តុលាការក្រុងភ្នំពេញប្រកាសសាលក្រម ផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ (KSILA) ឱ្យជាប់ទោសពន្ធនាគារ ៤ឆ្នាំ ដោយសារការលើកឡើងរបស់លោកជុំវិញជម្លោះដីធ្លីនៅខេត្តព្រះវិហារ កាលពីខែមីនា។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលថា តុលាការមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីផ្ដន្ទាទោសលើប្រធានសមាគមរូបនេះឡើយ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា កាត់ទោសប្រធានសមាគម ដែលតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស និងបរិស្ថាន គឺលោក កើត សារ៉ាយ លើសំណុំរឿង «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ ៤៩៥ និងមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។
ចៅក្រមជំនុំជម្រះ លោក សាន ប៊ុនធឿន ថា លោក កើត សារ៉ាយ និងក្រុមការងារ មិនបានសុំអាជ្ញាធរ ហើយលោកមិនមានជំនាញក្នុងការដោះស្រាយបញ្ហាដីធ្លី រវាងប្រជាពលរដ្ឋនៅឃុំស្រយ៉ង់ ខេត្តព្រះវិហារ ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន សីលាដាម៉ិច (Seladamex Co. Ltd) នោះទេ។
លោក សាន ប៊ុនធឿន បន្តថា លោក កើត សារ៉ាយ បានប្រើប្រាស់ពាក្យសម្ដីញុះញង់ក្នុងបណ្ដាញសារព័ត៌មានក្នុងនោះ រួមទាំងការផ្ដល់បទសម្ភាសន៍ទៅកាន់វិទ្យុអាស៊ីសេរី ដូចជា ការលើកឡើងរបស់លោក កើត សារ៉ាយ ថា ប្រជាពលរដ្ឋនឹងមិនវាយដំទៅជាមួយទាហាន ដែលមានកាំភ្លើងនោះទេ គឺជាការបញ្ចេះកំហឹងពលរដ្ឋឱ្យស្អប់រដ្ឋាភិបាល។
លោក សាន ប៊ុនធឿន ចាត់ទុកការលើកឡើងរបស់លោក កើត សារ៉ាយ ថា ក្នុងសម័យមានសន្តិភាព ប៉ុន្តែ មានប្រជាពលរដ្ឋមួយក្រុមកំពុងរត់ភៀសខ្លួនក្នុងព្រៃ គឺជារឿងអាណោចអាធ័ម គឺជាសម្ដីញុះញង់ឱ្យមានការបែងចែកវណ្ណៈក្នុងសង្គម។ លោក សាន ប៊ុនធឿន ថា ការកាត់ទោសឱ្យលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំនេះ គឺជាការបន្ថែមទោស «មិនរាងចាល» ដែលលោក កើត សារ៉ាយ ត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈិមដដែល ក្នុងរយៈពេល ៥ឆ្នាំម្ដងហើយនោះ។
ភ្លាមៗ បន្ទាប់ពីការប្រកាសសាលក្រម នគរបាលបានដាក់ខ្នោះ លោក កើត សារ៉ាយ បញ្ជូនចេញ ហើយលោក កើត សារ៉ាយ ក៏មិនបាននិយាយអ្វីនោះដែរ។
លោក កើត សារ៉ាយ កំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសរអស់រយៈពេល ២១៥ថ្ងៃមកហើយ គិតត្រឹមថ្ងៃទី៦។ ការចាប់ខ្លួនលើកនេះ ក្រោយលោកត្រឡប់ពីជួបក្រុមពលរដ្ឋមានទំនាស់ដីធ្លីដែលពួនក្នុងព្រៃ និងគេចពីការតាមចាប់របស់អាជ្ញាធរខេត្តព្រះវិហារកាលពីអំឡុងខែមីនាកន្លងទៅ។ លោក កើត សារ៉ាយ បានលើកឡើងពីផលលំបាក ដែលប្រជាពលរដ្ឋកំពុងរត់គេចខ្លួនក្នុងព្រៃនោះ ហើយលោកបានទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការដេញចាប់ប្រជាពលរដ្ឋ និងងាកមកស្វែងរកដំណោះស្រាយជូនពលរដ្ឋវិញ។ នៅមុនការស្នើសុំរបស់លោក កើត សារ៉ាយ អាជ្ញាធរបានខេត្តព្រះវិហារចាប់ខ្លួនពលរដ្ឋជាង ២០នាក់ និងដុះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក្រោមហេតុផលថា ពួកគាត់រស់នៅលើដីក្រុមហ៊ុន។
ម្ដាយរបស់លោក កើត សារ៉ាយ គឺលោកស្រី ចាប យ៉ែម វ័យ ៧៧ឆ្នាំ លើកឡើងថា លោកស្រីទើបនឹងដឹងនៅពេលផ្ដល់សម្ភាសន៍នេះ ហើយលោកស្រីមានការតក់ស្លុត និងសោកស្ដាយជាខ្លាំង ចំពោះការកាត់ទោសកូនប្រុសលោកស្រី ដែលគ្មានកំហុសទាល់តែសោះ។ លោកស្រីថា ជំងឺប្រចាំកាយរបស់លោកស្រីកាន់តែខ្លាំង និងមិនអាចធ្វើដំណើរទៅជួបកូនប្រុសបាន ដូច្នេះ លោកស្រីស្នើតុលាការទម្លាក់ការចោទប្រកាន់មកលើកូនលោកស្រីឱ្យមានសេរីភាពឡើងវិញ។
លោកស្រី ចាប យ៉ែម៖«សោកស្ដាយណាស់ក្មួយអើយ សោកស្ដាយ ព្រោះអីកូនខ្ញុំមិនបានធ្វើអីខុស ព្រោះគេដាក់ឡើង ៤ឆ្នាំ សោកស្ដាយណាស់និយាយមិនកើតទេ បើនិយាយពីជីវភាពរបស់យាយដូចជាត្រដាបត្រដួសណាស់ វាមិនសូវជាមានអីពឹងផ្អែកប៉ុន្មានទេ។ អស់ពីកូនទៅ យាយដូចជាស្រាលខ្លួនហើយ ដូចជា ស្រឡះអស់ គ្មានទីពឹងអីទៀតទេក្មួយ»។
ក្រោយចេញពីសវនាការ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាក្នុងនាមជាអង្គការសង្គមស៊ីវិលមានការខកចិត្ត ដែលតុលាការកាត់ទោសអ្នកការពារសិទ្ធិមនុស្សឱ្យជាប់ពន្ធនាគារ ហើយលោកថា ភស្តុតាងដែលបានចោទប្រកាន់ទៅលើលោក កើត សារ៉ាយ មិនមានមូលដ្ឋានគ្រប់គ្រាន់នោះទេ។ លោកថា ការកាត់ទោសនេះ ក៏នឹងធ្វើឱ្យអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ព្រួយបារម្ភដែរ។
លោក អំ សំអាត៖«ទាំងមេធាវី ទាំងការលើកឡើងរបស់លោក កើត សារ៉ាយ ក្នុងការដោះសារ បង្ហាញភស្តុតាងក្នុងការដោះបន្ទុកហ្នឹង យើងមើលទៅវាមិនទាន់មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទេ ហ្នឹងហើយបានជាយើងមានការសោកស្ដាយ ដែលលោក កើត សារ៉ាយ ត្រូវបានផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរបានន័យថា ជាអតិបរមា»។
នៅថ្ងៃដដែលនេះ អង្គការសង្គមស៊ីវិលចំនួន ១០ស្ថាប័ន រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) ជាដើម ចេញសេចក្ដីថ្លែងការណ៍ ទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងលោក កើត សារ៉ាយ ព្រោះពួកគេថា សកម្មភាពរបស់លោក កើត សារ៉ាយ ដែលបានចុះទៅជួបប្រជាពលរដ្ឋ ដើម្បីអំពាវនាវឱ្យអាជ្ញាធរមានការអត់ធ្មត់ ក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី គឺជាការប្រើប្រាស់សិទ្ធិដោយស្របច្បាប់។ ដូច្នេះ សកម្មភាពទាំងនេះមិនគួរត្រូវបានចោទប្រកាន់ និងដាក់ទោសទណ្ឌនោះទេ។ ផ្ទុយមកវិញ រដ្ឋាភិបាលគួរកោតសរសើរ និងលើកទឹកចិត្ត លោក កើត សារ៉ាយ ទៅវិញ។ អង្គការសង្គមស៊ីវិលថាការកាត់ទោស លោក កើត សារ៉ាយ នេះ ជាការបង្ហាញជាថ្មីទៀតនូវការគំរាមកំហែង និងការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ជាពិសេស សកម្មជនសិទ្ធិមនុស្ស ដីធ្លី ព្រៃឈើ បរិស្ថាន និងសកម្មជនសង្គមផ្សេងទៀត។
កាលពីឆ្នាំ២០២០ លោក កើត សារ៉ាយ ត្រូវបានតុលាការបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២០ខែ ពីបទ «ញុះញង់» នៅពេលលោកចេញតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន។
កាលពីដើមខែកក្កដាកន្លងទៅនេះ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួន ក្រោយពេលតុលាការក្រុងភ្នំពេញបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ អំពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។ ចំណែកយុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន ៣នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារពីបទរួមគំនិតក្បត់ និងញុះញង់ ហើយទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក៏ត្រូវបានបិទផងដែរ។ ទោះជាយ៉ាងណាក្ដី អង្គការជាតិ និងអន្តរជាតិបានថ្កោលទោសជាបន្តបន្ទាប់ទៅលើការបង្ក្រាបសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរនេះថា ជាផែនការរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្នុងការបំបិទសំឡេងរិះគន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។