លោក ខឹម វាសនា អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​កុំ​ខ្លាច​អាជ្ញាធរ​រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី​ផង

0:00 / 0:00

លោក ខឹម វាសនា នៅតែ​បំផុសបំផុល​ព័ត៌មាន អំពី​ទឹកនឹង​លិចលង់​ពិភពលោក​ដដែល ទោះជា​ដល់​ថ្ងៃ​អាជ្ញាធរ​ខែត្រ​សៀមរាប​ដាក់​កំហិត​ឲ្យ​រំសាយ​ការ​ជួប​ជុំគ្នា​កាល​ពី​យប់​ថ្ងៃ​ទី៣០ សីហា នេះ​ក្ដី។​

អ្នកវិភាគ​ថា ប្រសិនបើ​អាជ្ញាធរ​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មិន​ឃាត់ខ្លួន​លោក ខឹម វាសនា​ឬ​រំសាយ​ការ​ជួបជុំ​នេះ​បានទេ នឹង​ធ្វើ​ឲ្យ​សង្គម​ចលាចល និង​ប៉ះ​សន្តិសុខ​សង្គម។

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ឡាយ​វីដេអូ (Live)​តាម បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លួន​ដោយ​អំពាវនាវ ឲ្យ​អ្នកគាំទ្រ​លោក កុំ​ខ្លាច​អាជ្ញាធរ​រដ្ឋ រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង។

ការប្រកាស​របស់​លោក ខឹម វាសនា ចំ​ពេល​ដែល​លោក​បាន​សន្យា​ជាមួយ​អាជ្ញាធរ​ខែត្រ​សៀមរាប​ថា នឹង​រំសាយ​ការ​ជួប​ជុំគ្នា​នៅ​លើ​ដីចំការ​របស់​លោក​នៅ​ក្បែរ​ជើងភ្នំ​គូលែន​ត្រឹម​ថ្ងៃទី​៣០​សីហា​ម្សិលមិញ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោក ខឹម វាសនា មិន​ប្រកាស​រំសាយ​ការ​ជួបជុំ​នេះ​នៅឡើយ​ទេ។

លោក ខឹម វាសនា នៅតែ​សរសេរ​និង​និយាយ​ឡាយ​តាម​វីដេអូ​ថា ពិភពលោក​នឹង​លិចលង់​ដដែល ទោះបីជា​អាជ្ញាធរ​និង​សាធារណជន​រិះគន់​ថា ជា​ការ​បោកប្រាស់​និង​ធ្វើ​ឲ្យ​សង្គម​ចលាចល​ក្ដី។

លោក ខឹម វាសនា បាន​និយាយ​នៅក្នុង​វីដេអូ​ឡាយ​កាល​ពី​យប់មិញ​ថា អាជ្ញាធរ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ធ្វើ​អ្វី​លោក​បានទេ​។ លោក ខឹម វាសនា បាន​ចាត់ទុក​ខ្លួន​ថា ជា​ព្រហ្ម​រក្សា​លោក ហើយ​បាន​ប្រើ​ពាក្យអសុរស​តិះដៀល​ថ្នាក់ដឹកនាំ​ទៀត​ផង​៖ «អា​កូនចៅ​វា​ល្ងង់ៗ​១០​គត់ បើសិនជា​វា​ហ៊ាន​មក​ហើយ ងាប់​ហើយ»។

អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា បាន​ចេញ​លិខិត​ណែនាំ​ទៅ លោក ខឹម វាសនា ឱ្យ​បញ្ឈប់​ការ​ប្រមូលផ្ដុំ​ពលរដ្ឋ​ត្រឹម​ពាក់កណ្ដាល​អធ្រាត្រ ឬ​ម៉ោង​១២​យប់​ថ្ងៃទី​៣០ ខែសីហា​ជា​កំហិត​។​

លិខិត​ដដែល​បញ្ជាក់​ថា ការ​ប្រមូល​ផ្តុំគ្នា​របស់​ពល​រដ្ឋ​មកពី​បណ្ដា​ខេត្ត​នានា និង​មកពី​ក្រៅប្រទេស​ផង​ទៅតាម​ការ​អំពាវនាវ ផ្សព្វផ្សាយ​របស់​លោក ខឹម វាសនា​នោះ ពុំបាន​សុំ​កិច្ចសហការ ឬ​អនុញ្ញាត​ពី​អាជ្ញាធរ​ទេ ហើយ​ថែមទាំង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​សណ្ដាប់ធ្នាប់​សាធារណៈ បរិស្ថាន អនាម័យ និង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប​កាលពី​យប់​ថ្ងៃទី​២៩ ខែសីហា​ដដែល​បាន​ចេញ​លិខិត​ណែនាំ​ដល់​ពលរដ្ឋ ដែល​កំពុង​ប្រមូល​ផ្ដុំគ្នា​រស់នៅ​លើ​ដី​ចម្ការ​របស់​លោក ខឹម វាសនា ឱ្យ​បញ្ឈប់​ការ​ជួបជុំ​នោះ​ត្រឹម​ថ្ងៃ​ជូនដំណឹង​តទៅ​ដែរ​។ រដ្ឋបាល​ខេត្ត​លើកឡើង​នូវ​ហេតុផល​ចំនួន​៣​ពន្យល់​ទៅ​ពលរដ្ឋ ដែល​រួមមាន​៖ កុំឱ្យ​ជឿ​ការឃោសនា បែប​ប្រជាភិថុតិ​របស់ លោក ខឹម វាសនា ព្រោះ​ការ​ប្រមូល​ផ្ដុំ​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​បាត់បង់​ការងារ មុខរបរ ក្មេងៗ​មិនបាន​ទៅ​សាលារៀន គ្មាន​អនាម័យ​បរិស្ថាន និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម សុវត្ថិភាព​សាធារណៈ សុខុមាលភាព ខ្វះ​ទឹក​ស្អាត ព្រមទាំង​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខែត្រ​សៀមរាប លោក ទៀ សីហា ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ បាន​ទេ​កាល​ពី​យប់​ថ្ងៃទី​៣០ សីហា។

ប៉ុន្តែ​អភិបាលខែត្រ​សៀមរាប លោក ទៀ សីហា បាន​ប្រាប់​សារព័ត៌មាន​ស្និទ្ធ​នឹង​លោក ហ៊ុន សែន កាលពី​ម៉ោង​១២​យប់ ថ្ងៃទី​៣០ សីហា ថា អាជ្ញាធរ​ខែត្រ​បានសម្រេច​បិទ​ទីតាំង​ជួបជុំ​របស់​លោក ខឹម វាសនា ចាប់ពី​ម៉ោង​១២​ចូល ថ្ងៃ​ទី​៣១ សីហា។

សារព័ត៌មាន​ដដែល​បន្ថែម​ថា អាជ្ញាធរ​ខែត្រ​បាន​សម្រេច​បិទ​នេះ ក្រោយ​ពេល​ទទួល​បាន​លិខិត​របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ សុំ​ពន្យារ​ពេល​ការ​ជួបជុំ​រហូតដល់​ដាច់​ខែ​កញ្ញា​ខាងមុខ។

កាលពី​យប់​ថ្ងៃទី​៣០ សីហា លោក ខឹម វាសនា បាន​សរសេរ​ជាច្រើន​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​របស់​លោក ដោយ​អំពាវនាវ​កុំ​ឲ្យ​កូនចៅ​លោក​ខា្លច។ លោក ខឹម វាសនា បាន​សរសេរ​ព្រមាន​វិញ​ថា ព្រមាន​អាជ្ញាធរ​វិញ​ថា កុំថាឡើយ​ប៉ះ​លោក សូម្បីតែ​កូនចៅ​របស់​លោក​ក៏​មិនអាច​ធ្វើ​បាន​ដែរ។ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ខឹម វាសនា ហ៊ាន​ប្រកាស មិន​ខ្លាចរអា​អាជ្ញាធរ រួម​ទាំង​លោក ហ៊ុន សែន បែបនេះ ទំនងជា​លោក ខឹម វាសនា អាង​លើ​កម្លាំង​ស្មោះត្រង់​លោក​មាន​ចំនួន​ច្រើន ហើយ​ប្រសិនបើ​អាជ្ញាធរ​ចាប់ខ្លួន​នឹង​អាច​កម្លាំង​ងើត​តតាំង​៖ «ទំនងជា​គាត់​មាន​អ្នកគាំទ្រ​ច្រើន ទំនងជា ខឹម វាសនា​មិន​ខ្លាច​នឹង​សាកល្បង​ជាមួយ​លោក ហ៊ុន សែន​ទេ​។ ហើយ​លោក ហ៊ុន សែន នៅ​ស្ទាបស្ទង់​មើល​ថា តើ​កម្លាំង​លោក ខឹម វាសនា នៅ​គាំទ្រ​ច្រើន​កម្រិត​ណា​។ ហើយ​បើ​ចាប់​លោក ខឹម វាសនា ហើយ ថា​តើ​កម្លាំង​នឹង​ងើប​ក្នុង​កម្រិត​ណា​ ?​ ។ សព្វថ្ងៃ​នេះ លោក ហ៊ុន សែន ខ្លាច​កម្លាំង​ងើត​ឡើង​ណាស់ ទោះជា​កម្លាំង​ណាក៏ដោយ»។

ទោះបីជា​បែបនេះ​ក្ដី លោក គឹម សុខ បញ្ជាក់​ថា ប្រសិន​អាជ្ញាធរ​អាជ្ញាធរ​មិន​ចាត់ការ​លោក ខឹម វាសនា​តាមផ្លូវ​ច្បាប់​ណាមួយ​ទេ​នោះ នឹង​ធ្វើ​ឲ្យ​សង្គម​ចលាចល​ដោយសារតែ​ការ​បំផុសបំផុល​ការពិត​របស់​លោក ខឹម វាសនា។

លោក គឹម សុខ បន្ថែម​ថា សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ មិនបាន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សង្គម​នោះ​ទេ តែ​បែរ​ជា​អាជ្ញាធរ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ធ្វើ​ឲ្យ​វឹកវរ​ដល់​សង្គម​ហើយ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។