មេធាវី ជូង ជូងី គ្រោង​ដាក់​ពាក្យ​ស្នើ​សុំ​សាលា​ឧទ្ធរណ៍​​ភ្នំពេញ​​ឱ្យ​ដោះ​លែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរី​ភាព​វិញ

0:00 / 0:00

មេធាវី​ការពារ​ក្ដី​កញ្ញា សេង ធារី គឺ​លោក​ ជូង​ ជូងី គ្រោង​ដាក់​លិខិត​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ស្នើ​សុំ​ឱ្យ​ដោះ​លែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរី​ភាព​វិញ​ក្នុង​ពេល​ឆាប់​ៗ។ លោក​ថា កញ្ញា សេង ធារី មាន​សិទ្ធិ​ក្នុង​ការ​រស់​នៅ​ក្រៅ​ឃុំ ព្រោះ​តុលាការ​មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​ថា កញ្ញា សេង ធារី ​មាន​ទោស​នៅ​ឡើយ​ទេ។

មេធាវី​ការពារ​ក្ដី​ កញ្ញា សេង ធារី គឺ​លោក ជូង ជូងី ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣១ខែ​កក្កដា​ថា​ ការ​ឃុំខ្លួន​កញ្ញា សេង ធារី គឺ​ខុស​ពី​នីតិវិធី​ក្នុង​ការ​អនុវត្ត​ច្បាប់​ ព្រោះ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​មែន​ជា​សេចក្ដី​សម្រេច​ស្ថាពរ​នៅ​ឡើយ​ទេ​ ហើយ​លោក​កំពុង​រៀប​ចំ​ឯកសារ​ដាក់​ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដើម្បី​ឱ្យ​ដោះ​លែង កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ។ លោក​យល់​ថា ​កូន​ក្ដី​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ​ហើយ​ការងារ​របស់​កញ្ញា សេង ធារី បាន​ធ្វើ​កន្លង​មក​ គ្រាន់​តែ​ជា​សកម្មភាព​បញ្ចេញមតិ តវ៉ា​ដើម្បី​លើក​កម្ពស់​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​។

បើ​ទោះ​បី​ជា​កញ្ញា សេង ធារី មាន​សញ្ជាតិ​អាមេរិក​ក្ដី លោក ជូង ជូងី អះអាង​ថា កញ្ញា សេង ធារី នឹង​នៅ​តតាំង​ក្ដី​ក្នុង​ប្រព័ន្ធ​តុលាការ ដូច​កញ្ញា​ធ្លាប់​បាន​ធ្វើ​កន្លង​មក៖ «មេធាវី​បាន​ប្ដឹង​ឧទ្ធរណ៍​ហើយ​ដែរ ដូច្នេះ​តុលាការ​អត់​មាន​សេចក្ដី​សម្រេច​ជា​សំអាង​ដើម្បី​យក​ទៅ​អនុវត្ត​ ចាប់​គាត់​ដាក់​ពន្ធនាគារ​ទេ អញ្ចឹង​ការ​ដែល​ចាប់​គាត់​ដាក់​ពន្ធនាគារ​ហ្នឹង​គឺ​អត់​មាន​សំអាង បើ​សំអាង​លើ​សាលក្រម​ គឺ​សាលក្រម​អត់​ទាន់​ស្ថាពរ​ផង​ទាល់​តែ​ចាំ​សាលក្រម​ស្ថាពរ​ទើប​អាច អនុវត្ត​សេចក្ដី​សម្រេច​នៅ​ក្នុង​សាលក្រម​ហ្នឹង »

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុន​ឡាយ​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោក​មិន​មាន​អ្វី​ត្រូវ​បកស្រាយ​បន្ថែម​នោះ​ទេ ព្រោះ​ការ​ឃុំខ្លួន កញ្ញា សេង ធារី គឺ​សំអាង​ទៅ​លើ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ៖ «បាទ​គាត់​យល់​អញ្ចឹង​ តែ​ខាង​ចៅ​ក្រម​គាត់​ធ្វើ​តាម​នីតិវិធី​ គេ​អាច​ចាប់​ អាច​ឃុំ​បាន​អញ្ចឹង​​ គាត់​បាន​សំអាង​ហេតុ​ក្នុង​សាលក្រម​ ហើយ​បើ​គាត់​អត់​ព្រម​គាត់​ប្ដឹង​ឧទ្ធរណ៍​ទៅ ​ខ្ញុំ​អត់​មាន​យោបល់​លើស​ពី​ហ្នឹង​កើត​ទេ »

ជុំ​វិញ​រឿង​នេះ មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត យល់​ថា ​តុលាការ​គួរ​ដោះ​លែង កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដូច​ករណី​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិ​មនុស្ស​កន្លង​មក ដើម្បី​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ​ និង​កិត្តយស​របស់​រដ្ឋាភិបាល។ លោក​បន្ថែម​ថា កញ្ញា សេង ធារី គឺ​ជា​បុគ្គល​គំរូ ដែល​មាន​ភាព​ក្លាហាន​តស៊ូ​មតិ បង្ហាញ​ចំណុច​ខុស​ឆ្គង​របស់​រដ្ឋាភិបាល ហើយ​ក្លាហាន​តតាំង​ក្ដី​ជា​មួយ​តុលាការ​កម្ពុជា និង​មិន​ចាក​ចេញ​ទៅ​អាមេរិក​ឡើយ៖ «កញ្ញា សេង ធារី គាត់​គោរព​ទៅ​តាម​គោលការណ៍​តុលាការ​ហ្នឹង​ហើយ​បាន​គាត់​មិន​ទៅ​ណា​នោះ ហើយ​ក្នុង​នាម​គាត់​ជា​អនីតិជន​អាមេរិក​ផង​ គាត់​មាន​សិទ្ធិ​ក្នុង​ការ​ចេញ​ក្រៅ​បាន ប៉ុន្តែ​គាត់​មិន​ចេញ​ទេ​ដោយ​សារ​គាត់​យល់​ថា​គាត់​មិន​មាន​ទោស​ទេ​ ដូច្នេះ​ខ្ញុំ​យល់​ថា​គួរ​តែ​ដោះ​លែង​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី»

អ្នក​ជំនាញ​ច្បាប់ និង​វិទ្យា​សាស្ត្រ​នយោបាយ​អន្តរ​ជាតិ កញ្ញា សេង ធារី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៦ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ពី​បទ​ចោទ រួម​គំនិត​ក្បត់​ ក្នុង​សំណុំ​រឿង​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី កាល​ពី​ឆ្នាំ​២០១៩។ មុន​ការ​ឃាត់​ខ្លួន កញ្ញា សេង ធារី បាន​តតាំង​ជា​មួយ​តុលាការ​ជា​ច្រើន​ខែ​ ហើយ​កញ្ញា​បាន​ចាត់​ទុក​តុលាការ​កម្ពុជា​ជា តុលាការ​សម្ដែង​ល្ខោន​រៀបចំ​ដោយ​អ្នក​នយោបាយ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តជាតិ ព្រម​ទាំង​សហរដ្ឋ​អាមេរិក ចាត់​ទុក​ការ​ផ្ដន្ទាទោស​កញ្ញា សេង ធារី ថា ជា​រឿង​នយោបាយ និង​ស្នើ​ឱ្យ​តុលា​ការ​ដោះលែង​កញ្ញា ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។