អ្នកវិភាគថា អ្នកនយោបាយបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញប្រឈមនឹងការបាត់បង់ប្រជាប្រិយភាពដែលខ្លួនខំកសាងជាយួរមកហើយ។ ការលើកឡើងបែបនេះ ក្រោយពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ទៀតដែលកំពុងជាប់ក្ដីក្ដាំនៅតុលាការបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយ ត្រូវបានព្រះមហាក្សត្រសម្ដេច នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយនៅថ្ងៃទី១២ ខែមេសា នេះ។
អតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំងលោក ថាច់ សេដ្ឋា ជាអ្នកនយោបាយទី១៥ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ដែលជាប់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ទាក់ទងការសុំសិទ្ធិនេះអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក ថាច់ សេដ្ឋា បានទេនៅថ្ងៃទី១២ ខែមេសា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះយ៉ាងណា មុនពេលមានការសុំសិទ្ធិនេះអតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង និងជានាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោមរូបនេះកំពុងជាប់បណ្ដឹងនៅតុលាការក្រុងភ្នំពេញក្រោមចោទប្រកាន់លោកពីបទរួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីអំឡុងឆ្នាំ២០១៩។
មុនពីរថ្ងៃដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឱ្យលោក ថាច់ សេដ្ឋា បែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា មានមន្ត្រីគណបក្សប្រឆាំងស្នើសុំធ្វើនយោបាយ ប៉ុន្តែពេលនោះលោកមិនបានបញ្ចេញឈ្មោះ នោះទេ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយឡើងវិញស្មើនឹងទទួលស្គាល់ថា គណបក្សកាន់អំណាចរំលាយបក្សប្រឆាំងគឺជារឿងស្របច្បាប់ ហើយអ្នកទាំងនោះអាចពិបាករកការគាំទ្រពីពលរដ្ឋ។ លោកសង្កេតឃើញថា កន្លងមកមិនមានអ្នកនយោបាយដែលទទួលបានប្រជាប្រិយភាព ឬលទ្ធភាពអូសទាញសំឡេងពីពលរដ្ឋបាននោះទេ ក្រោយពីពួកគេសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ «»
អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំងដែលកំពុងភៀសខ្លួននៅប្រទសថៃ លោក ដួង ចន្ត្រា យល់ថា ការសម្រេចចិត្តរបស់លោក ថាច់ សេដ្ឋា ជាការក្បត់ឆន្ទៈម្ចាស់ឆ្នោត។ លោក ដួង ចន្ត្រា ដែលស៊ូលះបង់ងារជាឯកឧត្តមមកធ្វើការសំណង់ព្រោះមិនក្បត់ឆន្ទៈរាស្ត្រផ្ដាំផ្ញើទៅមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងទៀត រក្សាជំហរឱ្យបានរឹងមាំមិនត្រូវទន់ជ្រាយ ឬទ្រុឌទ្រោមតាមការអូសទាញ ឬគំរាមកំហែងរបស់បក្សកាន់អំណាច។ «»
ជុំវិញរឿងនេះ អាស៊ីសេរីមិនទាន់សុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
មេដឹកនាំបក្សប្រឆាំងតែងចោទប្រកាន់ថា គណបក្សកាន់អំណាចតែងតែប្រើប្រាស់គ្រប់រូបភាពទាំងអស់ក្នុងការគំរាមកំហែងដាក់សំពាធមន្ត្រីបក្សនេះសុំសិទ្ធិ ឬចុះចូលជាមួយខ្លួន។
ក្នុងនោះមន្ត្រីជាប់ឆ្នោតនៃគណបក្សប្រឆាំងនៅមូលដ្ឋានត្រូវគេដកហូតមុខតំណែង និងជាប់ក្ដីក្ដាំតាមផ្លូវតុលាការ ចំណែកឯតំណាងរាស្ត្រជាប់ឆ្នោតវិញត្រូវជាប់បម្រាម និងការរើសអើងនយោបាយ ចំពោះអ្នកនៅក្រៅស្រុកត្រូវគេលុបសុពលភាពលិខិតឆ្លងដែន ដែលមិនអាចឱ្យពួកគាត់ធ្វើដំណើរទៅស្រុកខ្មែរវិញបានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។