ពលរដ្ឋ​ខ្មែរ​រស់នៅ​ស្វីស​និង​បារាំង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ពី​រឿង​ព្រំដែន

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ស្វីស (Switzerland) និង​នៅ​ប្រទេស​បារាំង​ធ្វើ​បាតុកម្ម​នៅ​ខាងមុខ​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ (UN) ប្រចាំ​នៅ​ប្រទេស​ស្វីស ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ទៅ​និយាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​ឪពុក និង​កូន​នៃ​ត្រកូល «ហ៊ុន» គោរព​សិទ្ធិមនុស្ស​និង​បើក​លំហ​ប្រជាធិបតេយ្យ​គោរព​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​អ្នក​នយោបាយ សកម្មជន​សង្គម និង​លុបបំបាត់​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​និង​អំពើ​ពុករលួយ​ជាដើម។

អ្នកសម្របសម្រួល និង​ជា​តំណាង​ឲ្យ​អ្នកចូលរួម​បាតុកម្ម​លោក សេង ហាក់ រស់​នៅប្រទេស​ស្វីស មានប្រសាសន៍​ឲ្យ​ដឹង​ថា ជាមួយគ្នា​នោះ​ដែរ​ពួកគាត់​ក៏​ទាមទារ​ឲ្យ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បង្ហាញ​តម្លាភាព​ក្នុង​ការចរចា​ជាមួយ​ប្រទេស​ថៃ​ទាក់ទង​នឹង​បញ្ហា​បូរណភាព​ទឹកដី​ជាតិ​ជាពិសេស​បញ្ហា កោះ​គជ់ ដែល​ភាគី​ថៃ ចង់​លេប​យក​ទាំងស្រុង​និង​តំបន់​ដែល​ពួកគេ​អះអាង​ថា​ត្រួតស៊ីគ្នា​នោះ​ត្រូវ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​បើ​មិន​ដូច្នេះ​ទេ សូម​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន​ត្រូវ​ប្រើប្រាស់​យន្តការ​អន្តជាតិ​ដោយ​ប្ដឹង​តាមផ្លូវ​ច្បាប់​ទៅ​តុលាការអន្តរជាតិ (ICA)​ទាមទារ​យក​តំបន់​ទឹក​និង​កោះ​គជ់​របស់​ខ្មែរ​នោះ​មក​វិញ។

លោក សេង ហាក់៖ «អ៊ីចឹង​សូម​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​កុំ​ឲ្យ​មហាជន​បាត់បង់​ទំនុកចិត្ត​ធ្វើ​អី​ឲ្យ​មាន​តម្លាភាព ធ្វើ​ឲ្យ​បាតុកម្ម​វា​នឹង​ផ្ទុះឡើង​កាលណា​គេ​សង្ស័យ​ថា មានអី​នៅ​ពី​ក្រោយខ្នង​គេ​ផ្ទុះឡើង​ហើយ​កាលណា​ផ្ទុះឡើង​រដ្ឋាភិបាល​ចេះតែ​ចោទប្រកាន់​លាប​ពណ៌ បង្កើត​បរិយាកាស​ឲ្យ​ខ្មែរ​និង​ខ្មែរ​ឈ្លោះ​គ្នា​មានការ​បែងចែក​បក្ខពួក​អញ្ចឹង​យើង​ជា​ខ្មែរ​.​យើង​អត់​សប្បាយចិត្ត​ទេ​.....»។

ក្រុម​បាតុករ​ថ្លែង​ទៀត​ថា ពួកគេ​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ចរចា​ទ្វេភាគី​ឡើយ ព្រោះ​គេ​យល់​ឃើញ​ថា មេដឹកនាំ​រដ្ឋាភិបាល​ឪពុក​និង​កូន នៃ​ត្រកូល​ហ៊ុន​នឹង​គ្មាន​អំណាច​ឬ​ឥទ្ធិពល​លើ​ភាគី​ថៃ​ឡើយ​ផ្ទុយទៅវិញ​អាច​នឹង​មាន​ការ​ឃុបឃិត​គ្នា​លះបង់​ផលប្រយោជន៍​ជាតិ​ទៅ​ឲ្យ​ថៃ​ជា​ថ្នូរ​បាន​មក​វិញ​នូវ​ប្រយោជន៍​បុគ្គល​សម្រាប់​តែ​ត្រកូល​ហ៊ុន​បាន​បន្ត​កាន់អំណាច​ដោយ​សុខ​ស្រួល​តែប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង មន្ត្រី​រដ្ឋាភិបាល​ឆ្លើយតប​អំពី​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៣ វិច្ឆិកា។

ក្រុម​បាតុករ​ក៏​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លុបចោល​គម្រោង​ធ្វើ​ច្បាប់​ដាក់​សកម្មជន​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​ខ្មែរ​ក្នុង និង​ក្រៅប្រទេស​ដែល​តែងតែ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នោះ ថា​ជា​ក្រុម​ឧក្រិដ្ឋជន​ប្រព្រឹត្តិ​ខុសច្បាប់​នោះ​ទេ ព្រោះ​នេះ​ជា​សិទ្ធិ​ស្របច្បាប់​របស់​មនុស្ស​នៅ​ទូទាំង​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។