យុវជន​និង​សហគមន៍​ខ្មែរ​ក្រោម​ប្រកាន់​ជំហរ​តវ៉ា​រយៈពេល​៣​ថ្ងៃ​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម

0:00 / 0:00

សហគមន៍​ខ្មែរ​ក្រោម និង​ក្រុម​យុវជន នៅ​តែ​ប្រកាន់​ជំហរ​បន្ត​គម្រោង​តវ៉ា​រយៈពេល ៣​ថ្ងៃ ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១.០០០​នាក់ នៅ​ដើម​សប្ដាហ៍​ក្រោយ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​អោយ​ធ្វើ​តែ​១​ថ្ងៃ។ ការ​អះអាង​នេះ គឺ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ថា ពួក​គេ​អាច​ជួប​ប្រជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា និង​ពុំ​អាច​ហែ​ក្បួន។

ការ​ប្រកាន់​ជំហរ​ដដែល​ដោយ​មិន​ផ្លាស់​ប្ដូរ​នៅ​ពេល​នេះ មេ​ដឹក​នាំ​សហគមន៍​ខ្មែរ​ក្រោម​អះអាង​ថា ពួក​គេ​តវ៉ា​ដើម្បី​ប្រយោជន៍​ជាតិ ដែល​មិន​គួរ​មាន​ការ​ហាម​ប្រាម​ឡើយ។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា ក្រុម​របស់​លោក​នឹង​បន្ត​សកម្មភាព​តវ៉ា ដោយ​ការ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការ​បរទេស។ លោក​ថា ចំនួន​អ្នក​ចូលរួម​ជា​មធ្យម គឺ ១.០០០​នាក់។ លោក ថាច់ សេដ្ឋា បន្ត​ថា តាម​គម្រោង ការ​តវ៉ា​នោះ​មាន​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១១ ទី​១២ និង​ទី​១៣ ខែ​សីហា។ នៅ​ថ្ងៃ​ទី​១១ សីហា នឹង​មាន​ការ​ដង្ហែ​ញត្តិ​ទៅ​ក្រសួង​ការ​បរទេស ដើម្បី​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា កោះ​ហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម មក​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​សហគមន៍​នេះ៖ «យើង​យក​ញត្តិ តំណាង​យើង​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​នានា ហើយ​ក្បួន​ហែ​ធំ»

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា បាន​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន​មួយ​ក្រុម ធ្វើ​បាតុកម្ម​តែ​មួយ​ថ្ងៃ​ទេ ក្នុង​រឿង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១១ សីហា។ អ្នក​ចូលរួម ត្រូវ​មាន​ត្រឹម​តែ ២០០​នាក់​ប៉ុណ្ណោះ ហើយ​ត្រូវ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ពុំ​មាន​ការ​ដើរ​ហែ​ក្បួន​បាតុកម្ម​អ្វី​ទេ គឺ​ឲ្យ​ចាត់​តំណាង ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការ​បរទេស។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​ការ​ហែ​ក្បួន ឬ​បង្ក​អោយ​មាន​បញ្ហា​ណា​មួយ​ដោយ​ការ​ហែ​ក្បួន​នោះ សហគមន៍​ខ្មែរ​ក្រោម​ត្រូវ​ទទួល​ខុស​ត្រូវ៖ «គាត់​ជា​អ្នក​រៀបចំ​កម្មវិធី គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ គាត់​មិន​អាច​ថា​គាត់​មិន​អាច​ហាម​ឃាត់​គេ​បាន​នោះ​ទេ។ បើ​អ៊ីចឹង​ដូច​អ្វី​ដែល​គេ​ហៅ​មិន​ខុស​ថា បង្កាត់​ភ្លើង​បាន តែ​អត់​ដឹង​ថា​ក្លាយ​ជា​អគ្គិភ័យ។ ទៅ​ជា​អគ្គិភ័យ​ហើយ គាត់​ថា​អត់​ដឹង​ធ្វើ​ម៉េច​ទេ ចឹង​គាត់​ធ្វើ​កម្មវិធី​ហ្នឹង​ធ្វើ​អី?»

យ៉ាង​ណា លោក ថាច់ សេដ្ឋា ឆ្លើយ​តប​វិញ​ថា ប្រសិន​បើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រារាំង ឬ​បំបែក​ការ​ហែ​ក្បួន​ដាក់​ញត្តិ នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ពិត​ជា​ពិបាក​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​ថា រណប​បរទេស៖ «មក​ដល់​ពេល​នេះ យើង​មិន​គិត​ដល់​ការ​បំបែក​ការ​បង្ក្រាប ការ​ទប់ស្កាត់​អី យើង​មិន​បាន​គិត​ដល់​ទេ ព្រោះ​យើង​ធ្វើ​នេះ គឺ​ដើម្បី​ការពារ​កិត្តិយស​របស់​ជាតិ​យើង ការពារ​ប្រវត្តិសាស្ត្រ​របស់​យើង ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​គាត់​មក​បង្ក្រាប មក​បំបែក​អី នឹង​បង្ហាញ​ច្បាស់​ហើយ យើង​មិន​បាច់​ថា​អាយ៉ង ឬ​មិន​អាយ៉ង​ទេ វា​នឹង​ស្ដែង​ចេញ​ហើយ មិន​និយាយ​ក៏​គេ​ឃើញ​ដែរ»

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​ដាក់​លិខិត​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៤ ជូន​ដំណឹង​អំពី​គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត បន្ទាប់​ពី​បាន​ជួប​ប្រជុំ​តវ៉ា​ចំនួន ២​លើក​រួច​ហើយ​ក្នុង​ការ​ទាមទារ​អោយ​មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ពុំ​ទាន់​ទទួល​លទ្ធផល​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។