មេធាវី​ស្នើ​តុលាការ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ​ខណៈ​ជំងឺ​កៀប​សរសៃ​រើ​ឡើង​វិញ

0:00 / 0:00

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ​ចោល​នោះ ត្រូវ​បាន​តុលាការ​ឃុំខ្លួន អូស​បន្លាយ​ពេល​ជិត ១​ឆ្នាំ​ហើយ។ ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹម សុខា អះអាង​ថា មក​ទល់​ពេល​នេះ តុលាការ​គ្មាន​ភស្តុតាង​អ្វី ដើម្បី​ដាក់​បន្ទុក​កូនក្ដី​របស់​ខ្លួន​ឡើយ ក្រៅ​ពី​វីដេអូ​ឃ្លីប​មួយ​តែប៉ុណ្ណោះ។ ក្រុម​មេធាវី សុំ​ឲ្យ​តុលាការ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់។

មេធាវី លោក កឹម សុខា សុំ​ឲ្យ​តុលាការ​ពន្លឿន​សំណុំរឿង​ដើម្បី​យក​មក​ជំនុំ​ជម្រះ ដោយសារ​ជំងឺ​គាប​សរសៃ​លោក កឹម សុខា កំពុង​រើ​ឡើងវិញ។

លោក មេធាវី ផែង ហេង មាន​ប្រសាសន៍​ថា សំណុំរឿង​ដែល​ក្រុម​មេធាវី​ប្ដឹង​ទាស់​ទៅ​តុលាការ​មាន​ពីរ គឺ​ទី​១ សំណុំរឿង​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ សុំ​ឲ្យ​សាលាដំបូង​លើកលែង​ការចោទប្រកាន់​លោក កឹម សុខា វិញ។ សំណុំរឿង​ទី​២ គឺ​បណ្ដឹង​សាទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ ប្ដឹង​ទៅ​តុលាការ​កំពូល​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨។ ក៏ប៉ុន្តែ​សំណុំរឿង​ទាំងពីរ​នេះ តុលាការ​ទាំងពីរ​ថ្នាក់ មិន​ទាន់​យក​មក​ជំនុំជម្រះ​នៅ​ឡើយ ហើយ​ការ​បន្ត​ឃុំខ្លួន​កូនក្ដី​របស់​លោក ក៏​នៅតែ​អូស​បន្លាយ។ លោក​មេធាវី ផែង ហេង សង្កត់ធ្ងន់​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ រក​មិន​ឃើញ​ភស្តុតាង​អ្វី​ផ្សេង ក្រៅពី​វីដេអូ​ឃ្លីប​នោះ​ឡើយ៖ «តុលាការ​ពិសេស​ចៅក្រម​ស៊ើបសួរ​ត្រូវ​សម្រេច​លើកលែង​ការចោទប្រកាន់​ឯកឧត្ដម កឹម សុខា តុលាការ​ធ្វើ​ដោយ​មិនបាន​ពិចារណា»។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី ដែល​កាន់​សំណុំរឿង​លោក កឹម សុខា នោះ មិន​ឆ្លើយ​សំនួរ​អំពី​ករណី​នេះ​ទេ ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ។ អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​តុលាការ​កំពូល​បានទេ នៅ​ថ្ងៃ​ពុធ ទី​២៥ កក្កដា នេះ។

លោក កឹម សុខា ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​អោយ​ចាប់ខ្លួន ហើយ​សមត្ថកិច្ច​របស់​លោក​បាន​សម្រុក​ចាប់ខ្លួន​លោក កឹម សុខា ដល់​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​អធ្រាត្រ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​សន្ទិដិ្ឋភាព​ជា​មួយ​បរទេស ដោយ​មាន​ការ​គាំទ្រ ពី​សហរដ្ឋអាមេរិក។

សំណុំរឿង​លោក កឹម សុខា នេះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គី ឫទ្ធី បាន​ចេញ​ដីកា​កោះហៅ​មនុស្ស​ចំនួន ១០​នាក់ ក្នុង​នាម​ជា​សាក្សី ដូចជា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ប្រធាន​អង្គការ​សមាគម​ធាងត្នោត លោក មាស គឹមសេង ប្រធាន​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​លោក ប៉ា ងួនទៀង អតីត​ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​។

ចំពោះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​វិញ កន្លង​មក តុលាការ​បាន​បដិសេធ​បណ្ដឹង​របស់​ក្រុម​មេធាវី​ជា​បន្តបន្ទាប់។ កាលពី​ថ្ងៃ​ទី​៥ មិថុនា ក្រុម​ចៅក្រម​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​មេធាវី លោក កឹម សុខា ម្ដងទៀត ដោយ​សំអាង​ហេតុផល​ដដែល គឺ​មិន​អាច​ដោះលែង​លោក កឹម សុខា ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បានទេ ដោយ​អះអាង​ថា បទល្មើស​ចោទប្រកាន់​លោក កឹម សុខា នេះ ជា​ប្រភេទ​បទល្មើស​ធ្ងន់ធ្ងរ នាំ​ឲ្យ​អន្តរាយ​ដល់​ជាតិ​ខ្លាំង។ ក៏ប៉ុន្តែ​ក្រុម​មេធាវី​បាន​សំដែង​ការ​ការ​ខកចិត្ត​ចំពោះ​ការសម្រេច​នេះ ហើយ​អះអាង​ថា ការ​សំអាង​ហេតុ​របស់​សាលា​ឧទ្ធរណ៍ ថា មិន​សម​ហេតុផល និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ ក្រុម​មេធាវី​បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ភ្លាមៗ។

ជាថ្មី​ម្ដងទៀត លោក​មេធាវី ផែង ហេង សង្ឃឹម​ថា តុលាការ​កំពូល​នឹង​យក​បណ្ដឹង​សាទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​នេះ យក​មក​ជំនុំជម្រះ​ឆាប់ៗ ដោះលែង​កូនក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ហើយ​ក្រុម​មេធាវី​ធានា​ថា លោក កឹម សុខា ជា​មនុស្ស​ដែល​មាន​ការ​សហការ​ល្អ​ជាមួយ​តុលាការ ដូច្នេះ ប្រសិនបើ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន លោក កឹម សុខា នឹង​អនុវត្តតាម​នីតិវិធី​ទាំងអស់​របស់​តុលាការ ដែល​បាន​កំណត់ ដើម្បី​ឲ្យ​លោក កឹម សុខា មាន​លទ្ធភាព​ទៅ​ព្យាបាល​ជំងឺ​កៀប​សរសៃ​នៅ​ប្រទេស​សិង្ហបុរី តាម​វេជ្ជបញ្ជា​តាំងពី​មុន​ពេល​ចាប់ខ្លួន​មក​នោះ៖ «គាត់​នៅតែ​ឈឺ​ពេល​គេង​ប៉ះ​ដៃ​កន្លែង​ហ្នឹង​ទៅ ឈឺ ដោយ​សារ​តែ​​គាត់​​មិន​​ទាន់​បាន​ព្យាបាល ហើយ​បើ​តាម​អ៊ីមែល ពេទ្យ​ពី​សិង្ហបុរី​មក​ថា គេ​មិន​អាច​វាយតម្លៃ​បានទេ បើ​មិន​ទាន់​​បាន​​ទៅ​​ពិនិត្យ​​ព្យាបាល​​នោះ លុះត្រាតែ​បាន​ទៅ​ព្យាបាល​សិន ទើប​អាច​វាយតម្លៃ​បាន​ថា ស្ថានភាព​ជំងឺ​ត្បៀត​សរសៃ​នោះ ធ្ងន់ធ្ងរ​កម្រិត​ណា»។

ការ​ឃុំខ្លួន លោក កឹម សុខា នេះ គឺ​មានការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់ នៅ​ចុង​ក្រោយនេះ គឺ​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ អះអាង​ថា ការ​ឃុំខ្លួន​លោក កឹម សុខា ធ្វើឡើង​តាម​ទំនើងចិត្ត ហើយ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។

ភា្នក់ងារ​របស់​អង្គការសហប្រជាជាតិ ឃ្លាំមើល​ការ​ឃុំ​ឃាំង​ដោយ​អយុត្តិធម៌ ហៅ​ជា​អង់គ្លេស​ថា WGAD បាន​​ចាត់​​ទុក​​ការ​​ចាប់​ខ្លួន និង​​ការ​​ឃុំឃាំង លោក កឹម សុខា ថា ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ ដែល​នាំ​ឲ្យ​កើន​ឡើង​នៃ​ការ​កៀប​សង្កត់​លើ​ក្រុម​អ្នក​រិះគន់​របប​លោក ហ៊ុន សែន មុន​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​នេះ។

ភា្នក់ងារ​របស់​អង្គការសហប្រជាជាតិ ឃ្លាំមើល​ការ​ឃុំខ្លួន​ដោយ​អយុត្តិធម៌​នេះ បាន​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ផ្ដល់​សំណង​ដល់​លោក កឹម សុខា និង​សំណង​ផ្សេងៗ​ទៀត​សម្រាប់​ការ​ឃុំ​ឃាំង​ដោយ​បំពាន ស្របតាម​ច្បាប់​អន្តរជាតិ។ ក្រុម​នេះ​ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សុខភាព របស់​លោក កឹម សុខា ដែល​កំពុង​ទទួលរង​ការឈឺចាប់​ធ្ងន់ធ្ងរ​ពី​ការ​ត្បៀត​សរសៃ​ស្មា​របស់​លោក ក៏ដូចជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺលើសឈាម​ជាដើម។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធានា​ឱ្យ​លោក កឹម សុខា ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ឱ្យ​បាន​ឆាប់រហ័ស​តាម​ស្តង់ដារ​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។