គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម​គ្រោង​រួមគ្នា​ជា​បក្ស​តែ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣

0:00 / 0:00

គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម​គ្រោង​រួមគ្នា​ជា​បក្ស​តែ​មួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៣។ អ្នកតំណាង​គណបក្សទាំង២នេះរំពឹងថា ការរួបរួមនេះ​នឹង​បង្កើត​បាន​ជា​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី​មួយ ដើម្បី​បុព្វហេតុជាតិ ប្រជាធិបតេយ្យសេរី សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​ផលប្រយោជន៍​ខ្មែរ។ អ្នកតាមដាន​កិច្ចការ​បោះឆ្នោត​ស្វាគមន៍​ការរួបរួម​របស់​គណបក្ស​នយោបាយ​ទាំងឡាយ ព្រោះមានតែ​ការ​រួម​គ្នាទេ​ទើប​អាច​ឱ្យ​គណបក្ស​នយោបាយ​ក្រៅពី​គណបក្ស​កាន់​អំណាច​មាន​ឱកាស​បង្កើន​កម្លាំង​ប្រដំ​ប្រសង​គ្នា ដើម្បី​ទៅ​ប្រកួត​ប្រជែង។

មេដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​២ គឺ​គណបក្ស​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម​នឹង​ជួបពិភាក្សា​គ្នា​នៅ​ព្រឹកថ្ងៃទី១០ ខែតុលា នេះ ដើម្បី​ពិភាក្សា​លម្អិត ស្វែងរក​ការ​សម្រេច​រួម​ឈាន​ទៅ​រួបរួម​គ្នា បង្កើតជា​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​មួយ។

អគ្គលេខាធិការរង​គណបក្ស​ខ្មែររួបរួម​ជាតិ​លោក ទិប ទាវ ប្រាប់​វិទ្យុអាស៊ីសេរី​កាល​ពី​យប់ថ្ងៃទី៩ ខែតុលា ថា​គណបក្ស​ទាំង​២នឹង​ជជែក​ពី​របៀបដែល​អាច​រួបរួម​គ្នា​ទៅ​ជា​បក្ស​តែ​មួយ​បន្ថែម​ទៀត។ លោកថា ជម្រើស​ល្អ​បំផុត​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​ពេល ដែល​ពេល​វេលា​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ជាតិ​កាន់​តែ​ខើច​ណាស់​ទៅ​ហើយ​នេះ គណបក្ស​ទាំង​២​បាន​ព្រមព្រៀង​ថា នឹង​រួមគ្នា​នៅ​ក្រោម​ឈ្មោះ​គណបក្ស​តែមួយ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ លោកថា ការរួបរួមគ្នានេះ នឹង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​អ្នក​គាំទ្រ​ជា​ម្ចាស់​ឆ្នោត៖ « វាជា​ការ​ង្ហាញ​ឱ្យ​ឃើញ​អំពី​អ្នក​ប្រជាធិបតេយ្យ​បែប​កណ្ដាល​និយម​ចេះ​រួប​រួម​គ្នា ចេះ​សហការ​គ្នា​ក្នុង​នាម​យើង​ជា​ខ្មែរ​ដូចគ្នា ដើម្បី​ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត កាត់​មាន​ការ​កក់ក្ដៅ គាត់មានការ​បោះឆ្នោត​ជូន​គណបក្ស​រួបរួម​ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ »

គណបក្ស​ខ្មែររួបរួមជាតិ​របស់​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​កម្ពុជា​និយម​របស់​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រកាស​រួម​គ្នា​កាលពី​ថ្ងៃទី៧ ខែតុលា ថា​ការ​បង្កើត​ប៉ូល​នយោបាយ​ថ្មី​នេះ មាន​គោលដៅ​បង្រួប​បង្រួម ផ្សះផ្សា អ្នក​តស៊ូ ដើម្បី​បុព្វហេតុជាតិ អ្នកជាតិ​និយម​ប្រជាធិបតេយ្យ សេរី​និយម និង​លើក​កម្ពស់ ប្រជាធិបតេយ្យ​សេរី សិទ្ធិ​សេរីភាព ការ​គោរព​សិទ្ធិ​មនុស្ស យុត្តិធម៌​សង្គម សម្រាប់​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ប្រជាជាតិ​ខ្មែរ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris) ២៣ តុលា ១៩៩១។ សេចក្ដីប្រកាសរួម​ដដែល​ឱ្យ​ដឹងថា បក្ស​ទាំង​២​នឹង​ពិភាក្សា​បន្ថែម​ពី​ការ​រួបរួម​គ្នា​បង្កើត​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី ដោយមាន​សមាសភាព​ចូលរួម​ចម្រុះ​ពី​និស្សិត បញ្ញវន្ត យុវជន ស្ត្រី អ្នកតស៊ូមតិ ដើម្បី​បុព្វហេតុជាតិ អ្នក​ជាតិ​និយម និង​អ្នក​ប្រជាធិបតេយ្យ​សេរីនិយម។

ចំណែក​ស្ថាបនិក​គណបក្ស​កម្ពុជា​និយម​លោក ស៊ឹង រ៉េត បញ្ជាក់ប្រាប់ថា ការរួបរួមនេះ​ក៏ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​ប្រកួត​ប្រជែង​ដណ្ដើម​អាសនៈសមាជិក​សភា​ជា​មួយ​គណបក្ស​កាន់​អំណាច។ យ៉ាងនេះក្ដី​លោក​មិន​ទាន់​អាច​បញ្ជាក់​បានពី​ចំនួន​អាសនៈ ដែលរំពឹងថា នឹង​ឈ្នះ​ដោយ​សារ​ការ​រួបរួម​គ្នា​នេះ​នៅ​ឡើយ​ទេ៖ « ជាការពិត​ពេល​យើង​រួមគ្នា​វាតែង​តែ​មាន​សំឡេង​គ្រាន់​បើ​ជាង​យើង​មិន​រួមគ្នា។ អ្វី​ក៏​ដោយ​កាល​ណា​យើង​រួម​វា​ធំ កាល​ណា​យើង​បែក​វា​តូច។ ការរួមរួមនេះ​មាន​ក្ដីសង្ឃឹមថា មាន​ការ​រីក​ចម្រើន​លូតលាស់​ជាង​មុន »

ទាក់ទង​នឹង​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត ​និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្វ្រែល ​(COMFREL) ​លោក កន សាវាង្ស ស្វាគមន៍​ការ​រួបរួម​របស់​គណបក្ស​នយោបាយ​ទាំង​ឡាយ ព្រោះ​មាន​តែ​ការ​រួម​គ្នា​ទេទើប​អាច​ឱ្យ​គណបក្ស​នយោបាយ​ក្រៅ​ពី​គណបក្ស​កាន់​អំណាច​មាន​ឱកាស​បង្កើន​កម្លាំង​ប្រដំ​ប្រសង​គ្នា ដើម្បី​ប្រកួត​ប្រជែង។ តែ​ទោះជា​យ៉ាង​ណា​លោក កន សាវាង្ស ថា​លោក​នៅមិន​ទាន់​ដឹង​ថា តើ​ការ​រួបរួម​គ្នា​នេះ​មាន​ឥទ្ធិពល​កម្រិត​ណា​នៅ​ឡើយ នៅ​ពេល​ដែល​មាន​គណបក្ស​២​ទៀត គឺ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈខ្មែរ​បាន​រួបរួម​គ្នា​ជា​គណបក្ស​តែ​១​ដែរ៖ « ប្រសិន​បើ​មាន​ការ​រួម​បាន​ន័យ​ថា សំឡេង​ហ្នឹង ការ​គាំទ្រ​ហ្នឹង​វា​ទៅ​រួម​គ្នា​លើ​គណបក្ស​ដែល​ធ្វើ​ឱ្យ​គណបក្ស​មួយៗ​ហ្នុង​អាច​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ចាប់​យក​អាសនៈ​របស់ខ្លួន​នៅ​ក្នុង​ផ្នែក​ណា​មួយ គឺ​ជា​រឿង​មួយ ដែល​ល្អ។​ ប្រសិន​បើ​គណបក្ស​ទាំងអស់​អាច​រួមគ្នា​ឱ្យ​កាន់​តែ​តូច​ថែម​ទៀត​ក៏​រិត​តែ​ប្រសើរ »

ការប្រកាស​រួបរួម​គ្នា​របស់​គណបក្ស​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម​ធ្វើ​ឡើង​ភ្លាមៗ​នៅ​ក្រោយ​គណបក្ស​ឆន្ទៈខ្មែរ ប្រកាស​ទៅ​ចូលរួម​ជា​គណបក្ស​តែ​១ ក្រោម​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ២០២៣ ដែរ។

ទាក់ទង​នឹង​រឿង​នេះ លោក ទិប ទាវ ឆ្លើយតបថា គណបក្ស​ក៏​បើក​ចំហ​សម្រាប់​ការរួបរួម​ជា​មួយ​គណបក្ស​ផ្សេង​ទៀត​ដែរ នៅ​ពេល​ចោទ​សួរ​ថា តើហេតុអ្វី​គណបក្ស​មិន​ជ្រើស​រើស​ទៅរួបរួម​ជា​មួយ​សម្ព័ន្ធភាព​ថ្មី​រវាង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈខ្មែរ។

តែទោះជាយ៉ាង​ណា​គណបក្ស​ខ្មែររួបរួម​ជាតិ​បាន​ចេញ​ប្រកាស​ព័ត៌មាន​មួយ​កាល​ពីថ្ងៃទី៩ ខែតុលា ដោយ​ប្រកាស​ដកខ្លួន​ចេញ​ពី​សម្ព័ន្ធភាព​គណបក្ស​នយោបាយ​មួយ​ឈ្មោះ​ថា សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ដោយ​សម្អាង​ហេតុផល​ថា សម្ព័ន្ធភាព​នេះ​មិន​អាច​អនុវត្ត​ទៅ​បាន​ដោយ​រលូន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ៧​ខាង​មុខ​នេះ។

សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២០ ដោយ​គណបក្ស​ចំនួន​៣ គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​តែ​មួយ​របស់​លោក កែម រិទ្ធិសិត។ គោលបំណង​នៃ​ការ​បង្កើត​សម្ព័ន្ធភាព​នេះ គឺ​ដើម្បី​បណ្ដុះ​គំនិត​ជាតិ​និយម គំរូ​ថ្មី​មួយ ដើម្បី​យុវជន​ខ្មែរ​បន្តវេន​ដោយ​គ្មាន​វប្បធម៌​លាប​ពណ៌ ​និង​គ្មាន​វប្បធម៌​ក្តិច​ត្រួយ។ លើសពី​នេះ​គណបក្ស​ទាំង​៣ ធ្លាប់​អះអាង​ថា ជាការ​រួបរួម​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។

ពាក់ព័ន្ធ​នឹង​ការរួមគ្នា​របស់​គណបក្ស​ទាំង​ឡាយ​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ធ្លាប់​លើក​ឡើង​ថា គណបក្ស​របស់​លោក​មិន​បារម្ភ​ពី​ការ​រួបរួម​គ្នា​ទាំង​នោះ​ឡើយ ដោយ​លោក​ សម្អាងថា គណបក្ស​ទាំង​នោះ​ជា​គណបក្ស​ខ្សោយ​ព្រោះ​នាំ​គ្នា​រួមគ្នា​ពី​ការ​បែក​បាក់ ហើយ​បន្ទាប់​មក​ក៏​អាច​បែក​បាក់​ទៀត ហើយ​សុទ្ធតែ​ជា​គណបក្ស​ដែល​មិន​ធ្លាប់​ឈ្នះ​ឆ្នោត។

យ៉ាងណា​ក៏​ដោយ​ក្រុម​អ្នក​វិភាគ និង​សង្គមស៊ីវិល​នៅ​តែ​មើល​ឃើញថា ការ​រួបរួម​នឹង​ធ្វើ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មាន​កម្លាំង​ប្រកួត​ប្រជែង​ ដូចគេ​ធ្លាប់​ឃើញ​កម្លាំង​គណបក្ស​សង្រ្គោះជាតិ​ចូល​រួម​ការ​បោះឆ្នោត​ឆ្នាំ២០១៣​កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។