អ្នកវិភាគ​ថា លោក គង់ គាំ សុខ​ចិត្ត​បាត់បង់​ផ្ទះ ដីធ្លី ជា​ថ្នូរ​នឹង​ការ​មិន​ជាប់​ពន្ធនាគារ

អ្នកវិភាគ​លើក​ឡើង​ថា លោក គង់ គាំ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ត្រូវ​ប្រគល់​ដីធ្លី និង​ផ្ទះ​សម្បែង​ជូន​រដ្ឋ​វិញ ទៅ​តាម​ការ​គំរាម​កំហែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឡើយ ដើម្បី​ជៀសវាង​ជាប់​ពន្ធនាគារ។

អ្នកវិភាគ​លើក​ឡើង​បែប​នេះ នៅ​ក្រោយ​ពេល​លោក គង់ គាំ បាន​ប្រកាស​ថា លោក​បាន​ប្រគល់​ដី និង​ផ្ទះ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នោះ ជូន​ក្រសួង​ការ​បរទេស​វិញ​ហើយ ទោះបីជា​លោក មាន​ប្លង់​កម្មសិទ្ធិ​ក៏​ដោយ។

អ្នក​វិភាគ​លើក​ឡើង​ថា លោក គង់ គាំ សុខ​ចិត្ត​បាត់បង់​ផ្ទះ ដីធ្លី ជា​ថ្នូរ​នឹង​សេរីភាព និង​សន្តិសុខ។

លោក គឹម សុខ ឲ្យដឹង កាល​ពី​យប់​ថ្ងៃ​ទី១២ មករា​ថា លោក គង់ គាំ តុលាការ ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​អាវុធ ផ្ដាច់​មុខ​សម្រាប់​បម្រើ​នយោបាយ​របស់​ខ្លួន។

លោក គឹម សុខ៖«មិន​ត្រឹមតែ​ជា​រងទ្រព្យ​សម្បត្តិ​ទេ បើ​សិន​ជា​លោក គង់ គាំ នៅ​តែ​មានៈ លោក​អាច​ប្រឈម​នឹង​សន្តិសុខ គុក ច្រវាក់ ឬ​អាយុ​ជីវិត​របស់​លោក​ថែម​ទៀត​ផង»។

លោក គង់ គាំ និងភរិយា បាន​ផ្ដិត​មេដៃ​លើ​ខិត​ប្រគល់​ដី និង​ផ្ទះ​នេះ ផ្ញើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី១២ មករា។ លិខិត នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្រាវជ្រាវ​ជា​បន្ទាន់ អំពី ករណី​ផ្ទះ និង​ដីធ្លី​របស់​លោក គង់ គាំ នេះ។ លោក ហ៊ុន សែន បាន​ចោទ​ថា លោក គង់ គាំ បាន​លួច​បន្លំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ផ្ទះសម្បែង​ទៅ​វិញ។

លិខិត​របស់​លោក គង់ គាំ សរសេរ​ថា លោក​មិន​បាន​ដឹង​អស់​អំពី​បែប​បទ​នៃ​ការ​សុំ​កាន់​កាប់​ផ្ទះ និង​ដី នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ លោក​បញ្ជាក់​ថា ដើម្បី​កុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ខាត​ពេល​វា​ស្រាវជ្រាវ ហើយ​ដើម្បី​បញ្ចប់​ករណី​នេះ​លោក​នឹង​ភរិយា សូម​ប្រគល់​ផ្ទះ និង​ដី​លេខ៧១ ជូន​រដ្ឋ​វិញ។ លោក គង់ គំា អរគុណ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង លោក ហ៊ុន សែន ដែល​បាន​អនុគ្រោះ​ជូន​លោក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា លោក គង់ គាំ ប្រគល់​ដី​ជូន​រដ្ឋ​វិញ​នេះ នៅ​បន្ទាប់​ពី​លោក គង់ គាំ បាន​ជួប​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី១២ មករា ប្រមាណ ៣ម៉ោង​កន្លះ។ ក្រោយ​ពី​លោក គង់ គាំ​ប្រកាស​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​នេះ លោក ហ៊ុន សែន សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ភ្លាមៗ ថា លោក​នឹង​ឈប់​ប្ដឹង​លោក គង់ គាំ ទៀត ។

នៅ​មុន​ពេល​គង់ គាំ សម្រេច​ចិត្ត​លិខិត​ប្រគល់​ជូន​ក្រសួង​ការ​បរទេស ឬ​រដ្ឋ​វិញ​នេះ លោក និង​កូន​ប្រុស​របស់​លោក គឺ​លោក គង់ មុនីកា បាន​សរសេរ​លិខិត​ដាច់​ដោយឡែក​ពី​គ្នា​ស្នើសុំ​ជួប​លោក ហ៊ុន សែនដែរ។ លិខិត​របស់​លោក គង់ គាំ នោះ គឺ​ចង់​និយាយ​ជាមួយ​លោក ហ៊ុន សែន អំពី ដី ផ្ទះ​របស់​លោក និង រឿង​គណបក្ស​ប្រជាជន​កម្ពុជា ខែត្រ​ត្បូងឃ្មុំ​ប្ដឹង​លោក ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​អសន្តិសុខ​សង្គម និង​ទាមទារ​ជំងឺ​ចិត្ត​ចំនួន ៥០ម៉ឺន​ដុល្លារ។ ដោយឡែកលោក គង់ គាំ ក៏​ប្រឈម​នឹង​ពាក្យ​បណ្ដឹង​ពី​ក្រសួង​ការ​បរទេស​មួយ​ទៀត ឲ្យ​ប្រគល់​ដី និង​ផ្ទះ​ឲ្យ​ក្រសួង​នេះ​វិញ ដោយ​ថែម​ទាំង​ទារ​ជំងឺ​ចិត្ត​ចំនួន ១លាន​ដុល្លារ​ថែម​ទៀត​ផង។ នៅ​មុន​ពេល​លោក គង់ គាំ ប្រគល់​ដី និង​ផ្ទះ​ជូន​រដ្ឋ​វិញ​នេះ លោក គង់ គាំ ត្រូវ​បង់​ជំងឺ​ចិត្ត ១លាន ៥សែន​ដុល្លារ ដែល​ត្រូវ​បង់​ទៅ​ក្រសួង​ការ​បរទេស និង​គណបក្ស​ប្រជាជន​កម្ពុជា។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​លោក គង់ គាំ ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បាន​ទេ កាល​ពី​ថ្ងៃ​ទី១២ មករា។

ទោះ​បី​ជា​ណា​ក្ដី លោក គង់ គាំ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១១ មករា​ថា ដី និង​ផ្ទះ​នេះ លោក​បាន​ទៅ​ស្នាក់នៅ​តាំង​ពី​ឆ្នាំ១៩៨២ ហើយ​ក្រសួង​ការ​បរទេស​បាន​ចេញ​បង្កាន់​ដៃ​ឲ្យ​លោក​ត្រឹមត្រូវ។ រហូត​មក​ដល់​ឆ្នាំ២០១៥ ខាង​សុរិយោដី បាន​ចុះ​ទៅ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​នេះ ជូន​លោក​ថែម​ទៀត​ផង។ លោក​មិន​បាន​លួច​បន្លំ​ធ្វើ​លិខិត​កាន់កាប់​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី តាម​ច្បាប់​ភូមិបាល​បាន​ចែង​ថា អ្នក​ណា​ហើយ​រស់នៅ​លើ​ដី​រដ្ឋ ចាប់​ពី ៥ឆ្នាំ​ឡើង​ទៅ ដោយ​គ្មាន​ជំទាស់​ពី​ភាគី​ណា​មួយ​នោះ គឺ​ដីធ្លី ឬ​អចលនទ្រព្យ​បាន​ក្លាយ​ជា​ទ្រព្យ​ច្បាប់​របស់​បុគ្គល​នោះ។ លោក​ថា លោក​សុខចិត្ត​លះបង់​ទ្រព្យ​សម្បត្តិ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។

ទាក់ទង​នឹង​បញ្ហា ដើមចម​ដែល​ធ្វើ​ឲ្យ​លោក គង់ គាំ បាត់បង់​ដីធ្លី​ផ្ទះ​សម្ដែង ទោះជា​លោក​មាន​ប្លង់​កាន់កាប់​រឹងមាំ​ទៅ​ហើយ​ក្ដី​នេះ គឺ​មក​ពី​លោក ហ៊ុន សែន ខឹង​សម្បារ និង​លោក គង់ គាំ រឿង​លោក គង់ គាំ និយាយ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១២ មករា នា​ឱកាស​ជួប​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​កំណើត​មក​ពី​ខាង​កើត គឺ​សំដៅ​ដល់​ប្រទេស​វៀតណាម។ ក្រោយ​ពី​ឮ​ដូច្នេះ លោក ហ៊ុន សែន ប្រតិកម្ម​ភ្លាមៗ ហើយ​លោក​បាន​សើរើ​រឿង​ផ្ទះ​សម្ដែង​របស់​លោក គង់ គាំ នេះ។ លោក​បាន​ព្រមាន​ឲ្យ​លោក គង់ គាំ ត្រូវ​ប្រគល់​ដី​ផ្ទះ​នេះ​ជូន​រដ្ឋ​វិញ ក្នុង​រយៈ​ពេល ១ខែ​ជា​កំហិត គិត​ចាប់​ពី "ថ្ងៃ​ទី១១ ខែមករា" តទៅ។

លោក ហ៊ុន សែន៖«ខ្ញុំ​សុំ​ដាស់តឿន ដាស់តឿន(គង់ គាំ)ជា​ការ​ព្រមាន​បន្ថែម ហ្អែង សាក​មើលៗ។ ខ្ញុំ​ហ៊ាន​វាយ​ខ្នោះ​ជន​ក្បត់​ជាតិ​ម៉ោង ១២យប់ ហ្អែង​ចាំ​មើល?អ្នក​ឯង​ចង់​និយាយ​អី​និយាយ​ទៅៗ កុំ​តែ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​ឯង​ដឹង​ថា គេ​ឈឺ​ទេ?»។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ បញ្ជាក់​ថា រឿង​លោក ហ៊ុន សែន ទាមទារ​ផ្ទះ​លោក គង់ គាំ នេះ មិន​មែន​ជា​រឿង ដើម្បី​ផល​ប្រយោជន៍​ជាតិ​អ្វី​ទេ គឺ​សំខាន់​លោក គង់ គាំ​ និយាយ​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច ដែល​លោក ហ៊ុន សែន ចង់​បិទបាំង​អំពី​ប្រវត្តិ​ពិត​របស់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក គឹម សុខ បន្ថែម​ថា ប្រសិនបើ​លោក ហ៊ុន សែន ចង់​រឹបអូស​ផ្ទះសម្បែង ដីធ្លី​របស់​លោក គង់ គាំ ដាក់​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​វិញ​នោះ គឺ​លោក ហ៊ុន សែន ខ្លួន​ឯង និង​មន្ត្រី​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ទៀត ត្រូវ​ប្រគល់​ផ្ទះ ដែល​ពួក​គេ​រស់នៅ​សព្វថ្ងៃ​នេះ ជូន​រដ្ឋ​វិញ​ដែរ។

លោក គង់ គាំ អតីត​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក ហ៊ុន សែន។ ក្រោយ​មក លោក​បាន​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក គង់ គំា អះអាង​ថា មូលហេតុ ដែល​លោក​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ដោយសារ​តែ​លោក​ស្រឡាញ់ ប្រជាធិបតេយ្យ។ លោក​បាន​មក​ធ្វើ​នយោបាយ​នៅ​គណបក្ស​ប្រឆាំង​ជាមួយ​លោក សម រង្ស៊ី។ លោក​ធ្លាប់​ជា​អនុប្រធាន​គណបក្ស សម រង្ស៊ី ដែល​បច្ចុប្បន្ន ប្ដូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន៕

កំណត់​ចំណាំ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។