លោក គង់ គាំ និង​គ្រួសារ​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ ដែល​ស្នាក់នៅ​ជាង ៤០ឆ្នាំ​មក​ហើយ​ជា​បណ្ដើរៗ ហើយ

ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ និង​ក្រុម​គ្រួសារ​បាន​រើ​សម្ភារៈ និង​ឥវ៉ាន់​ចេញ​ពី​ផ្ទះ និង​ដី​របស់​លោក​ជា​បណ្ដើរៗ ហើយ។

កូន​ប្រុស​របស់​លោក គង់ គាំ គឺ​លោក គង់ មុនីកា បាន​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ សង្គម ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី១៧ មករា បង្ហាញ​ពី​សកម្មភាព​រថយន្ត​ដឹក​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​ឪពុក​របស់​លោក ក្រោយ​ពី​ប្រគល់​ផ្ទះ និង​ដី​ទៅឱ្យ​​រដ្ឋាភិបាល ក្រោយ​ពី​លោក ហ៊ុន សែន គំរាម​វាយ​ខ្នោះ លោក គង់ គាំ។

នៅ​ក្រោម​រូបភាព​មួយ​សន្លឹក​ដែល​លោក គង់ មុនីកា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន បាន​បង្ហោះ រូបភាព​ រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះ​លេខ៧១ ផ្លូវ​សុធារស រាជធានី​ភ្នំពេញ​នេះ អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​បាន​សរសេរ​ខំមិន (Comment) ចូលរួម​សម្ដែង​អំពី​ការ​សោកស្ដាយ។

លោក គង់ គាំ បាន​ប្រគល់​ផ្ទះ ដី ដែល​មាន​ប្លង់​កម្មសិទ្ធិ និងកាន់​កាប់​ជាង ៤០ឆ្នាំ​មក​ហើយ ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី១២ មករា ទៅ​តាម​ការ​ទាមទារ​របស់​លោក ហ៊ុន សែន។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ នៅ​ថ្ងៃ​ទី១៩ មករា​ថា មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទៅ​ដល់​ផ្ទះ​លោក គង់ គាំ​ នៅ​ថ្ងៃ​ទី១២ មករា​នោះ​ បន្ទាប់​ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន។ ពួក​គេ​បាន​ឲ្យ​ជម្រើស​ពីរ​ទៅ​លោក គង់ គាំ ទី១ ត្រូវ​វាយ​ខ្នោះ​លោក គង់ គាំ និង​ភរិយា​ យក​ទៅ​ដាក់​ពន្ធនាគារ។ ទី២ គេ​នឹង​មិន​ធ្វើ​អ្វី​ទាំង​អស់​ តែ​ត្រូវ​ប្រគល់​ដី និង​ផ្ទះ​ទៅ​ឱ្យ​​រដ្ឋាភិបាល ទៅ​តាម​ការ​ទាមទារ​របស់​លោក ហ៊ុន សែន។

ប្រភព​ដដែល​អះអាង​ថា ដំបូង​ឡើយ​ លោក គង់ គាំ​សុខ​ចិត្ត​ដើរ​ចូល​គុក តែ​ដោយសារ​ក្រុម​គ្រួសារ​យល់​ថា លោក គង់ គាំ​មាន​វ័យ​ជាង ៨០ឆ្នាំ​ទៅ​ហើយ​ ដោយ​មិន​ចង់​ឲ្យ​លោក​ជាប់ពន្ធនាគារ​នោះ​ទេ​ ទើប​ពួក​គេ​អង្វរ​លោក គង់ គាំ ឱ្យ​ធ្វើ​លិខិត​ប្រគល់​ផ្ទះ និង​ដី​នេះ ទៅ​រដ្ឋាភិបាល​ជា​ថ្នូរ​មិន​ជាប់​ពន្ធនាគារ។

ប្រភព​ដដែល​បញ្ជាក់​ថា លោក គង់ គាំ រុះរើ​ឥវ៉ាន់​ចេញ​ពី​លំនៅឋាន​នេះ​ រយៈ​ពេល​មួយ​ខែ​ រាប់​ចាប់​ពី​ថ្ងៃ​ធ្វើ​លិខិត​ប្រគល់​ផ្ទះ និង​ដី​នេះ​ទៅ​​រដ្ឋាភិបាល​ ក្រោយពី​លោក ហ៊ុន សែន​ព្រមាន​វាយ​ខ្នោះ​លោក គង់ គាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។