បាតុករខ្មែរ​ជាង ៥០០នាក់​នៅ​ប្រទេស​ជប៉ុន​ធ្វើ​បាតុកម្ម​ដើរ​ហែ​ក្បួន​ប្រឆាំង​របប​ក្រុង​ភ្នំពេញ

0:00 / 0:00

0:00 / 0:00

បាតុករខ្មែររាប់រយ​នាក់ បាន​ដើរ​ហែ​ក្បួន កាន់​បដា និង​ស្រែក​ប្រឆាំង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន នៅ​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី១២ ខែ​សីហា។ ក្រុម​បាតុករ​ភាគ​ច្រើន គឺ​ជា​យុវជន ដែល​រស់នៅ និង​ធ្វើ​ការ ក្នុង​ប្រទេស​ជប៉ុន ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក កាណាដា និង​កូរ៉េ​ខាង​ត្បួង​ចូលរួម​ដែរ។ ក្រៅ​ពី​នេះ ក៏​មាន​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បង្ហាញ​វត្តមាន​ក្នុង​ការ​ទាមទារ​នេះ​ដែរ។

សម្រែក​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង បាន​លាន់​ឮ​ពេញ​ផ្លូវ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ជា​កន្លែង​ដែល​ក្រុម​បាតុករ​ដើរ​ហែ​ក្បួន​ធ្វើ​បាតុកម្ម។ ការ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​នេះ ព្រោះ​បាតុករ​មិន​ទទួល​ស្គាល់​ថា របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​ដឹក​នាំ​ប្រទេស​ស្រប​ច្បាប់​នោះ​ទេ។

អ្នក​ដឹក​នាំ​បាតុកម្ម និង​ជា​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា ប្រាប់​អាស៊ី​សេរី​ថា អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​មាន​ជាង ៥០០នាក់។ លោក​យល់​ថា នេះ​ជោគជ័យ​ខណៈ​ការ​ទាមទារ ដែល​ធ្វើ​ឡើង​ចំ​ថ្ងៃ​ធ្វើ​ការ ប៉ុន្តែ​បែរ​ជា​អ្នក​ចូលរួម​ច្រើន​បែប​នេះ។ លោក​បន្ត​ថា សារ​សំខាន់​ដែល​ក្រុម​បាតុករ​ចង់​បង្ហាញ​ទៅ​សហគមន៍​ជាតិ និង​អន្តរជាតិ មាន​បួន​ចំណុច​សំខាន់ៗ ចំណុច​អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ក្រុម​បាតុករ​ប្រកាស​ថា ពួក​គេ​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​ក្នុង​ឆ្នាំ២០១៩ នេះ៖ «យើង​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ទីក្រុង​ប៉ារីស​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​របប​ក្រុង​ភ្នំពេញ​ដឹក​នាំ​ដោយ​ជន​ផ្តាច់ការ ហ៊ុន សែន ហ្នឹង ហើយ​ទី២ យើង​ចង់​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ជួយ​ធ្វើ​សាក្សី​ដឹង​ឮ​អំពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​ទី៣ គឺ​យើង​ប្រឆាំង​ដាច់​ខាត​ពី​អ្វី ដែល​របប​លោក ហ៊ុន សែន គ្រោង​ធ្វើ​លើ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​គាត់​ជា​ម្ចាស់​ស្រុក ដែល​គាត់​គ្រាន់​តែ​ទៅ​ប្រទេស​​កំណើត​គាត់​វិញ​ហេតុ​អី លោក ហ៊ុន សែន ចង់​សម្លាប់​ចង់​ចាប់​ចង​ពួក​គាត់។ ទី៤ យើង​នៅ​ប្រកាស​ថា យើង​មិន​ដែល​ទទួល​ស្គាល់ ហើយ​នៅ​តែ​មិន​ទទួល​ស្គាល់​របប​ខុស​ច្បាប់​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ»

បាតុកម្ម​នេះ​ចែក​ចេញ​ជា​ពីរ​វគ្គ។ វគ្គ​ទី១ ចាប់​ផ្តើម​ពី​ម៉ោង១០ ព្រឹក​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ ជា​ការ​ធ្វើ​វេទិកា​សាធារណៈ ដែល​មាន​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី មូរ សុខហួរ ឡើង​ថ្លែង​សារ។ បន្ទាប់​មក​ នៅ​វគ្គ​ទី២ ក្រុម​បាតុករ​ដើរ​ហែ​ក្បួន ចាប់​ពី​ម៉ោង ២ ដល់​ម៉ោង ៣រសៀល។ ក្នុង​ពេល​ធ្វើ​វេទិកា​សាធារណៈ​ស្តីពី​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី មូរ សុខហួរ លើក​ឡើង​ថា ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ត្រូវ​តែ​យក​សិទ្ធិ​នេះ​ធ្វើ​ជា​ឧបករណ៍​ស្រប​ច្បាប់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទាមទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ។ អ្នកស្រី ចាត់​ទុក​ការ​ចោទ​ប្រកាន់​ពី​តុលាការ​កម្ពុជា ដែល​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ធ្វើ​ការ​ចោទ​ប្រកាន់​នានា ទាក់ទង​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​គណបក្ស​នេះ គឺ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ​ទេដែល​ជា​ការ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ៖ «តុលាការ​តេឡេ​ហ្នឹង តុលាការ​ជឹបអូចៗ ហ្នឹង​មែន​ទេ ? មាន​សិទ្ធិ​អំណាច​អី​តុលាការ​បែប​ហ្នឹង មែន​ទេ​បងប្អូន

បាតុករ​ម្នាក់ លោក សេង ការី ដែល​បាន​ចំណាយ​ពេល​ជាង ១៦ម៉ោង​ធ្វើ​ដំណើរ​ពី​ព្រំដែន​ប្រ​ទេស​​​​ជប៉ុន​មក​ចូលរួម​ធ្វើ​បាតុកម្ម​នេះ ប្រាប់​អាស៊ី​សេរី​ថា អ្វី​ដែល​លោក​លះបង់ គឺ​ចង់​ឃើញ​ប្រទេស​​ជប៉ុន និង​ប្រទេស​សេរី​ផ្សេង​ទៀត​ជំរុញ​ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​ងាក​មក​ស្តារ​ប្រជាធិប​តេយ្យ​​និង​សិទ្ធិ​មនុស្ស​ឡើង​វិញ។ បាតុករ​រូប​នេះ​ផ្ញើ​សារ​ទៅ​របប​ក្រុង​ភ្នំពេញ​ថា ការ​ក្រោក​ឡើង​របស់​ក្រុម​យុវជន​ពេល​នេះ ជា​ការ​បង្ហាញ​ថា នេះ​គឺ​ជា​ការ​ទាមទារ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ផ្តាច់​ការ​ខុស​ច្បាប់​ចេញ​ពី​កម្ពុជា៖ «កូន​ខ្មែរ​ពិត​ជា​មាន​ការ​សាមគ្គី​គ្នា​មែន ហើយ​កូន​ខ្មែរ​ពិត​ជា​ចង់​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ ដែល​គាត់​មិន​​បាន​គោរព​ស្រលាញ់​ពលរដ្ឋ​ខ្មែរ​ហើយ​គាត់​មិន​បាន​យក​បេះដូង​ខ្លួន​មក​បម្រើ​ជាតិ​ពិត​ប្រាកដ​ទេ គាត់​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ​គាត់​បម្រើ​តែ​ផល​ប្រយោជន៍​ឲ្យ​បរទេស ជា​ពិសេស គឺ​វៀតណាម និង​ចិន​តែ​ម្តង »

បាតុករម្នាក់ទៀត អ្នកនាង សៀ ណៃគួយ បង្ហាញចិត្តរីករាយនៅពេលឃើញមាន​បាតុករ​ចូល​​រួម​ច្រើន​ដូច​នេះ។ យុវជនខ្មែរនៅក្រៅស្រុករូបនេះស្នើទៅពលរដ្ឋខ្មែរ​ក្នុងប្រទេសឲ្យត្រៀម​ខ្លួនទទួល លោក សម រង្ស៊ី និងពួកគេទាំងអស់គ្នាដែលអមដំណើរ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស​​សង្គ្រោះ​​ជាតិ​ផ្សេង​ទៀត ដែល​នឹង​វិល​ទៅកម្ពុជាវិញក្នុងឆ្នាំ២០១៩ នេះ៖ «ក្នុង​អារម្មណ៍​ខ្ញុំ គឺ​សប្បាយ​​ចិត្ត​​ក្នុង​​ថ្ងៃ​​នេះ​​ណាស់ ព្រោះចង់ឃើញការរួបរួមហើយដែលបានឃើញប្រជាជនយើងមកចូលរួម​ច្រើន។ សូម​ផ្តាំ​ទៅ​របប​ក្រុង​ភ្នំពេញ​ថា ទោះ​ពួក​យើង​មាន​កំលាំង​​នៅ​ស្តួច​​ស្តើង​​ក៏​​ពិត​​មែន​ប៉ុន្តែ​​​កំលាំង​​​របស់​​ពួក​​ខ្ញុំ​សន្សំ​គ្នា​ធ្វើ​ជា​រឿយៗ អ៊ីចឹង​ហើយ​បើ​ទោះ​ជា​របប​អ្នក​ខ្លាំង​ប៉ុណ្ណា ក៏​ដោយ​ក៏​ថ្ងៃ​ណា​មួយ​ក៏​គង់​រលំ​រលាយ​ទេ ខ្ញុំ​ជឿ​ជាក់​អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​នឹង​ខំ​តស៊ូ​ព្យាយាម​រហួត​ដល់​តែ​ដួល​បាន»

ការធ្វើបាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​បែប​នេះ ក្នុង​ពេល​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នីតិវិធី​ព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពួក​គេ​យល់​ថា បើ​របប​ក្រុង​ភ្នំពេញ​ព្រម​ធ្វើ​តាម​ការ​ទាមទារ​​របស់​បាតុករ​គឺ​នឹង​អាច​បញ្ចៀស​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​​សហភាព​អឺរ៉ុប។

មេដឹកនាំ​បាតុកម្ម​លោក ហៃ វណ្ណា ថា ជំហាន​បន្ទាប់​ក្រោយ​ពេល​ធ្វើ​បាតុកម្ម​នេះ លោក​នឹង​ផ្ញើ​ញត្តិ​តាម​ប្រៃសណីយ៍ ទៅ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន និង​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ជា​ហត្ថ​លេខី នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣តុលា ពី​អ្វី​ដែល​ក្រុម​បាតុករ​ស្នើ​សុំ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ឮ និង​ជួយ​ធ្វើ​អន្តរាគមន៍​ស្តារ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។