ពលរដ្ឋ​ខ្មែរក្រោម​រំឭក​ខួប​ថ្ងៃ​បារាំង​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ត្រួតត្រា

0:00 / 0:00

ពលរដ្ឋ​ខ្មែរក្រោម​ដែល​រត់​ភៀសខ្លួន​មកពី​ដែនដី​កម្ពុជា​ក្រោម​មក​រស់នៅ​កម្ពុជា និង​ប្រទេស​ថៃ ប្រារព្ធ​ទិវា​រំឭក​ខួប ​៧៣​ឆ្នាំ ដែល​បារាំង​បាន​ផ្ទេរ​ដែនដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​ទាំង​បំពាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មិថុនា។

ពលរដ្ឋ​ខ្មែរក្រោម​ចូលរួម​ ១៣៨នាក់នៅ​ទីក្រុង​បាងកក (Bangkok )​ប្រទេស​ថៃ (Thailand) បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប​គម្រប់​ ៧៣​ឆ្នាំ ដែល​ដែនដី​កម្ពុជា ស្ថិត​ក្រោម​អាណានិគម​របស់​វៀតណាម។

ពលរដ្ឋ​ខ្មែរក្រោម ប្រារព្ធ​ពិធី​នេះ​ឡើង គឺ​ដើម្បី​តបស្នង​សងគុណ​ដល់​បុព្វបុរស ដែល​បាន​ពលី​ជីវិត​ចំពោះ​បុព្វហេតុ​ជាតិ និង​សាសនា ព្រមទាំងដាស់​ស្មារតី​កុលបុត្រ​ខ្មែរ​គ្រប់រូប ឲ្យ​ស្គា​ល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​បាន​ច្បាស់។

​ពលរដ្ឋ​ខ្មែរក្រោម​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ម្នាក់ មកពី​ខេត្ត​ឃ្លាំង លោកស្រី លី ស៊ីណាត អាយុប្រមាណ ៣០​ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្នុង​ថ្ងៃនេះ​ខ្មែរក្រោម​គ្រប់រូប​មានការ​ឈឺចាប់ ពេល​នឹក​ទៅដល់​ដី​កម្ពុជា​ក្រោម​ម្ដងៗ ព្រោះ​នៅ​ទីនោះ ខ្មែរក្រោម​បាត់បង់​សិទ្ធិ​សេរីភាព​សព្វបែបយ៉ាង​។ ​លោកស្រី​នៅតែ​រំពឹង​ទុក​ក្នុង​ចិត្ត​ថា ថ្ងៃ​ណាមួយ​ដែនដី​កម្ពុជា​ក្រោម​នឹង​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ​មិន​ខាន។ លោកស្រី​អំពាវនាវ​ដល់​កុលបុត្រ កុលធីតា​ខ្មែរ​ទាំងអស់​ ជាពិសេស ​ខ្មែរក្រោម ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ខ្ពស់ ព្រោះ​ថា​ បើ​ខ្មែរ​មាន​ចំណេះដឹង​គ្មាន​ជាតិ​សាស្ត្រ​ណាមួយ​មក​បៀតបៀន​បាន​ឡើយ​៖ «សម្រេច​វាសនា​ដោយ​ខ្លួនឯង​គឺ​ខ្មែរក្រោម​អាច​ចូលរួម​មតិ ឬក៏​ចូលរួម​ផ្នែក​នយោបាយ​ឬក៏​ចូលរួម​គ្រប់​សកម្មភាព​ក្នុង​សង្គម ហើយ​ជាពិសេស​យើង​ចង់​ទាមទារ​ទឹកដី​យើង​មកវិញ»។

រីឯ​ពលរដ្ឋ​ភៀសខ្លួន​ខ្មែរក្រោម​ម្នាក់ទៀត មក​ពី​ខេត្ត​ឃ្លាំង លោកស្រី ចៅ ធីសាច់ មក​រស់នៅ​ប្រទេស​ថៃ​ជាង​ ១០​ឆ្នាំ​ហើយ ឲ្យ​ដឹង​ថា ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម​នៅ​បាងកក​នេះ​បាន​ចាត់ចែង​បុណ្យ​រំឭក​ខួប​នេះ ជា​រៀងរាល់​ឆ្នាំ គឺ​ដោយសារ​ក្រុម​ខ្មែរក្រោម​ទាំងអស់​មានការ​នឹក​រឭក​ដល់​ស្រុកកំណើត និង​មើល​ឃើញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​យុវជន​ខ្មែរ​ក្រោម​ណា​ដែល​ហ៊ាន​ងើបឡើង​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល​វៀតណាម​។ លោកស្រី​បញ្ជាក់​ថា ទិវា​នេះ​គឺ​ចង់​ប្រាប់​ឲ្យ​កូនចៅ​ពួកគាត់​ដែល​រស់​ឆ្ងាយ​ពី​ស្រុកកំណើត ដឹងខ្លួន​ឯង​ជា​នរណា មាន​ដើមកំណើត​មក​ពី​ណា​៖ «ទាមទារ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​បង្កើត​ជា​សមាគម​។ ចង់បាន​នៅ​កម្ពុជា​ក្រោម វៀតណាម​ផ្តល់​សិទ្ធិ​ឥ​ឲ្យ​ខ្មែរ​ក្រោម​វិញ»។

គិតដល់​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២២ គឺ​មាន​រយៈពេល ៧៣​ឆ្នាំ​គត់​ដែល​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្ដេច​យួន បាវ ដាយ កាលពី​ឆ្នាំ​១៩៤៩​។ ចាប់តាំងពី​ពេល​នោះ​មក​ខ្មែរក្រោម​បាន​យក​ថ្ងៃទី​៤ មិថុនា គឺជា​ទិវា​ចងចាំ​តៗ​ រៀងមក។

ចំណែកឯ​ប្រធាន​ក្រុម​ជនភៀសខ្លួន​ខ្មែរក្រោម លោក ឡឹម កែវសំណាង ប្រាប់​អាស៊ីសេរី​ថា ការ​ប្រារព្ធ​ទិវា​នេះ គឺជា​សារ​មួយ​ដាស់​ទឹកចិត្ត​កុលបុត្រ​ខ្មែរ​ទាំងអស់​ឲ្យ​ខិតខំ​ស្វែងយល់​ពី​ច្បាប់ ដើម្បី​តតាំង​ជាមួយ​វៀតណាម ព្រោះ​ថាបើ​ខ្មែរ​ប្រើ​កម្លាំងបាយ​ពិតជា​មិន​អាច​ឈ្នះ​គេ​ទេ។ លោក​បន្ថែម​ថា មាន​តែ​ចំណេះវិជ្ជា សីលធម៌ និង​គុណធម៌​ទេ ដែល​អាច​ឲ្យ​ប្រជាជាតិ​យើង​រឹងមាំ​ទៅ​បាន ហើយនឹង​ខំ​បណ្ដុះបណ្ដាល​ទឹកចិត្ត​ស្នេហា​ជាតិ​ដល់​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​ចេះ​ឈឺឆ្អាល​រឿង​សង្គម ស្រឡាញ់​បងប្អូន នោះ​ជាតិ​ខ្មែរ​នឹង​គង់វង្ស​៖ «ដើម្បី​ជា​ម្ចាស់​ប្រទេស​យើង​ជា​អ្នក​ដើមកំណើត មិនមែន​ជា​វៀតណាម​ទេ។ យើង​ត្រូវ​ក្រោក​ឈរ​ឡើង​ទាមទារ​អ្វី​ដែល​យើង​ចង់បាន​ដូចជា​សិទ្ធិ​សេរីភាព ការ​អាន​អក្សរសាស្ត្រ និង​ការ​កសាង​វត្ត​ជាដើម ដែល​វៀតណាម​តែងតែ​ហាមឃាត់ វៀតណាម​ហាមឃាត់​ខ្មែរ​មិន​ឲ្យ​រៀនអក្សរ​សាស្ត្រ»។

នៅ​ប្រទេស​កម្ពុជា​វិញ ពលរដ្ឋ​ខ្មែរក្រោម​ក៏បាន​ប្រារព្ធ​ខួប​ ៧៣​ឆ្នាំ​នៃ​ការផ្ទេរ​ដែនដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​ដែរ ។ កម្មវិធី​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ មាន​វេទិកា​ពិភាក្សា​ផ្ដោត​សំខាន់​ទៅលើ​ការ​កៀប​សង្កត់​ផ្នែក​សិទ្ធិ​សេរីភាព វប្បធម៌ អក្សរសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី​របស់​មនុស្សជាតិ នៅ​ដែនដី​កម្ពុជា​ក្រោម​។ កិច្ចពិភាក្សា​នេះ តំណាង​ពលរដ្ឋ​ខ្មែរក្រោម​ល្បីៗ ក៏​ស្វែងរក​វិធីសាស្ត្រ​យ៉ាងណា​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម កុំ​ឲ្យ​ចាប់ចង​យុវជន​ដែល​ទាមទារ​សិទ្ធិ​ពី​រដ្ឋាភិបាល​វៀតណាម ព្រោះ​នា​ពេល​កន្លងមក​វៀតណាម​បាន​ចាប់​សកម្មជន​ខ្មែរក្រោម​ដាក់គុក​មាន​អតីត​ព្រះសង្ឃ លី ចិន្ដា ជាដើម​។ ថ្មីៗ​ មាន​យុវជន យឿង ខាយ ដែល​បាន​ផ្សព្វផ្សាយ​សៀវភៅ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។