ រួម​ទាំង​ពលករ​ខ្មែរ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ អាច​ធ្វើ​ឱ្យ​លោក កឹម សុខា ដឹង​ពី​ស្ថានភាព​រស់នៅ និង​ទឹក​ចិត្ត​របស់​ពលរដ្ឋ​ដែរ។ លោក​បន្ត​ថា ក្រោយ​ជួប​ពលរដ្ឋ​រួច​ហើយ​លោក កឹម សុខា គ្រោង​ជួប​មន្ត្រី​ទូត​សំខាន់ៗ ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច៖ «យើង​រក​ដំណោះស្រាយ​នយោបាយ​នេះ​ជា​ប្រយោជន៍​នៃ​ជាតិ និង​ពលរដ្ឋ​អ៊ីចឹង​គាត់ ( លោក កឹម សុខា ) ធ្វើ​ទៅ​តាម​ក្នុង​កម្រិត​តើ​យើង​អាច​រក​ដំណោះស្រាយ​របៀប​ណា ជា​ដំណោះស្រាយ​ដោយ​សន្តិវិធី​អហិង្សា ហើយ​មិន​មាន​ភាគី​ណា​បាក់​មុខ​បាក់​មាត់ ហើយ​គាត់​ចង់​ឱ្យ​អន្តរ​ជា​សាក្សី​មួយ​ថា កម្ពុជា​នឹង​ទៅ​រក​ច្រក​ណា ឬ​ផ្លូវ​ណា ដែល​ត្រូវ​ដើរ​ទៅ​រក​ផ្លូវ​បង្រួប​បង្រួម​ផ្សះផ្សា​និង​ឯកភាព​ជាតិ»

មន្រ្តីជំនិតលោក កឹម សុខា រូប​នេះ ឱ្យ​ដឹង​ទៀត ទោះ​មិន​អាច​ទាមទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​មក​ប្រកួត​ប្រជែង​បាន​ក្ដី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​គឺ លោក សម រង្ស៊ី និង​លោក កឹម សុខា គួរ​ចេះ​លេង​ល្បែង​នយោបាយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មើល​ឃើញ​ថា អ្នក​ទាំង​ពីរ​នៅ​តែ​រួបរួម​គ្នា​ដដែល។ លោក​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ ខាង​មុខ​នេះ៖ «យើង​មើល​ឈ្មោះ​សង្គ្រោះ​ជាតិ កាល​ពី​មិនទាន់​ឈ្មោះ​បក្ស​សង្គ្រោះ​ជាតិ​យើង​មាន​បក្ស​សិទ្ធិ​មនុស្ស​បក្ស សម រង្ស៊ី ( ភ្លើង​ទៀន ) ណា ប៉ុន្តែ​ពេល​មេ​ដឹក​នាំ​ទាំង​ពីរ​រួបរួម​គ្នា​ទៅ ឈ្មោះ​ក៏​គេ​មើល ប៉ុន្តែ​គេ​មើល​ថា អ្នក​ណា​ប្រធាន គឺ​បុគ្គល​សំខាន់​ទាំង​ពីរ»

ការ​លើក​ឡើង​របស់​លោក មាជ សុវណ្ណារ៉ា បែប​នេះខណៈ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា កំពុង​សកម្ម​ក្នុង​ការ​ចុះ​ទៅ​មូលដ្ឋាន​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ជាប់​ព្រំដែន​ថៃរួម​មានខេត្ត​ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដើម្បី​ឧបត្ថម្ភ​ជំនួយ​ដល់​ពលករ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ទី​នោះ។ លោក កឹម សុខា សរសេរ​លើ​ហ្វេសប៊ុក​ថានេះ​ជា​សកម្មភាព​មនុស្សធម៌ សាមគ្គីធម៌ គុណធម៌ ខ្មែរ​ជួយ​ខ្មែរ ដែល​លោក​អាច​ចូល​រួម​បានដោយ​មិន​ប៉ះពាល់​បម្រាម​នយោបាយ​ដែល​កំពុង​បិទ​សិទ្ធិ​សេរីភាព​លោក​នោះ​ឡើយ។

ទោះ​យ៉ាង​ណា​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា លោក កឹម សុខា មិន​អាច​ដឹក​នាំ​គណបក្ស​ប្រឆាំង ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ បាន​ទេ។ លោក​បន្ត​ថា ពេល​នេះ​លោក កឹម សុខា មិន​ទាន់​ចប់​នីតិវិធី​ក្ដី​នៅ​តុលា ការ​នៅ​ឡើយ​ទេ ដូច្នេះ​លោក កឹម សុខា គ្មាន​សិទ្ធិ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ៖ «ទោះ​បច្ចុប្បន្ន​នេះ​គាត់ ( លោក កឹម សុខា ) ១១៨នាក់ ក៏​ប៉ុន្តែ​គាត់​មិន​ទាន់​សិទ្ធិ ដើម្បី​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​ដែរ​បាន នេះ​តាម​គោលការណ៍​ច្បាប់​ណា ព្រោះ​ឥឡូវ​កំពុង​ដំណើរការ​នីតិវិធី​នៅ​តុលាការ​ធ្វើ​ម៉េច​កើត ? នៅ​កណ្ដាល​ទី»

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ កាល​ពី​ឆ្នាំ២០១៧ ហើយ​សិទ្ធិ​នយោបាយ​នយោបាយ​របស់​លោក​ត្រូវ​បាន​ដក​ហូត នៅ​ពេល​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ២០១៩ តុលាការ​បាន​បន្ធូរ​បន្ថយ​ការ​ត្រួត​ពិនិត្យ​ខ្លះ​ដោយ​អនុញ្ញាត​អាច​ឱ្យ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស។

ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​លោក តាំង ស៊ុនឡាយ បាន​ប្រាប់​វិទ្យុ​វីអូអេ (VOA) នៅ​ពេល​ថ្មីៗ នេះ​ថា លោក កឹម សុខា ស្ថិត​នៅ​ក្រៅ​ឃុំ។ ដូច្នេះ​សំណុំ​រឿង​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ មិន​មែន​ជា​អាទិភាព​សម្រាប់​តុលាការ​នោះ​ទេ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១៦ ខែមករា។

កាសែត​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ឈ្មោះ ខ្មែរ​ថាមស៍ (Khmer Times) បាន​ចុះ​ផ្សាយ​កាល​ពី​ខែកញ្ញា ​ថា ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​របស់​​គណៈរដ្ឋមន្រ្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​ថា សំណុំ​រឿង​របស់​លោក កឹម សុខា អាច​ពន្យារ​ពេល​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ និង​២០២៣ ខាង​មុខ។

អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ សរសេរ​លើ​ហ្វេសប៊ុក​ថា ឆ្នាំ២០២១នេះ ត្រូវ​តែ​មាន​គណបក្ស​ប្រឆាំង​មាន​សក្ដានុពល​មួយ​ត្រៀម​ចូល​ប្រកួត​ប្រជែង​ឆ្នាំ២០២២។ អ្នក​វិភាគ​ដដែល​បន្ត​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​គិត​រួម​គ្នា​ឡើង​វិញ ព្រោះ​គេ​នឹង​មិន​បើក​ឱកាស​ឱ្យ​ពួក​លោក​អាច​ប្រកួត​នយោបាយ ពេញ​សមត្ថភាព​ទេ។ លោក គឹម សុខ ផ្ដល់​គំនិត​បែប​ប្រៀបធៀប​ថា មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​ត្រូវ​រក​វិធី​សង់​ផ្ទះ​ដោយ​ខ្លួន​ឯង កុំ​ចាំ​គេ​សង់​ផ្ទះ​វិញ៕

Workers_from_Thailand_quarrantine_in_Banteay_Meanchey_011421_1.jpg
ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ដាក់​នៅ​សាលារៀន​​មួយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​​ធ្វើ​ចត្តាឡីស័ក​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ រូប​ពី​ហ្វេសប៊ុក​លោក កឹម សុខា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១
Workers_from_Thailand_quarrantine_in_Banteay_Meanchey_011421.jpg
ពលករដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​អាជ្ញាធរ​ដាក់​នៅ​សាលារៀន​​មួយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​​ធ្វើ​ចត្តាឡីស័កបង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ រូបពីហ្វេសប៊ុកលោក កឹម សុខា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១
Kem_Sokha_at_Udor_Meanchey_quarrantine_center_011421.jpg
លោក កឹម សុខា (កាន់​មេក្រូ) ថ្លែង​ទៅ​កាន់​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​​អាជ្ញាធរ​យក​​មក​ដាក់​នៅ​សាលា​មួយ ក្នុង​ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ធ្វើ​​ចត្តាឡីស័ក​​បង្ការ​ជំងឺ​កូវីដ១៩។ រូបពី​ហ្វេសប៊ុក​លោក កឹម សុខា ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២១

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។