មេធាវីការពារក្ដីឱ្យប្រធានគណបក្សប្រឆាំងលោក កឹម សុខា ចង់ឃើញតុលាការជម្រះក្ដីឱ្យលឿនដើម្បីផ្ដល់យុត្តិធម៌ដល់គូភាគីក្នុងសំណុំរឿងនេះ។ អ្នកឃ្លាំមើលសង្គមយល់ថា ជម្លោះនយោបាយនេះគួរដល់ពេលបក្សកាន់អំណាចបន្ធូរដៃវិញហើយ ខណៈសហគមន៍អន្តរជាតិតែងតែចង់ឃើញអ្នកនយោបាយខ្មែរផ្សះផ្សាគ្នាឡើងវិញ។
ក្រុមមេធាវីការពារក្តីលោក កឹម សុខា ឱ្យដឹងថា អស់រយៈពេលជិត២០ថ្ងៃហើយ សាលាដំបូងរាជធានីភ្នំពេញមិនទាន់ឆ្លើយតបនឹងសំណើរបស់ក្រុមមេធាវី ដែលសុំតុលាការបន្តដំណើរការជម្រះក្ដីសំណុំរឿងលោក កឹម សុខា ឡើងវិញនៅឡើយទេ។ មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារក្ដីលោក លោក កឹម សុខា គឺលោក ផែង ហេង ឱ្យអាស៊ីសេរីដឹងថ្ងៃ២៤ ខែតុលាថា ក្រុមមេធាវីមកដល់ពេលនេះមិនទាន់ទទួលលិខិតឆ្លើយតបពីតុលាការវិញនៅឡើយទេ។ លោកមេធាវី ផែង ហេង ចង់ឃើញតុលាការពន្លឿនសំណុំរឿងនេះ ដូចសំណុំរឿងផ្សេងទៀតដែលក្រសួងយុត្តិធម៌យកចិត្តទុកដាក់ដោះស្រាយពន្លឿននីតិវិធី៖ «ធម្មតាគោលការណ៍យុត្តិធម៌កាលណាចាត់ចែងបានលឿនគូភាគីឆាប់ទទួលបានយុត្តិធម៌អ៊ីចឹង បានហើយបានក្រសួងយុត្តិធម៌ឃើញកន្លងមកដាក់ពន្លឿននីតិវិធី ហើយសំណុំរឿងឯកឧត្ដម កឹម សុខា ក៏រាប់ឆ្នាំហើយដែរ ហើយយើងក៏ចង់សំណុំរឿងហ្នឹងបានលឿនដូចសំណុំរឿងផ្សេងៗទៀតដែរ»។
កាលពីថ្ងៃ០៥ ខែតុលា សហមេធាវីការពារក្ដីលោក កឹម សុខា បានផ្ញើលិខិតទៅប្រធានសាលាដំបូងរាជធានីភ្នំពេញស្នើសុំតុលាការបន្តដំណើរការជម្រះក្ដីសំណុំរឿងលោក កឹម សុខា ឡើងវិញឱ្យបានឆាប់ៗ។ ក្រុមមេធាវីលើកឡើងថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ រដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុង ហើយចំណែកសវនាការលើសំណុំរឿងផ្សេងៗក៏តុលាការកំពុងតែដំណើរសវនាការធម្មតាដែរ។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេ នៅថ្ងៃទី២៤ ខែតុលា ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
កាលពីខែមិថុនាក្រុមមេធាវីលោក កឹម សុខា បានស្នើសុំបន្តសវនាការឡើងវិញម្ដងរួចហើយ ប៉ុន្តែតុលាការបដិសេធដោយលើកហេតុផលថា ស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល។
ទោះជាយ៉ាងណា កាសែតដែលស្និទ្ធនឹងរដ្ឋាភិបាលឈ្មោះខ្មែរថាមស៍ (Khmer Times) បានចុះផ្សាយកាលពីខែកញ្ញាថា ក្នុងកិច្ចប្រជុំបិទទ្វារមួយរបស់គណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាននិយាយថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលរហូតដល់ឆ្នាំ២០២៤។អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី យល់ថា បើទោះជាល្បែងនយោបាយនេះគឺអាស្រ័យលើរដ្ឋាភិបាលក្ដី ប៉ុន្តែល្មមដល់ពេលវេលាសម្របសម្រួលនយោបាយឡើងវិញហើយដើម្បីប្រយោជន៍ជាតិ ព្រោះកម្ពុជាកំពុងជួបវិបត្តិផ្ទួនៗនៅរយៈពេលចុងក្រោយនេះ។ លោកព្រួយបារម្ភថា បើស្ថានការភាពសិទ្ធិមនុស្ស និងស្ថានភាពនយោបាយមិនបានកែលម្អក្នុងកាលៈទេសៈនេះទេ កម្ពុជានឹងរឹតតែជួបវិបត្តិធ្ងន់ធ្ងរ ដោយសារតែគ្រោះទឹកជំនន់ និងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%៖ «ធ្វើកំណែទម្រង់ច្បាប់នយោបាយថ្មីហ្នឹងដែលបង្កើតឡើងចេតនារំលាយគណបក្សសង្គ្រោះជាតិយើងនិយាយបែបនេះមិនមែនគាំទ្រគណបក្សសង្គ្រោះជាតិទេ ក៏ប៉ុន្តែយើងមើលឃើញថា កម្លាំងប្រជាធិបតេយ្យដែលមានស្ទើរតែស្មើគ្នាហ្នឹងគឺជាកម្លាំងមួយត្រូវពិចារណាដែរ មិនមែនមានន័យថា យើងឈ្នះដោយសំឡេង៥០ + ១ហើយ ស្រាប់តែ៤០ភាគរយដែលគេទទួលបានសំឡេងនោះយើងផាត់គេចោលនេះ មិនមែនប្រទេសប្រជាធិបតេយ្យដែលអនុវត្តដែរ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧។ ប៉ុន្តែកាលពីឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះដោយអនុញ្ញាតអាចឱ្យធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើនយោបាយនិងចេញក្រៅប្រទេស។ ទោះយ៉ាងណា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងពេលកម្ពុជាជួបគ្រោះទឹកជំនន់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានចុះជួបពលរដ្ឋ និងចែកអំណោយដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ចំណែក អង្គទូតប្រទេសមហាអំណាចបានទៅជួបសួរសុខទុក្ខលោក កឹម សុខា ជាញឹកញាប់ផងដែរជាពិសេសឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ។
ស្ថានទូតសហរដ្ឋអាមេរិកបង្ហោះសារលើហ្វេសប៊ុក ក្រោយជំនួបរវាងលោក ប៉ាទ្រីក ម័រហ្វី និងលោក កឹម សុខា កាលពីថ្ងៃទី២២ តុលា ថា សហរដ្ឋអាមេរិកនៅតែមានការប្ដេជ្ញាចិត្ត ចំពោះប្រជាពលរដ្ឋកម្ពុជា និងសេចក្ដីប្រាថ្នាចង់បានសន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។