ប្រធានបក្សប្រឆាំងដែលត្រូវរបបក្រុងភ្នំពេញដកហូតសិទ្ធិធ្វើនយោបាយ លោក កឹម សុខា ឱ្យដឹងថា លោកបានស្នើទៅប្រទេសមួយចំនួនឱ្យជួយផ្ដល់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចថា កាយវិការរបស់លោក កឹម សុខា នេះជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឱ្យដឹងថា លោកបានសរសេរលិខិតផ្ញើទៅរដ្ឋាភិបាលនៃប្រទេសខ្លះ និងជួបផ្ទាល់ជាមួយឯកអគ្គរដ្ឋទូតតំណាងប្រទេសមួយចំនួនស្នើសុំឲ្យប្រទេសអ្នកមានធនធានច្រើនទាំងនោះ ជួយផ្តល់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ។ ប្រធានគណបក្សប្រឆាំងរូបនេះលើកឡើងទៀតថា ប្រទេសមួយចំនួនមានគម្រោងជួយដល់ប្រជាពលរដ្ឋខ្មែរតាមរយៈស្ថាប័នអន្តរជាតិពហុភាគី និងខ្លះទៀតអនុវត្តតាមកម្មវិធីជំនួយបច្ចេកទេសខាងសុខាភិបាលនៅប្រទេសកម្ពុជាដូចជាប្រទេសអូស្ត្រាលីជាដើម។
លោក កឹម សុខា ឱ្យដឹងបែបនេះ តាមហ្វេសប៊ុករបស់លោក កាលពីថ្ងៃសុក្រទី១៨ ធ្នូ បន្ទាប់ពីលោកបានទៅបានជួបពិភាក្សាជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោក ផាប្លូ កាំង (Pablo Kang) នៅកន្លែងស្នាក់នៅរបស់ឯកអគ្គរាជទូតរូបនេះ ក្នុងទីក្រុងភ្នំពេញ។ ក្នុងជំនួបនោះ ពួកលោកបាន ផ្លាស់ប្ដូរទស្សនៈ និងព័ត៌មានជុំវិញស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេដ្ឋកិច្ច និងបញ្ហាមួយចំនួនទៀត។
ទាក់ទងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ការអំពាវនាវរបស់លោក កឹម សុខា ពេលនេះទោះបានតិច ឬច្រើនក្ដីក៏ជាការរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីជួយពលរដ្ឋ៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំកោតសរសើរដែលគាត់ ( លោក កឹម សុខា ) ដែលនៅមានមនោសញ្ចេតនាជាមួយប្រជាជាពលរដ្ឋខ្មែរ»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារា យល់ថា ការបង្ហាញទស្សនៈរវាងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងមេដឹកនាំគណបក្សកាន់អំណាចមានគំនិតដូចគ្នាទាក់ទងរឿងបង្ការជំងឺកូវីដនេះ ជាសញ្ញាល្អមួយដែលអាចនាំមានការជជែកគ្នាបាន។ ទោះបែបនេះ ក្ដីអ្នកឃ្លាំមើលរូបនេះយល់ថា ដើម្បីឱ្យមានការត្រូវរ៉ូវខាងនយោបាយឡើងវិញ លុះត្រាមានការជំរុញពីសហគមន៍ដដែល៖ «ស្ថានភាពនៃការជជែកនេះអាចទៅបានលុះត្រាមានការជំរុញពីសហគមន៍អន្តរជាតិព្រោះការបើកលំហនយោបាយនៅតែត្រូវការសហគមន៍អន្តរជាតិកម្ពុជានៅត្រូវការការពឹងពាក់សេដ្ឋកិច្ចពាណិជ្ជកម្មច្រើនដែលអាចជជែកគ្នាបាន»។
លោក ឯម សុវណ្ណារា ថា សហគមន៍អន្តរជាតិនឹងមិនយកការផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដដើម្បីឱ្យមានដំណោះស្រាយនៅកម្ពុជានោះទេ ប៉ុន្តែគេនៅតែយកករណីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ដោយភ្ជាប់មកនូវផលប្រយោជន៍ពាណិជ្ជកម្មដើម្បីឱ្យមានការសន្ទនាគ្នាឡើងវិញ នៃអ្នកនយោបាយកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។