ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ ស្នើទៅរដ្ឋាភិបាលបារាំងឱ្យជួយអន្តរាគមន៍ដោះលែងឪពុកអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយលោក ស៊ន តារាចេញពីកណ្ដាប់ដៃរបស់លោក ហ៊ុន សែន ព្រមទាំងជំរុញឱ្យជួយស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ពួកគេព្រមានចេញធ្វើបាតុកម្ម ហើយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងរងទណ្ឌកម្មពីសហគមន៍អន្តរជាតិបន្ថែមទៀត បើមិនដោះស្រាយអំពើឧក្រិដ្ឋគាបសង្កត់ឆ្លងដែន និងរំលោភសិទ្ធិមនុស្សឱ្យប្រសើរនោះទេ។
ករណីសមត្ថកិច្ចចាប់ឪពុកបង្កើតរបស់លោក ស៊ន តារា យកទៅធ្វើជាចំណាប់ខ្មាំងនយោបាយ ត្រូវបានអង្គការសង្គមស៊ីវិល មន្រ្តីគណបក្សប្រឆាំងប្រតិកម្មជាបន្តបន្ទាប់។ ជាមួយគ្នានេះពួកគាត់បានធ្វើសកម្មភាពការទូតចាប់ផ្តើមដាក់លិខិតស្នើដល់រដ្ឋាភិបាលប្រទេសបារាំងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យដោះលែងលោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន ដារា ឱ្យមានសេរីភាព ព្រមទាំងទម្លាក់បទចោទក្លែងក្លាយនោះ។
ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យបានបញ្ជាក់នៅក្នុងលិខិតបន្ទាន់មួយច្បាប់ផ្ញើទៅមន្រ្តីក្រសួងការបរទេសបារាំងនៅថ្ងៃទី១៤ ខែវិច្ឆិកាថា ការចាប់ឪពុកលោក ស៊ន តារា នៅប្រទេសកម្ពុជាគឺជាទង្វើគាបសង្កត់ឆ្លងដែនលើលោក ស៊ន តារា ដែលជាសមាជិកបក្សប្រឆាំងកំពុងភៀសខ្លួននៅប្រទេសបារាំង ដោយសារលោកបន្តរិះគន់ក្នុងន័យស្ថាបនា ចំពោះមេដឹកនាំក្រុងភ្នំពេញ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានអ្នកតាមដានរាប់ម៉ឺននាក់។
ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់វិទ្យុអាស៊ីសេរីថា ការចាប់លោក សុខ ស៊ុនណារ៉េត យកទៅធ្វើជាចំណាប់ខ្មាំង គឺដើម្បីបំបិទមាត់ការរិះគន់របស់លោក ស៊ន តារា នៅក្រៅប្រទេស។ អ្នកស្រីថាលោក ហ៊ុន សែន កំពុងប្រើអំណាចផ្ដាច់ការ គ្មានគុណធម៌ និងជាអំពើឧក្រិដ្ឋរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ ហើយបញ្ហានេះធ្វើឱ្យប៉ះពាល់ប្រយោជន៍ជាតិ។ អ្នកស្រី មូរ សុខហូរ ជឿថាប្រទេសបារាំង រួមជាមួយប្រទេសលោកសេរី ដែលម្ចាស់ហត្ថលេខី នឹងប្រើប្រាស់តួនាទីរបស់ខ្លួនស្របស្មារតី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឬដាក់ទណ្ឌកម្មលើបុគ្គលដែលរំលោភសិទ្ធិមនុស្សបន្ថែមទៀត ដើម្បីជំរុញឱ្យអ្នកកាន់អំណាចនៅកម្ពុជាដោះលែងឪពុកលោក ស៊ន តារា និងបញ្ឈប់អំពើរំលោភសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ។
អ្នកស្រី មូរ សុខហួរ៖ «អ្វីដែលលោក ហ៊ុន សែន ធ្វើនេះគឺខុសនឹងច្បាប់អន្តរជាតិ ហើយវាជាការប៉ះពាល់គុណធម៌ សីលធម៌ មនុស្សធម៌ធ្ងន់ធ្ងរណាស់ គាត់អត់មានទាល់តែសោះ វាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់អារម្មណ៍ និងអនាគតនៃគ្រួសារមួយទាំងមូល។ រឿងនេះយើងផ្ដែផ្ដាំ រំលឹកដល់ម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីសឱ្យទទួលខុសត្រូវនូវអ្វីដែលប្រទេសទាំងនោះ បានសន្យាជាមួយប្រទេសកម្ពុជា ជាមួយពលរដ្ឋខ្មែរថា នឹងផ្តល់ជូនប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដល់ពលរដ្ឋយើង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែវិច្ឆិកា។
រាជអាវុធហត្ថខេត្តកំពង់ស្ពឺបានចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលជាឪពុករបស់លោក ស៊ន ដារា នៅក្រុងច្បារមន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ ការចាប់ខ្លួននេះកើតឡើងអំឡុងពេល មេបញ្ជាការភូមិភាគ៣ហៅឱ្យលោកទៅជួប។ តុលាការខេត្តកំពង់ស្ពឺបានចោទប្រកាន់លោក ពីបទ ពាក់ព័ន្ធការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបញ្ជូនទៅឃុំនៅពន្ធនាគារ។
ទោះយ៉ាងណាក្ដី មន្ត្រីគណបក្សប្រឆាំង មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋទូទៅមើលឃើញថា ការចាប់ខ្លួនឪពុកលោក ស៊ន តារា ជាប់ពាក់ព័ន្ធរឿងនយោបាយ ដោយមិនមែនជាការអនុវត្តច្បាប់អ្វីនោះឡើយ។
លោក សុខ ស៊ុនណារ៉េត ធ្លាប់ជាទាហានសឹករងខេត្តកំពង់ស្ពឺ និងធ្លាប់មានតួនាទីជានាយរងសេនាធិការ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២។ កន្លងមក ដោយសារលោក ហ៊ុន សែន អូសទាញលោក ស៊ន តារា ឱ្យផ្ដាច់ខ្លួនចេញពីបក្សប្រឆាំងមិនបានដូចបំណង មេបក្សកាន់អំណាច ដែលត្រួតត្រាអំណាចគ្រប់ស្ថាប័នទាំងអស់នៅកម្ពុជារូបនេះ បានបង្ខំឱ្យឪពុករបស់លោក ស៊ន តារា កាត់កាល់កូនប្រុសចោល។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី(Australia) លោក ស៊ឹង សែនករុណា មើលឃើញថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលតែងតែរងការធ្វើទុក្ខបុកម្នេញពីលោក ហ៊ុន សែន នោះជាការគំរាមកំហែងឆ្លងដែន ដោយលោក ហ៊ុន សែន បង្កើតសាច់រឿង ដើម្បីធ្វើទុក្ខបុកម្នេញ និងដាក់កំហិតលើលោក ស៊ន តារា ឱ្យឈប់និយាយរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលត្រកូល ហ៊ុន។ លោកមើលឃើញថា ការតស៊ូមតិរបស់អ្នកប្រជាធិបតេយ្យនៅក្រៅប្រទេសនៅតែមានឥទ្ធិពល ហើយលោកជឿ ថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងរងសម្ពាធការទូត ជាពិសេសរងទណ្ឌកម្មពីសហគមន៍អន្តរជាតិថែមទៀត បើមិនបញ្ឈប់សកម្មភាពធ្វើទុកបុកម្នេញ ការរំលោភសិទ្ធិមនុស្សលើអ្នកនយោបាយ និងពលរដ្ឋនោះទេ។
លោក ស៊ឹង សែនករុណា៖ «ការសរសេរលិខិតទៅក្រសួងការបរទេសបារាំងដែលជាស្ថាបនិកនៃកិច្ចព្រមព្រៀងក្រុងប៉ារីស គឺខ្ញុំគាំទ្រ ហើយខ្ញុំក៏ទទូចដល់បណ្ដាប្រទេសម្ចាស់ហត្ថលេខីផ្សេងៗ ទៀត សូមពិនិត្យមើលឡើងវិញ អំពីការអនុវត្តបំពាន ការលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងគឃ្លើនពីសំណាក់អ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន ដែលប្រមាថមើលងាយទៅលើច្បាប់អន្តរជាតិ ជាពិសេសពាក់ព័ន្ធទៅនឹងគោលការណ៍សិទ្ធិមនុស្ស និងកតិកាសញ្ញា អនុសញ្ញាសិទ្ធិមនុស្សទាំងឡាយ»។
ក្រៅពីសុំកិច្ចអន្តរាគមន៍រដ្ឋាភិបាលបារាំងហើយ លោក មូរ សុខហូរ ឱ្យដឹងថា ការតស៊ូមតិតាមរយៈការទូតបន្តទៀត គឺលោកស្រីនឹងយកករណីលោក ហ៊ុន សែន គាបសង្កត់ឆ្លងដែន រំលោភសិទ្ធិមនុស្ស ដាក់លិខិតប្ដឹងទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត ម៉ុនតាបន(Vitit Muntarbhorn)។ ទន្ទឹមនឹងនេះ អ្នកស្រី ក៏នឹងដាក់លិខិតស្នើដល់បណ្ដាប្រទេសប្រជាធិបតេយ្យដទៃទៀត ដើម្បីជួយជំរុញ និងដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ងាកមកអនុវត្តស្របតាម «ច្បាប់អន្តរជាតិ» ដើម្បីធានាការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងការប្រកួតប្រជែងដោយស្មើភាពគ្នា។
អ្នកស្រី មូរ សុខហូរ បញ្ជាក់ថាទោះបីលោក ហ៊ុន សែន ប្រើឧបាយកលទុច្ចរិកដោយយកក្រុមគ្រួសាររបស់អ្នករិះគន់មកដាក់សម្ពាធ គំរាមកំហែងឆ្លងដែនយ៉ាងណាក្តី ក៏អ្នកនិយមប្រជាធិបតេយ្យ ជាពិសេស ពលរដ្ឋ និងយុវជនខ្មែរនៅក្រៅប្រទេស នៅតែតាំងចិត្តមុតមាំ បន្តស្មារតីតស៊ូមតិគ្រប់រូបភាព ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីយកឈ្នះអំណាចផ្ដាច់ការ ឆ្ពោះទៅគោលដៅជំរុញកម្ពុជាមានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។