គណបក្សឆន្ទៈខ្មែរគ្រោងស្នើសុំរដ្ឋាភិបាលតាមរយៈប្រធានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចុះពិនិត្យស្ថានភាពព្រំដែន ដែលយោធាវៀតណាមបោះតង់ និងសង់សំណង់រឹងនៅខេត្តមួយចំនួន។ ថ្នាក់ដឹកនាំគណបក្សឆន្ទៈខ្មែរ អំពាវនាវឱ្យយុវជន និងអ្នកនយោបាយទាំងឡាយកុំភ្លេចខ្លួន ចូលរួមតាមដាន និងអង្កេតព្រំដែន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ប្រធានគណបក្សឆន្ទៈខ្មែរប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ ធ្នូថា ប្រតិភូគណបក្សឆន្ទៈខ្មែរនឹងចុះទៅពិនិត្យស្ថានភាពព្រំដែននៅខេត្តកណ្ដាល និងខេត្តតាកែវជាថ្មីទៀត បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយបន្តិច។ ទន្ទឹមនឹងនេះ គណបក្សឆន្ទៈខ្មែរនឹងស្នើសុំលិខិតបេសកកម្មជាផ្លូវការពីរដ្ឋាភិបាល តាមរយៈប្រធានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើកិច្ចការងារនេះឱ្យរលូន។
ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បន្ថែមថា មូលហេតុដែលគណបក្សឆន្ទៈខ្មែរចង់ចុះពិនិត្យស្ថានភាពព្រំដែន ដើម្បីផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ថា តើវៀតណាមពិតជារុះរើតង់ និងសំណង់រឹងចេញពីតំបន់ព្រំដែនពិតមែន ឬយ៉ាងណា? លោកថា ក្រោយពីធ្វើកិច្ចការងារនេះរួចរាល់គណបក្សឆន្ទៈខ្មែរតាមរយៈឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នឹងស្នើឱ្យគណៈកម្មាធិការជំនាញព្រំដែនស្រាយបំភ្លឺរឿងនេះ៖ «ចាប់ផ្ដើមដំបូងពីខេត្តតាកែវ និងខេត្តកណ្ដាលវានៅកៀកគ្នា ដើម្បីធ្វើការសិក្សាមើលតើស្ថានភាពជាក់ស្ដែងវាយ៉ាងម៉េច ? ដើម្បីថា កន្លែងណា ដែលមានចម្ងល់យើងនឹងត្រឡប់មកវិញ យើងធ្វើជារបាយការណ៍អាចធ្វើការចោទជាសំណួរ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ពីអាជ្ញាធរជាតិ គណៈកម្មការទទួលបន្ទុកព្រំដែនហ្នឹងផងដែរ។ ដូចនេះយើងនៅមានគម្រោងជាបន្តបន្ទាប់ » ។
កាលពីពាក់កណ្ដាលឆ្នាំ២០២០ ប្រតិភូគណបក្សឆន្ទៈខ្មែរបានស្នើសុំរដ្ឋាភិបាល ចុះពិនិត្យស្ថានភាពព្រំដែន នៅខេត្តកណ្ដាល ក៏ប៉ុន្តែអាជ្ញាធរខេត្តនេះបានរារាំង និងហាមមិនឱ្យចូលតំបន់ព្រំដែន ដោយលើកហេតុផលថា ជាបញ្ជាពីថ្នាក់លើ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បដិសេធមិនឆ្លើយសំណួរអាស៊ីសេរីទេ ដោយលោករុញឱ្យសួរទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង និង អ្នកស្រី កុយ ពិសី៖ «ខ្ញុំអត់មានបន្ទុកដែលមានសមត្ថកិច្ចអនុញ្ញាតទេ សួរទៅគណៈកម្មការចម្រុះកម្ពុជា និងវៀតណាម » ។
អាស៊ីសេរីបានព្យាយាមទាក់ទងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង និងអ្នកស្រី កុយ ពិសី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី៩ ធ្នូ។
ទោះបីជាយ៉ាងណាកន្លងមកអាជ្ញាធរខ្មែរអះអាងថា មានខេត្តចំនួន ២ គឺខេត្តស្វាយរៀង និងខេត្តកណ្ដាលវៀតណាមបានរុះរើតង់ និងសំណង់រឹងចេញទាំងអស់ បន្ទាប់ពីមានការសន្ទនាតាមវីដេអូរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀង សួនហ្វុក (Nguyen Suon Phok) នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទងអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និងអភិបាលខេត្តកំពតលោក ជាវតាយ ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេ ព្រោះទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃដដែលនេះ។
ទោះយ៉ាងណាក្ដី លោក ជាវ តាយ ធ្លាប់ប្រាប់អាស៊ីសេរីថា វៀតណាមនៅមិនទាន់រុះរើតង់ចំនួន ៤២ កន្លែងចេញពីតំបន់ព្រំដែនឋិតក្នុងភូមិសាស្ត្រខែត្រនេះនៅឡើយទេ។ លោកថា វៀតណាមសន្យាថា នឹងរុះរើតង់ចេញបន្ទាប់ពីជំងឺកូវីដ១៩ ផុតរលត់ទៅ។
សមាជិកក្រុមការងារ ១០០រាត្រី លោក ឃីម សុខុម គាំទ្របេសកកម្មរបស់គណបក្សឆន្ទៈខ្មែរ ហើយលោកចាត់ទុកថា ជាផ្នែកមួយការពារអធិបតេយ្យភាពជាតិ។ តែទោះយ៉ាងណាលោកមិនសង្ឃឹមថា រដ្ឋាភិបាលនឹកបើកផ្លូវឱ្យគណបក្សនេះ ទៅពិនិត្យតំបន់ព្រំដែនបានងាយស្រួលនោះទេ ព្រោះអាជ្ញាធរហាក់មានចេតនាលាក់បាំងរឿងនេះ៖ «បើសិនជាមានឱកាសបានទៅ ទើបច្បាស់ហ៊ាននិយាយថា គាត់រើចេញ ឬក៏មិនរើចេញ ឬក៏វិវត្តដល់កន្លែងណាហើយ។ រើតង់ និងបង្គោលចេញ ខ្ញុំគិតថា វាមិនជាការពិតប៉ុន្មានទេ វាគ្រាន់តែជាពាក្យមួយសម្រាប់ធ្វើឱ្យពលរដ្ឋក្នុងប្រទេស ឬក៏យុវជនអ្នកឈឺឆ្អាលរឿងព្រំដែនមានអារម្មណ៍ស្ងប់ » ។
រីឯប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេ (Norway) លោក ម៉ែន ណាត ចាត់ទុកផែនការចុះពិនិត្យព្រំដែន លើកទី២ របស់គណបក្សឆន្ទៈខ្មែរគឺជារឿងល្អ ដើម្បីពញ្ញាក់ស្មារតីយុវជន និងពលរដ្ឋងាកមកចាប់អារម្មណ៍រឿងព្រំដែន។ លោកសង្កេតឃើញថា ការផ្ទុះជំងឺកូវីដ១៩ ពលរដ្ឋហាក់មិនសូវចាប់អារម្មណ៍រឿងព្រំដែនបានទូលំទូលាយនោះទេ៖ «ចង់ចុះទៅមើលព្រំដែន គឺយើងលើកទឹកចិត្តឱ្យមានការចូលរួមទៅឱ្យបានច្រើនទៅ ហើយអំពាវនាវឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ហ្នឹងអនុញ្ញាតឱ្យពួកគេចុះទៅ ដើម្បីពិនិត្យមើលបញ្ហាការបោះតង់ បោះជំរំ និងបោះបង្គោលព្រំដែន តាមព្រំដែនហ្នឹងវាយ៉ាងណាហើយ ? ក្នុងរយៈពេលជិត ១ឆ្នាំកន្លងទៅនេះហ្នឹង » ។
កាលពីចុងខែកក្កដាកន្លងទៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អាស៊ីសេរីថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែង នៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែននៃភូមិសាស្ត្រខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។