មន្ត្រីគណបក្សសង្គ្រោះជាតិក្នុងចំណោម ១១៨នាក់ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយនោះ មិនមានមន្ត្រីណាម្នាក់សរសេរលិខិតទៅលោក ហ៊ុន សែន ដើម្បីសុំចូលធ្វើនយោបាយឡើងវិញនៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានប្រាប់អាស៊ីសេរី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា លោកមិនទាន់បានទទួលព័ត៌មានថា តើមានមន្ត្រីជាន់ខ្ពស់ណាខ្លះដែលបានសរសេរលិខិតមុនគេឲ្យលោក ហ៊ុន សែន មេដឹកនាំទីក្រុងភ្នំពេញដើម្បីថ្វាយបន្តទៅព្រះមហាក្សត្រនៅឡើយទេ។
រដ្ឋសភាឯកបក្សរបស់របបលោក ហ៊ុន សែន នៅថ្ងៃនេះ បានអនុម័តជាឯកច្ឆន្ទលើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ធ្នូនេះដើម្បីឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនក្នុងចំណោម ១១៨រូប ដើម្បីបើកផ្លូវឲ្យពួកគេមានសិទ្ធិធ្វើនយោបាយឡើងវិញ។
សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន ១១៨នាក់ ត្រូវបានរបបក្រុងភ្នំពេញបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយះពេល ៥ឆ្នាំក្រោយ ពីគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាមួយនេះត្រូវបានរំលាយតាមអំណាចនៃតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ហ៊ុន សែន ថ្លែងប្រាប់ក្រុមកម្មករនៅក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃពុធ លោកបានធានាអះអាងថា ក្រោយពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចូលជាធរមានថា លោក បានត្រៀមខ្លួនរួចរាល់ ដើម្បីស្នើថ្វាយព្រះមហាក្សត្រផ្ដល់សិទ្ធិធ្វើនយោបាយ ដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរូបណា ដែលគោរពតាមសាលដីការបស់តុលាការកំពូលត្រឹមត្រូវ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចាត់ទុកថា អ្នកដែលសរសេរលិខិតស្នើសុំចូលធ្វើនយោបាយពីលោក ហ៊ុន សែន ថា ជាការក្បត់បក្ស។
លោក ហេង ដាណារ៉ូ អតីតសមាជិកសភាខាងគណបក្សង្គ្រោះជាតិបានបញ្ជាក់តាមទូរស័ព្ទថា លោកមិនសរសេរលិខិតដើម្បីស្នើសុំការលើកលែងទោសទេ៖ «ជំហរខ្ញុំផ្ទាល់ខ្ញុំអត់មានត្រូវការសរសេរលិខិតទៅគាត់ទេ ពីព្រោះខ្ញុំអត់មានទោសគឺគាត់រំលាយគណបក្សសង្គ្រោះជាតិដោយរំលោភរដ្ឋធម្មនុញ្ញ ដោយរំលោភក្នុងនាមយើងជាសិទ្ធិបុគ្គល ហើយគាត់ ( ហ៊ុន សែន ) ប្រើតុលាការដើម្បីបំបិទសិទ្ធិយើង ដូច្នេះខ្ញុំគ្មានធ្វើលិខិតសុំទោស សុំឲ្យគាត់លើកលែងទោសទេ»។
ប្រធានក្រុមឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន បានអំពាវនាវដល់សមាជិកគណបក្សសង្គ្រោះជាតិ ទាំង១១៨នាក់កុំអោយចាញ់ល្បិចនយោបាយរបស់លោក ហ៊ុន សែន។
លោកនិយាយថា ការធ្វើវិសោធនកម្មច្បាប់នៅក្នុងប្រទេសកម្ពុជាដើម្បីកែតម្រូវស្ថានភាពនយោបាយរបស់របបលោក ហ៊ុន សែន មិនមែនជាលើកទីមួយទេ។ លោកថា បើអ្នកនយោបាយណាដែលនៅតែបន្តចាញ់បោកលោកហ៊ុន សែនទៀតជាមនុស្សឆោតល្ងង់បំផុត៖ «បើសិនជាយើងស្នើសុំកាលលើកលែងទោសវាស្នើហ្នឹងយើងទទួលស្គាល់ថា យើងមានទោសពីព្រោះមកដល់ឥឡូវនេះតុលាការធ្វើការស៊ើបអង្កេតករណីលោក កឹម សុខា មកដល់ពេលនេះរកមិនឃើញកំហុសឆ្គងអ្វីផង»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងជាប់ឃុំនៅក្នុងផ្ទះខណៈពេលដែលសមាជិក ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់គណបក្សជាច្រើននាក់ បានរត់ភៀសខ្លួនមកក្រៅប្រទេសដើម្បីគេចចេញពីការតាមប្រមាញ់ពីអាជ្ញាធររបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។