ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំទួលព្រះឃ្លាំង ខេត្តកំពង់ចាម គឺលោក អៀម ទិត បានភៀសខ្លួនទៅក្រៅប្រទេស ក្រោយពីកូនប្រុសរបស់លោកស្លាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាមដោយសង្ស័យថា ជាករណីឃាតកម្មផ្នែកនយោបាយ។
សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ផ្សេងទៀតនៅខេត្តកំពង់ចាម លោក ស្រង់ ឡាយប្រាប់អាស៊ីសេរីថា លោក អៀម ទិត បានទៅដល់កន្លែងមានសុវត្ថិភាពហើយក្រោយភៀសខ្លួនចេញពីប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ។លោកបញ្ជាក់ថា លោក អៀម ទិត តែងតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនក្រោយពីបានភៀសខ្លួនមកស្នាក់នៅក្នុងផ្ទះរបស់លោកមួយរយៈពេលខ្លី៖ «ពីខេត្តមកគេអ្នកនាំឱ្យគេចេញទៅតែមកខ្ញុំនេះគ្រាន់តែបានមកស្នាក់នៅហូបចុកបណ្ដោះអាសន្ន អ៊ីចឹងទៅគេថា ចាំនាំទៅក្រៅចេញទៅថៃ » ។
លោក អៀម ទិត បានភៀសខ្លួនចេញពីក្នុងភូមិបន្ទាប់ពីកូនប្រុសរបស់លោកឈ្មោះ ទិត រ៉ន ស្លាប់នៅក្នុងមន្ទីរឃុំឃាំងដោយសង្ស័យថា ទទួលរងនូវការធ្វើទារុណកម្មជនសង្ស័យរហូតស្លាប់នៅក្នុងពន្ធនាគារ។
អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ធ្លាប់ប្រាប់អាស៊ីសេរីថា លោកធានាដល់សុវត្ថិភាពលោក អៀម ទិត នៅក្នុងស្រុកមិនចាំបាច់ភៀសខ្លួនរកកន្លែងសុវត្ថិភាពទេ។
ការភៀសខ្លួនរបស់លោក អៀម ទិត បានធ្វើឡើងស្របពេលនឹងគណៈកម្មការចម្រុះដឹកនាំដោយក្រសួងមហាផ្ទៃ បានចុះស៊ើបអង្កេតឡើងវិញ ករណីស្លាប់កូនប្រុសរបស់លោកនៅក្នុងមន្ទីរឃុំឃាំង។
ក្រោយពីចុះស៊ើបរយៈពេលមួយថ្ងៃ របបក្រុងភ្នំពេញបានចេញរបាយការណ៍បឋមថា ជនសង្ស័យលោក ទិត រ៉ន ពិតជាបានស្លាប់ដោយសារការដួលខ្លួនឯងក្នុងបន្ទប់ទឹក មិនមែនជាករណីឃាតកម្មឡើយ។
បើទោះបីជាមានការអះអាងបែបនេះក្តីក៏មន្ត្រីអង្គការសង្គមស៊ីវិលដែលតាមឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅតែទាមទារអោយស៊ើបអង្កេតដោយឯករាជ្យដោយសង្ស័យថា ជនរងគ្រោះទទួលរងការវាយដំធ្វើទារុណកម្មធ្ងន់ធ្ងរមុនពេលស្លាប់។
ទាក់ទិននឹងករណីនេះដែរ ក្រសួងការបរទេសអាមេរិក អំពាវនាវឱ្យរបបលោក ហ៊ុន សែន ចាត់ការស៊ើបអង្កេតករណីនេះដោយឯករាជ្យ និងជាបន្ទាន់មួយ ដើម្បីរកឱ្យឃើញមូលហេតុពិតនៅពីក្រោយការចាប់ខ្លួន និងការស្លាប់របស់កូនមន្ត្រីបក្សប្រឆាំងរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។