ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានយាងនិវត្តន៍មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៥ កញ្ញានេះ ក្រោយគង់នៅប្រទេសចិនអស់រយៈពេលជាង ១ខែ ដើម្បីពិនិត្យព្រះរាជសុខភាព។
ក្រុមមេដឹកនាំកំពូលៗនៃរបបក្រុងភ្នំពេញ រួមមានប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានរដ្ឋសភា លោក ហេង សំរិន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត បានទៅទទួលព្រះរាជដំណើររបស់ព្រះអង្គនៅវាលយន្តហោះអន្តរជាតិភ្នំពេញ។
ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះជន្ម ៦៩ ព្រះវស្សា។ ព្រះអង្គទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់ ក៏ប៉ុន្តែជួនកាល ទ្រង់ក៏យាងទៅប្រទេសចិនមុនកាលវិភាគដែរ នៅពេលរបបលោក ហ៊ុន សែន ធ្វើច្បាប់ណាមួយដែលប្រាស់ចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ។
ជាឧទាហរណ៍ កាលពីដើមខែមីនាឆ្នាំ២០២១ ទ្រង់បានយាងចេញពីកម្ពុជា និងគង់នៅទីក្រុងប៉េកាំងអស់រយៈពេលជាច្រើនសប្តាហ៍ ស្របពេលដែលរបបលោក ហ៊ុន សែន កំពុងបង្កើតច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត។ ហើយកាលពីពាក់កណ្តាលឆ្នាំ២០២០ ព្រះអង្គក៏ទ្រង់យាងទៅប្រទេសចិនដែរ ចំពេលរបបក្រុងភ្នំពេញចាប់ផ្តើមធ្វើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន។
អ្នកតាមដានស្ថានការណ៍នយោបាយយល់ថា ព្រះរាជដំណើររបស់ព្រះអង្គនៅពេលនោះគឺដោយសារទ្រង់មិនសព្វព្រះរាជហឫទ័យក្នុងការឡាយព្រះហស្ដលេខាលើការបង្កើតច្បាប់ទាំងនេះ ព្រោះទ្រង់ដឹងថា របបលោក ហ៊ុន សែន នឹងយកលេសនេះធ្វើទុក្ខបុកម្នេញថែមទៀតលើសកម្មជនបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងអ្នករិះគន់ ដើម្បីរក្សាអំណាចតវង្សត្រកូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។