អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា លោក សុខ ឥសាន មានប្រសាសន៍ថា លោកសុំទោស ចំពោះកំហុសអចេតនារបស់លោក ដែលថា ពលរដ្ឋខ្មែរក្រោម គឺជាជនជាតិវៀតណាម។ អង្គការខ្មែរក្រោមចាត់ទុកការសុំទោសរបស់លោក សុខ ឥសាន នោះថា ជារឿងល្អ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែកក្កដាថា លោកសុំទោសទៅកាន់ពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរក្រោម ចំពោះកំហុសអចេតនារបស់លោក ដែលថា ពលរដ្ឋខ្មែរក្រោម គឺជាពលរដ្ឋវៀតណាម។ ទោះជាយ៉ាងណាក្ដី លោកថា រដ្ឋាភិបាលកម្ពុជា នៅតែមិនអាចធ្វើអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាមដដែល ដោយសារតែពលរដ្ឋខ្មែរក្រោមស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។
ការចេញមុខសុំទោសរបស់ លោក សុខ ឥសាន នេះ គឺក្រោយពេលដែលលោកបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុអាស៊ីសេរី នាពេលថ្មីៗ នេះ ដោយលោកថ្លែងថា ជនជាតិខ្មែរក្រោម គឺជនជាតិវៀតណាម។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ការថ្លែងសុំទោសរបស់មន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាច និងជាសមាជិកព្រឹទ្ធសភា គឺលោក សុខ ឥសាន គឺជារឿងល្អ ហើយលោកក៏ចង់ឃើញមន្ត្រីជាន់ខ្ពស់រូបនេះ ចេញលិខិតសុំទោសជាសាធារណៈផងដែរ។
បណ្ឌិត សឺន ជុំជួន ថ្លែងថា ទាំងពលរដ្ឋខ្មែរក្រោម និងខ្មែរកណ្ដាល គឺសុទ្ធតែជាជនជាតិខ្មែរតែមួយ ដូច្នេះ លោកថា រដ្ឋាភិបាលកម្ពុជាគួរតែចូលរួមការពារពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្រោមការរំលោភសិទ្ធិពីរដ្ឋាភិបាលវៀតណាម។
ចំណែកប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោម លោក ថើស ចន្រ្ទា ថ្លែងថា ការសុំទោសរបស់ លោក សុខ ឥសាន នៅមិនទាន់គ្រប់គ្រាន់ ដើម្បីឱ្យពលរដ្ឋខ្មែរទទួលយកបាននោះទេ ហើយលោកថា ជំនួសមកវិញ រដ្ឋាភិបាលកម្ពុជាគួរតែយកចិត្តទុកដាក់ ចំពោះពលរដ្ឋខ្មែរក្រោម ដែលបានមករស់នៅប្រទេសកម្ពុជា ដូចដែលអតីតព្រះមហាក្សត្រខ្មែរបានធ្វើកន្លងមក។
លោក ថើស ចន្រ្ទា បន្ថែមថា ថ្នាក់ដឹកនាំប្រទេសវៀតណាម តែងតែផ្ដាំផ្ញើរដ្ឋាភិបាលកម្ពុជាឱ្យមើលថែជនជាតិវៀតណាមកំពុងរស់នៅលើទឹកដីកម្ពុជា ដូច្នេះ លោកថា ថ្នាក់ដឹកនាំប្រទេសកម្ពុជា ក៏គួររៀនសូត្រពីចំណុចនេះដូចគ្នា។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានថ្វាយ និងដាក់ញត្តិចំនួន៥ ដាច់ដោយឡែកពីគ្នាទៅកាន់ស្ថាប័នព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយស្នើឱ្យលើកយកបញ្ហាខ្មែរក្រោម ទៅជជែកជាមួយប្រធានាធិបតីថ្មី របស់វៀតណាមលោក តូ ឡឹម (To Lam) ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា។
ក្នុងញត្តិទាំង៥ ដែលមានខ្លឹមសារដូចគ្នានោះ សមាគមខ្មែរកម្ពុជាក្រោម បានរៀបរាប់ថា បន្ទាប់ពីបារាំងបានកាត់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមមក ខ្មែរក្រោម ត្រូវរស់នៅក្រោមការត្រួតត្រាដោយរដ្ឋាភិបាលវៀតណាម ក្នុងស្ថានភាពកំព្រាឪពុកម្ដាយ និងអាណាព្យាបាល ពោលគឺព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលខ្មែរ និងស្នើឱ្យព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកម្ពុជាជំរុញទៅកាន់រដ្ឋាភិបាលវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិសេរីភាពព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។