សហគមន៍ខ្មែរនៅអូស្ត្រាលីប្រកាសរួមគ្នាគាំទ្រ និងអរគុណសហរដ្ឋអាមេរិកដែលបានធ្វើច្បាប់ H.R 526 ដាក់លើទណ្ឌកម្មមន្ត្រីកម្ពុជា ដែលរំលោភសិទ្ធិមនុស្ស។ ជំហររបស់សហគមន៍ខ្មែរនៅអូស្ត្រាលីបែបនេះ ក្រោយពីសភាជាន់ទាបអាមេរិកបានអនុម័តច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R 526 ដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីរបស់លោក ដែលបានចូលដៃក្នុងការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ពលរដ្ឋ និងសកម្មជនគណបក្សគណបក្សសង្គ្រោះជាតិ នៅក្រុងម៉ែលប៊ន (Melbourne) រដ្ឋវ៉ិកតូរីយ៉ា ប្រទេសអូស្ត្រាលី ដែលតែងតែខ្វល់ខ្វាយពីវិបត្តិនយោបាយនៅប្រទេសកំណើតខ្លួន អះអាងថា ពួកគេនឹងព្យាយាមជំរុញរដ្ឋាភិបាលអូស្ត្រាលីឲ្យចាត់វិធានការលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញដែរ។ ក្នុងវីដេអូរយៈពេលប្រមាណ ៥នាទីបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ ស្នើទៅប្រទេសប្រជាធិបតេយ្យផ្សេងទៀតមានវិធានការបិទទិដ្ឋាការ ឬបង្កកទ្រព្យសម្បត្តិរបស់ក្រុមមេដឹកនាំផ្តាច់ការនៃរបបក្រុងភ្នំពេញ ដែលមាននៅប្រទេសទាំងនោះ។
តំណាងចលនាស្រ្តីសង្គ្រោះជាតិបណ្តាញសកល អ្នកស្រី សៀម អេង ថ្លែងអរគុណដល់តំណាងរាស្ត្រសហរដ្ឋអាមេរិកដែលបានអនុវត្តច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា H.R 526។ អ្នកស្រីសង្ឃឹមថា ច្បាប់នេះនឹងឆ្លងផុតព្រឹទ្ធសភាចូលដល់ដៃប្រធានាធិបតី ដើម្បីចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ៖ «អរគុណច្រើនដល់តំណាងរាស្រ្តអាមេរិក ដែលបានអនុម័តច្បាប់ H.R 526 ហើយក៏សូមប្រធានាធិបតីស៊ីញ៉េច្បាប់ឲ្យបានសម្រេចជាស្ថាពរផង»។
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរលោកស្រី ម៉ាលី ណា ស្នើទៅរដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យផ្សេងទៀតមេត្តាចូលរួមស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដោយមានវិធានការផ្លូវច្បាប់ដាក់បំរាមលើក្រុមមេដឹកនាំនៃរបបក្រុងភ្នំពេញ៖ « យើងខ្ញុំសូមអំណរគុណយ៉ាងជ្រៀលជ្រៅសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌមិនឲ្យចូលសហរដ្ឋអាមេរិក ហើយក៏បង្កកទ្រព្យសម្បត្តិ ហើយយើងខ្ញុំស្នើទៅរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលប្រទេសផ្សេងៗ អនុវត្តតាមសហរដ្ឋអាមេរិកផងដែរ » ។
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរម្នាក់ទៀត លោក ម៉ែន វណ្ណា យល់ថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកកន្លងទៅជាការជំរុញឲ្យសភាអាមេរិកធ្វើច្បាប់ H.R 526 នេះបានយ៉ាងលឿន។ លោកថា ក្នុងនាមលោកជាពលរដ្ឋរស់នៅប្រទេសអូស្ត្រាលី លោកនឹងព្យាយាមជំរុញទៅរដ្ឋាភិបាលអូស្រ្តាលីឲ្យធ្វើតាមច្បាប់ដាក់បំរាមលើមេដឹកនាំផ្តាច់ការនៃរបបក្រុងភ្នំពេញដូចសហរដ្ឋអាមេរិកដែរ៖ «យើងខ្ញុំតំណាងឲ្យបងប្អូនប្រជាពលរដ្ឋអូស្ត្រាលីទាំងមូលសូមអរគុណ ហើយគាំទ្រអ្វីដែលអស់លោកធ្វើហើយជំរុញទៅរដ្ឋាភិបាលអូស្ត្រាលីឲ្យធ្វើដូចសហរដ្ឋអាមេរិក និងនៅអឺរ៉ុប » ។
ពលរដ្ឋខ្មែរស់នៅអូស្ត្រាលីបង្ហាញឆន្ទៈរបស់ខ្លួនបែបនេះ ក្នុងគ្រាដែលរដ្ឋសភាអាមេរិកបានរួមគ្នាធ្វើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា។ ច្បាប់ H.R 526 ដែលត្រូវបានសមាជិកសភាទាំងបក្សកាន់អំណាច និងបក្សប្រឆាំងបានអនុម័ត កាលពីថ្ងៃទី១៦ កក្កដា ពេលនេះព្រឹទ្ធសភាកំពុងពិនិត្យមុនសម្រេចអនុម័ត និងបន្ទាប់មកព្រឹទ្ធសភានឹងបញ្ជូនទៅប្រធានាធិបតី ដើម្បីចុះហត្ថលេខាប្រកាសឱ្យចូលជាធរមាន។
សមាជិកសភាអូស្ត្រាលីអ្នកស្រី ក្លៀ អូនៀល (Clare O'Neil) បានថ្លែងក្នុងពេលអ្នកស្រីចូលរួមពិធីបុណ្យបីឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី២១ ខែកក្កដាថា ដើម្បីឲ្យប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពេញលេញពលរដ្ឋខ្មែរនៅអូស្ត្រាលីគួរនាំគ្នាទាមទារតវ៉ា ដើម្បីជំរុញទៅរបបក្រុងភ្នំពេញគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ជាងនេះទៅទៀត សមាជិកសភាអូស្ត្រាលីរូបនេះ យល់រដ្ឋាភិបាលអូស្ត្រាលីក៏មិនត្រូវនៅស្ងៀម ចំពោះការរំលោភសិទ្ធិមនុស្សបែបនេះដែរ។ អ្នកស្រីក៏ចង់ឃើញរដ្ឋាភិបាលអូស្ត្រាលីធ្វើដាក់បំរាមលើមេដឹកនាំផ្តាច់ការនៃរបបក្រុងភ្នំពេញដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងមានវិធានការ៖ «ដូចដែលអស់លោកលោកស្រីបានដឹងរួចហើយថា សហរដ្ឋអាមេរិកបានធ្វើច្បាប់ ដើម្បីដាក់ទោសទណ្ឌលើមន្រ្តីដែលប្រឆាំងនឹងប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពប្រជាពលរដ្ឋ ហើយអ្វីដែលកើតមាននៅអាមេរិកប្រទេសអូស្ត្រាលីគួរតែធ្វើដែរ » ។
ក្នុងអំឡុងទស្សវត្តទី៩០ ប្រទេសអូស្រ្តាលីធ្លាប់ដើរតួសំខាន់ក្នុងការផ្តួច ផ្តើមឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។ អតីតរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី នាសម័យនោះ គឺលោក ហ្គារ៉េត អេវាន គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
លោកធ្លាប់មានសមានចិត្តទៅលើលោក ហ៊ុន សែន។ ក៏ប៉ុន្តែពេលនេះ លោកប្តូរចិត្ត ហើយអំពាវនាវដល់សហគមន៍អន្តរជាតិ រួមនឹងរដ្ឋាភិបាលអូស្រ្តាលីផង ឱ្យដាក់គំនាបលើរបបលោក ហ៊ុន សែន និងឱ្យហ៊ានរិះគន់ត្រង់ៗ ចៀសវាងកុំឱ្យប្រើភាសាការទូតជាមួយលោក ហ៊ុន សែន ទៀតផង។
គិតមកដល់ពេលនេះ មានរយៈមួយជាងមួយសប្តាហ៍ហើយ ដែលសភាអាមេរិកបានអនុម័តច្បាប់ H.R 526 ដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន និងមន្ត្រីរបស់លោក។ របបក្រុងភ្នំពេញបានការបង្ហាញការភ្ញាក់ផ្អើលសោកស្ដាយ និងចាត់ទុកការអនុម័តច្បាប់នេះមានចរិតនយោបាយ។
ប៉ុន្តែ សមាជិកសភាអាមេរិកលោក ថិត យ៉ូហូ (Ted Yoho) ដែលជាអ្នកផ្ដួចផ្ដើមស្នើច្បាប់នេះ សង្ឃឹមថា ច្បាប់នេះនឹងអាចបង្ខំរបប ហ៊ុន សែន ទទួលខុសត្រូវចំពោះទង្វើរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។