បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ​ជួប​ជុំ​អ្នក​គាំទ្រ​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

ចលនា​បណ្ដាញ​សង្គម​មាន​ឈ្មោះ​ថា ខ្មែរ​ដើម្បី​ខ្មែរ ដែល​មាន​មេ​ដឹក​នាំ​សង្គម​ស៊ីវិល​មួយ​ក្រុម​ជា​អ្នក​ផ្ដួចផ្ដើម បាន​បង្កើត​វេទិកា​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​អ្នក​គាំទ្រ ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត ដើម្បី​ឈាន​ទៅ​បង្កើត​គណបក្ស​តាម​ភូមិ ឬ​គណបក្ស​មូលដ្ឋាន​នា​ថ្ងៃ​អនាគត។

ជំនួប​នេះ រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មករា ដោយ​មាន​ពលរដ្ឋ​មក​ពី ៨​ឃុំ​ចូលរួម។

ប៉ុន្តែ ជំនួប​នេះ​សម្រាប់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​ចំពោះ​សកម្មភាព​នយោបាយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ទេ។

រហូត​មក​ដល់​ពេល​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម នៅ​តែ​បដិសេធ​ថា រូប​លោក និង​សហការី គ្មាន​បំណង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដើម្បី​ប្រកួត​ប្រជែង​នឹង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​លោក​អះអាង​ថា បើ​ថ្ងៃ​អនាគត មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្នះ​អាសនៈ​សភា អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​មិន​ស្រប​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ទេ ពេល​នោះ​គណបក្ស​មូលដ្ឋាន​ដែល​បង្កើត​ដោយ​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ថា ខ្មែរ​ដើម្បី​ខ្មែរ អាច​នឹង​ឈាន​ទៅ​បង្កើត​គណបក្ស។

លោក កែម ឡី ឲ្យ​ដឹង​ដូច្នេះ​នៅ​ក្នុង​ពិធី​ជួប​ជុំ​ប្រជាពលរដ្ឋ​ចំនួន ៨​ឃុំ​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​សិស្ស​និស្សិត ព្រម​ទាំង​ក្រុម​បញ្ញវន្ត​សរុប​ជាង ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា នា​សណ្ឋាគារ​តោ​មាស ខេត្ត​ព្រះសីហនុ៖ «អង្គការ​សង្គម​ស៊ីវិល ឬ​ផ្នែក​ពាក់ព័ន្ធ ត្រូវ​តែ​បណ្តុះបណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​បញ្ហា​ផ្សេងៗ ដូចជា​បញ្ហា​នយោបាយ​ជាដើម។ កាល​ណា​ប្រជាពលរដ្ឋ​យល់​ច្បាប់ ពួក​គាត់​អាច​ចេះ​វិភាគ ហើយ​គាត់​មាន​ព័ត៌មាន ហើយ​ដល់​ពេល​នេះ គាត់​នឹង​អាច​ជ្រើស​រើស​គណបក្ស​ដែល​ល្អ និង​មេ​ដឹក​នាំ​ដែល​ល្អ។ ដូច្នេះ ពី​ថ្ងៃ​នេះ​ទៅ​អនាគត ប្រសិន​បើ​គណបក្ស​ណា​ធ្វើ​សកម្មភាព​ល្អ និង​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​មាន​មេ​ដឹក​នាំ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ច្បាស់លាស់ គឺ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន និង​កាន់​តែ​កើន​សំឡេង។ ហើយ​បើ​ប្រជាពលរដ្ឋ​យល់​ដឹង​ខ្ពស់ ហើយ​គណបក្ស​មិន​ព្រម​កែ គឺ​នៅ​តែ​ដដែលៗ របៀប​បុណ្យ ខ្ញុំ​ជឿ​ថា គណបក្ស​នេះ​នឹង​ទទួល​បរាជ័យ​អនាគត»

អ្នក​ឃ្លាំ​មើល​សង្គម លោក កែម ឡី បញ្ជាក់​ថា បណ្ដាញ​ចលនា​ខ្មែរ​ដើម្បី​ខ្មែរ គឺ​មាន​បំណង​ពង្រឹង​សិទ្ធិ​អំណាច​នយោបាយ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន តាម​រយៈ​ការ​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​គណបក្ស​មូលដ្ឋាន​មួយ​ដោយ​ខ្លួន​ឯង។

លោក គួយ ប៊ុនរឿន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បង្កើត​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ ឬ​ឈាន​ដល់​បង្កើត​បក្ស​នយោបាយ​ថ្មី​មួយ​នា​ថ្ងៃ​អនាគត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ទេ៖ «គណបក្ស​យើង​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​យើង​ខ្ញុំ​កំពុង​ធ្វើ គឺ​ការ​រៀបចំ​ខ្លួន​អនុវត្ត​ទៅ​តាម​គោលការណ៍ ឬ​កម្មវិធី​នយោបាយ​របស់​គណបក្ស។ ជាង​នេះ នឹង​រៀបចំ​ឲ្យ​មាន​ចំណាត់​ការ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ និង​បញ្ហា​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ឲ្យ​បាន​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត»

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កន្លង​ទៅ​ថ្មីៗ​នេះ បាន​សាទរ​ការ​បង្កើត​ឲ្យ​មាន​ចលនា​បណ្ដាញ​សង្គម​ឈាន​ទៅ​បង្កើត​គណបក្ស​នយោបាយ ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

កញ្ញា កែវ ម៉ានី និស្សិត​មក​ពី​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ចូលរួម​ពិធី​ជួប​ជុំ​ក្នុង​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ នា​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាម​ដាន​ស្ថានការណ៍​វិវឌ្ឍ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ រួច​មក នាំ​ឲ្យ​រូប​នាង​ចង់​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម។ កញ្ញា​បន្ត​ថា ពេល​នេះ​កំពុង​តាម​ដាន​ពី​ដំណើរ​ការ​នៃ​ការ​បង្កើត​គណបក្ស​មូលដ្ឋាន ដឹក​នាំ​ដោយ​បញ្ញវន្ត ឬ​មេ​ដឹក​នាំ​សង្គម​ស៊ីវិល ដែល​ថា​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​តាម​សហគមន៍​នា​ថ្ងៃ​អនាគត៖ «បើ​សិន​ជា​លក្ខន្តិកៈ​របស់​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ​អនុវត្ត​ទៅ​មាន​ភាព​ល្អ​ប្រសើរ ខ្ញុំ​នឹង​ចូលរួម​ធ្វើ​សកម្មភាព​ធ្វើ​ការងារ​សង្គម​ជាមួយ​បណ្ដាញ​នេះ​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ ពេល​នេះ ខ្ញុំ​កំពុង​តែ​អង្កេត​អំពី​សកម្មភាព​ការងារ​របស់​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ កំពុង​តែ​ធ្វើ​សកម្មភាព​ពី​អ្វី និង​មាន​គោលដៅ​បែប​ណា​ឲ្យ​ពិត​ប្រាកដ ដើម្បី​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ»

បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម​ឋិត​ក្នុង​ចំណោម​មេ​ដឹក​នាំ​សង្គម​ស៊ីវិល​ច្រើន​ទៀត បាន​ឲ្យ​ដឹង​ថា មាន​ឃុំ​ចំនួន​២៥ ឋិត​ក្នុង​គម្រោង​សាកល្បង​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​រៀបចំ​បង្កើត​គណបក្ស​មូលដ្ឋាន រួម​មាន ខេត្ត​ព្រៃវែង តាកែវ កំពង់ចាម មណ្ឌលគិរី កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល។ ទោះ​យ៉ាង​ណា លោក កែម ឡី បាន​បដិសេធ​ថា ក្រុម​លោក​គ្មាន​បំណង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​កំពុង​បង្កើត​ចលនា​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ ក្នុង​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ សិស្ស​និស្សិត ដើម្បី​ឲ្យ​មាន​ការ​ប្រែប្រួល​នយោបាយ​នៅ​កម្ពុជា នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។