គ្រួសារបណ្ឌិត កែម ឡី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលគោរពស្រឡាញ់បណ្ឌិត កែម ឡី ឱ្យចូលរួមពិធីបុណ្យខួប ៣ឆ្នាំ នៃថ្ងៃឃាតកម្មលោក។ ពិធីបុណ្យនេះនឹងប្រារព្ធធ្វើនៅទីតាំងតម្កល់សពរបស់លោក គឺស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ផ្ដើមពីម៉ោង ១រសៀលថ្ងៃទី១០ ខែកក្កដា រហូត ដល់ថ្ងៃទី១១ ខែកក្កដា។
ប្អូនប្រុសបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត លើកឡើងថា ការរៀបចំពិធីបុណ្យខួប ៣ឆ្នាំនេះ ក្រៅពីការឧទ្ទិសបុណ្យកុសលដល់បណ្ឌិត កែម ឡី តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ពិធីបុណ្យនេះជាការបង្ហាញក្ដីនឹករលឹក ការគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ដែរ។ ទន្ទឹមគ្នានេះ លោកអំពាវនាវដល់សប្បុរសជន ឱ្យជួយចូលបច្ច័យសម្រាប់កសាងចេតិយបន្តទៀត។
គ្រួសារលោកបានផ្អាកកសាងចេតិយតម្កល់សពបណ្ឌិត កែម ឡី រយៈពេល ២ឆ្នាំហើយ ដោយសារតែខ្វះខាតថវិកា បន្ទាប់ពីបានសាងសង់រួចបាន ៤០ភាគរយ។
ចំណែកឯក្រុមយុវជនដែលជាកូនសិស្សបណ្ឌិត កែម ឡី និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន ប្រកាសថា ពួកគេនៅតែប្រកាន់ជំហរយកកម្រងផ្កាទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅនៅចំណុចស្ថានីយប្រេង ឥន្ធនៈកាល់តិច (Caltex) នៅថ្ងៃទី១០ ខែកក្កដា ដដែល ទោះបីជារដ្ឋបាលសាលារាជធានីភ្នំពេញមិនអនុញ្ញាតក៏ដោយ។ បន្ទាប់ពីដាក់កម្រងផ្ការួច គឺពួកគេ ក៏នឹងធ្វើដំណើរទៅចូលរួមពិធីបុណ្យនៅផ្ទះលោក បណ្ឌិត កែម ឡី ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។