មេធាវី​ស្នើ​លើកលែង​ចោទប្រកាន់ លោក កឹម សុខា ខណៈ​លោក ហ៊ុន សែន ថា មិន​ដោះលែង

0:00 / 0:00

មេធាវី​លោក កឹម សុខា បញ្ជាក់​ថា លោក កឹម សុខា មិន​អាច​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​បានទេ ដោយសារតែ​នៅ​ជាប់​បណ្ដឹង​នៅ​តុលាការ។ មេធាវី​បញ្ជាក់​ថា តុលាការ​គួរតែ​លើកលែង​ការចោទប្រកាន់​លើ​កូនក្ដី​របស់​ខ្លួន ព្រោះថា ការ​ចោទប្រកាន់​កន្លង​មក​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ឡើយ។ ការ​លើកឡើង​នេះ នៅ​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ថា លោក​មិន​ដោះលែង​លោក កឹម សុខា​ឡើយ។

មេធាវី លោក កឹម សុខា ស្នើ​ឲ្យ​ចៅក្រម​ទម្លាក់​ការចោទប្រកាន់​លើ​រូប លោក កឹម សុខា ដើម្បី​បើក​ឱកាស​ឲ្យ​លោក កឹម សុខា មាន​សិទ្ធិ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។

​លោកមេធាវី ផែង ហេង បញ្ជាក់​ថា ស្ថានភាព​ជំងឺ​លោក កឹម សុខា បច្ចុប្បន្ន​គឺ​ត្រូវការ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ដដែល ក៏ប៉ុន្តែ​លោក កឹម សុខា នៅ​រង់ចាំ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ជាមុន​សិន ទើប​លោក​ចេញទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស ពីព្រោះ​ថា លិខិតឆ្លងដែន​របស់​លោក ក៏​ត្រូវ​បាន​ចៅក្រម​ដកហូត​ទុក​ដែរ។ ជាថ្មី​ម្ដងទៀត លោក ផែង ហេង ស្នើ​ឲ្យ​ចៅក្រម​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​លោក កឹម សុខា វិញ ដោយ​លោក​អះអាង​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា​នេះ ចៅក្រម​គ្មាន​ភស្តុតាង​ណាមួយ​ច្បាស់លាស់ ដើម្បី​ដាក់​បន្ទុក​លើ​កូនក្ដី​លោក​ឡើយ៖ «ក្រៅពី​វីដេអូ​ឃ្លីប​ដែល​តំណាង​អយ្យការ​យក​មក​ធ្វើជា​ភស្តុតាង និង​សាក្សី​មួយ ចំនួន ដែល​តុលាការ​យក មក​សំអាង តែ​ដោយសារតែ​នៅ ក្នុង​នីតិវិធី​ស៊ើបអង្កេត​ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​លម្អិត​ទេ តែ​ក្រោយពី​មេធាវី​ត្រួត​ពិនិត្យមើល​គ្មាន​ភស្តុតាង​ណា​ដែល​តំណាង​អយ្យការ​យក​មក​ចោទប្រកាន់​នោះ​ទេ»។

ក្រុម​មេធាវី ធ្លាប់​បាន​ដាក់​លិខិត​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មិនា ឆ្នាំ​២០១៨ ស្នើសុំ​លើកលែង​ការចោទប្រកាន់​លោក កឹម សុខា ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​ត​ពី​តុលាការ​នៅឡើយ។

កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បបួល​លោក​ភ្នាល់​ថា លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​នៅ​ចុងខែ​ធ្នូ​ខាងមុខនេះ​។ លោក ហ៊ុន សែន ឆ្លើយតប​វិញ​ថា ចាំ​សេះ​ដុះ​ស្នែង​ទើប​លោក ដោះលែង​លោក កឹម សុខា​៖ «ដល់ពេល​អ៊ីចឹង គេ​ថា​ហ៊ុន សែន ទទួល​សម្ពាធ​ពី​អន្តរជាតិ​ទើប​ដោះលែង តែ​អាលូវ​អញ​មិន​ដោះលែង​ធើ​អី​អញ ?»

ក្រុម​អ្នកច្បាប់ ចាត់​ទុក​ការ​សម្ដី​របស់​លោក ហ៊ុន សែន ថា​មិន​ដោះលែង​លោក កឹម សុខា គឺ​បង្ហាញ​ថា តុលាការ​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក និង​រំលោភ​រដ្ឋធម្មនុញ្ញ។

ក្រុម​អ្នកច្បាប់​លើក​ឡើង​ថា ជនជាប់ចោទ​គ្រប់រូប​ដែល​ស្ថិត​នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​របស់​ចៅក្រម​នោះ គឺ​ជន​នោះ​មិនទាន់​មានទោស​នៅឡើយ​ទេ លុះ​ត្រា​តែ​មាន​សាលក្រម​ជា​ស្ថាពរ​ផ្ដន្ទាទោស​ថា មានទោស ទើប​ជន​នោះ​បញ្ជាក់​ថា ជា​អ្នក​មានទោស។ លោក​បណ្ឌិត ហ៊ាង ឫទ្ធី បញ្ជាក់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​មិន​ដោះលែង​លោក កឹម សុខា នោះ គឺជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ៖ «ថ្វី​ត្បិត​គ្រប់​ជនជាប់ចោទ​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ គឺ​គាត់​មិនទាន់​មានទោស​ទេ គាត់​នៅតែ​ជា​ជនសង្ស័យ​អ៊ីចឹង ហើយ​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ក៏​មិន​មាន​ច្បាប់​ណាមួយ​ឃុំខ្លួន​ក្នុង​ផ្ទះ​ដែរ តែ​បើ​ចៅក្រម​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គឺ​គាត់​ត្រូវ​មាន​សេរីភាព គ្រាន់តែ​ត្រូវ​បង្ហាញមុខ​នៅ​ចំពោះ​មុខ​តុលាការ​១​តែម្ដង»។

រដ្ឋធម្មនុញ្ញ​មាត្រា ៣៨ ចែងថា ច្បាប់​រ៉ាប់រង​មិន​ឲ្យ​មានការ​រំលោភបំពាន​លើ​រូបរាងកាយ​បុគ្គល​ណា​ឡើយ។ ច្បាប់​ការពារ ជីវិត កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូ​របស់​ប្រជាពលរដ្ឋ។ ការ​ចោទប្រកាន់ ការ​ចាប់ខ្លួន​ការ​ឃាត់ខ្លួន ឬ​ការ​ឃុំខ្លួន​ជន​ណាមួយ​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។ ហើយ​នៅ​ក្នុង​វាក្យខណ្ឌ​ចុងក្រោយ​នៃ​មាត្រា​នេះ បញ្ជាក់​ថា ជនជាប់ចោទ​ណា​ក៏​ដោយ ត្រូវ​ទុកជា​មនុស្ស​ឥត​ទោស ដរាប​ណា​តុលាការ​មិនទាន់​កាត់ទោស​ជា​ស្ថាបពរ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​ពន្យល់​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន មិន​ឲ្យ​ដោះលែង​លោក កឹម សុខា នោះ គឺជា​សមត្ថកិច្ច​របស់​លោក​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ព្រោះថា នៅ​ក្នុង​នីតិវិធី​ស៊ើបសួរ​តុលាការ​នេះ លោក ហ៊ុន សែន មិន​មាន​សមត្ថកិច្ច​ស្នើ​ឲ្យ​តុលាការ​ដោះលែង​បានទេ ហើយ​បើសិនជា​ដោះលែង​បាន​ឬ​មិនបាន អាស្រ័យ​លើ​តុលាការ។ លោក​អះអាង​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែបនេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ​ឡើយ៖ «ដោយ​គាត់​ថា​មិន​ដោះលែង​បាន​នោះ ដោយសារ​គាត់​មិន​មាន​សមត្ថកិច្ច​ដោះលែង ដោយសារ​ជនជាប់ចោទ​នេះ កឹម សុខា គាត់​មិនទាន់​មានទោស​នៅឡើយ​ទេ ដែល​គាត់​មិន​អាច​សុំ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​បាន ហើយ​អ្វី​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​លើកឡើង​នោះ គ្រាន់តែ​ក្នុង​សមត្ថកិច្ច​គាត់​ជា​នាយករដ្ឋមន្ត្រី ដែល​មិន​រំលោភបំពាន​អំណាចតុលាការ​នោះ​ឡើយ»។

ទោះបីជា​បែបនេះ​ក្ដី លោក​បណ្ឌិត ហ៊ាង ឬទ្ធី បញ្ជាក់​ថា ការ​អះអាង​របស់​លោក លោក ហ៊ុន សែន គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ការ​ចាប់ខ្លួន ឬ​ការ​ដោះលែង​លោក កឹម សុខា វិញ​ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ​លោក ហ៊ុន សែន។ លោក​បន្ថែម​ថា លោក ហ៊ុន សែន កំពុងតែ​រំលោភ​លើ​ស្ថាប័ន​តុលាការ៖ «ក្នុង​ប្រទេស​កម្ពុជា​អ្នក​ដែល​មាន​អំណាច​ធំជាង​គេ មានតែ​លោក ហ៊ុន សែន ហ្នឹងហើយ តុលាការ​នៅ​កម្ពុជា​ពុំ​ឃើញ​ចំណុច​ណាមួយ​ជា​តុលាការ​ឯករាជ្យ​នោះ​ឡើយ គេ​សំដៅ​តុលាការ​ឯករាជ្យ​លុះ​ត្រា​ណា​គេ​បង្កើត​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ»។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ធ្លាប់​បាន​ឲ្យ​ក្រសួងយុត្តិធម៌ គួរតែ​ពិចារណា​ក្នុង​ការ​បង្កើត​សេចក្ដីណែនាំ​ឲ្យ​បាន​ច្បាស់លាស់ ស្ដីពី​បទដ្ឋាន​សមស្រប និង​ការវាយតម្លៃ​ភស្តុតាង​លើ​ករណី​លោក កឹម សុខា នេះ។ អ្នកស្រី​ក៏​ធ្លាប់​ស្នើ​តុលាការ កម្ពុជា​រៀន​សូត្រ​ពី​ការងារ​របស់​សាលាក្ដី​ខ្មែរក្រហម ដើម្បី​បញ្ចប់​ការ​រិះគន់​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​មិន​ឯករាជ្យ និង​មិន​យុត្តិធម៌​ជាដើម។

បន្ថែម​ពី​នេះ​ទៀត ភា្នក់ងារ​របស់​អង្គការសហប្រជាជាតិ ឃ្លាំមើល​ការ​ឃុំ​ឃាំង​ដោយ​អយុត្តិធម៌ ហៅ​ជា​អង់គ្លេស​ថា WGAD ក៏​ធ្លាប់​ចាត់​ទុក​ការ​ចាប់ខ្លួន និង​ការ​ឃុំខ្លួន លោក កឹម សុខា នេះ​ថា ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ។ ភា្នក់​ងារ​របស់​អង្គការសហប្រជាជាតិ ឃ្លាំមើល​ការ​ឃុំខ្លួន​ដោយ​អយុត្តិធម៌ បាន​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ផ្ដល់​សំណង​ដល់​លោក កឹម សុខា និង​សំណង​ផ្សេងៗ​ទៀត​សម្រាប់​ការ​ឃុំ​ឃាំង ដោយ​បំពាន​ច្បាប់​អន្តរជាតិ។ ក្រៅ​ពី​នេះ​ទៀត​ក្រុម​ឃ្លាំមើល​ការ​ឃុំ​ឃាំង​ដោយ​អយុត្តិធម៌​នេះ ក៏​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សុខភាព របស់​លោក កឹម សុខា ដែល​កំពុង​ទទួលរង​ការឈឺចាប់​ធ្ងន់ធ្ងរ​ពី​ការ​ត្បៀត​សរសៃ​ស្មា​របស់​លោក ក៏ដូចជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺលើសឈាម ជាដើម​។ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន ធានា​ឱ្យ​លោក កឹម សុខា ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ឱ្យ​បាន​ឆាប់រហ័ស​តាម​ស្តង់ដារ​អន្តរជាតិ។

​ការ​ចាប់ខ្លួន លោក កឹម សុខា​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​របប​លោក ហ៊ុន សែន ហើយ​បាន​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​នេះ​វិញ។ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស អ្នកស្រី​អ្នកស្រី រ៉ូ​ណា ស្មី​ត នៅ​ក្រោយ​ការ​បញ្ចប់​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ និង​នៅ​ដើម​ឆ្នាំ​២០១៨​នេះ អ្នកស្រី​នៅតែ​បញ្ជាក់​ថា ការ​ចាប់ខ្លួន​និង​ឃុំខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​ការអនុវត្ត​ច្បាប់ និង​ភស្តុតាង​ដាក់​បន្ទុក​ឡើយ។ អ្នកស្រី​បាន​ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ពិនិត្យ​សំណុំ​រឿង​នេះ និង​ត្រូវ​ដោះលែង​លោក កឹម សុខា វិញ។

លោក មេធាវី ផែង ហេង សង្ឃឹមថា ស្ថានភាព​បច្ចុប្បន្ន​នេះ មាន​តែ​ករណី​សម្របសម្រួល​នយោបាយ​ទេ ទើប​អាច​ឈាន​ទៅ​ការ​ដោះលែង និង​លើកលែង​ការចោទប្រកាន់​លោក កឹម សុខា វិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។