មេធាវី​ថា ដីកា​កោះហៅ​មនុស្ស​ជាង​១០០​នាក់ ក្នុង​រយៈពេល​ខ្លី​ធ្វើ​ឲ្យ​​ពិបាក​ក្នុង​ការ​ត្រៀមខ្លួន

0:00 / 0:00

មេធាវី​ការពារ​ឱ្យ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា ការ​ដែល​តុលាការ​ចេញ​ដីកា​កោះហៅ​ពួកគាត់​មាន​ចំនួន​ច្រើន យ៉ាងហោចណាស់​១២៥​នាក់​ក្នុង​រយៈ​ខ្លី​បែបនេះ ធ្វើ​ឱ្យ​មេធាវី​និង​កូនក្ដី​ជួប​ការ​ពិបាក​ក្នុង​ការ​រៀបចំខ្លួន​ដើម្បី​ចូលរួម​សវនាការ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ខាងមុខ​។ ទន្ទឹម​នេះ​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​ត្រូវ​តុលាការ​កោះហៅ​ថា នឹង​ចូល​បំភ្លឺ​ទោះ​គ្មាន​ជំនឿ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ក្ដី។

មេធាវី​ដែល​តែងតែ​ការពារ​ក្ដី​ឱ្យ​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង លោក សំ សុគង់ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា ក្នុងចំណោម​មនុស្ស​ជាង​១២០​នាក់​ដែល​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ខាងមុខ​ភាគច្រើន​បាន​ពឹង​ពាក់​ឱ្យ​លោក​ធ្វើជា​មេធាវី​ការពារ​ក្ដី។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​មិន​ទាន់​មាន​កូនក្ដី​របស់​លោក​ណាមួយ​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​នេះ ក៏​មាន​កូនក្ដី​បួន ឬ​ប្រាំ​ករណី​បាន​មក​ជួប​លោក​ដើម្បី​ជជែក​ពី​ការ​ត្រៀម​ខ្លួន​ចូល​សវនាការ៖ «អ្នក​ដែល​បាន​ទទួល​បាន​ដីកាកោះ​ហ្នឹង​គាត់​បាន​ស្វះស្វែង​ពឹង​ពាក់​រក​មេធាវី​ជាពិសេស​គាត់​ពឹង​ពាក់​ខ្ញុំ​ឱ្យ​ជួយ​ការពារ​ឱ្យ​ពួកគាត់ ពួកគាត់​ខ្លះ​ទើប​ទទួល​ដីកាកោះ​ពី​ម្សិលមិញ​ខ្លះ ថ្ងៃនេះ​ខ្ញុំ​គិត​ថា បើ​យើង​និយាយ​ពី​ច្បាប់​ពួកគាត់​មិន​អាច​ត្រៀមខ្លួន ឬ​ពិគ្រោះ​ដើម្បី​តតាំង​ឬ​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​បាន​ទេ»។

លោក​មេធាវី​ត្អូញត្អែរ​ថា តុលាការ​បាន​ចោទប្រកាន់​កូនក្ដី​របស់​លោក​សុទ្ធតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ៗ ប៉ុន្តែ​តុលាការ​មិន​បាន​ផ្ដល់​ពេលវេលា​ច្រើន​ឱ្យ​កូនក្ដី​លោក​សម្រាប់​ត្រៀមខ្លួន​នោះ​ទេ ខណៈ​សំណុំ​រឿង​នេះ​គឺ​ទាមទារ​ឱ្យ​មានការ​មេធាវី​ជួយ​ការពារ​ក្ដី​។ លោក​និយាយ​ទៀត​ថា ចំពោះ​ការ​ផ្ដល់​ដីកា​ក៏​តុលាការ​មិន​បាន​ផ្ដល់​ដល់​ដៃ​កូនក្ដី​លោក​នោះ​ទេ ដោយ​ភាគច្រើន​សមត្ថកិច្ច​បាន​យក​ដីកា​ទៅ​បិទ​ទីស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​អគារ​នេះ​សព្វថ្ងៃ​គ្មាន​មើលថែ ឬ​រស់នៅ៖ «ការដែល​គេ​យក​ទៅ​បិទ​នៅ​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ទីស្នាក់ការ​មួយ​ត្រូវ​បាន​ហាមឃាត់​ដោយ​តុលាការ​ដោយ​អាជ្ញាធរ​ដែល​គ្មាន​មនុស្ស​ស្នាក់នៅ​នេះ ក៏​មិន​មាន​ជា​ដីកា​អី​មាន​ព័ត៌មាន​លម្អិត​ជា​ដីកា​អម​បង្ហាញ​បញ្ជី​ឈ្មោះ​លិខិត​របស់​តុលាការ​ប៉ុណ្ណោះ»។

នៅ​រយៈពេល​ចុងក្រោយ​នេះ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកាកោះ​ជា​បន្តបន្ទាប់​កោះហៅ​មេដឹកនាំ មន្ត្រី និង​សកម្មជន​គណបក្ស​យ៉ាង​ហោច​ណាស់ ១២៥​នាក់​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ថា ពួកគេ​មិន​ចាប់​អារម្មណ៍​នឹង​ដីកា​នេះ​ទេ ព្រោះ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​។ ប៉ុន្តែ​ក៏​មាន​មន្ត្រី​គណបក្ស​នេះ និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​ត្រូវ​តុលាការ​កោះហៅ​ដែល​អ្នក​ទាំងនោះ​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​អះអាង​ថា នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ។

សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ឱ្យ​ដឹង​ថា តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​កាលពី​អំឡុង​ឆ្នាំ​២០១៩​។ លោក ថាច់ សេដ្ឋា សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា ទោះ​ក្នុង​ដីកា​របស់​តុលាការ​សរសេរ​ថ្ងៃកំណើត​និង​អាសយដ្ឋាន​លោក​ខុស​ក្ដី ប៉ុន្តែ​លោក​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ខាងមុខ​។ លោក​ថា ការ​ចូល​បំភ្លឺ​នេះ​ដើម្បី​បង្ហាញ​ពី​ភាព​បរិសុទ្ធ ស្មោះត្រង់​នឹង​ជាតិ សាសនា ព្រះមហាក្សត្រ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ជំហរ​ចុងក្រោយ និង​ការ​ត្រៀមខ្លួន​តតាំង​តាម​ផ្លូវ​ច្បាប់​ពី​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោក ថាច់ សេដ្ឋា។

រីឯ​កញ្ញា សេង ធារី ជា​មេធាវី និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ដែល​មិនមែន​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​កោះហៅ​ដែរ​នោះ បាន​កាត់សក់​ខ្លួន​ចោល និង​ត្រៀមខ្លួន​ដើរចូល​គុក បើ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ខាង​មុខ។ ទោះ​កញ្ញា​យល់​ថា ការ​ចោទប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ជា​ការ​បំភ្លៃ​ការ​ពិត ជា​ការ​គំរាមកំហែង​ធ្វើបាប​ដល់​អ្នកគាំទ្រ​គណបក្សប្រឆាំង​ក្ដី៖ «ស៊ូ​ចូល​ពន្ធនាគារ​ហើយ​ខ្ញុំ​រៀបខ្លួន​ស្រេច​ហើយ​បន្តិចទៀត​ខ្ញុំ​កាត់សក់​ខ្លី​ជាង​នេះ​ទៀត ព្រោះ​ខ្ញុំ​អត់​ចង់​មាន​ចៃ​ហើយ​ខ្ញុំ​អត់​ចង់​ថែរក្សា ខ្ញុំ​ចង់​គិតតែ​អំពី​ការ​ឆ្លើយ​តប​ការ​ប្រយុទ្ធ​ឱ្យ​ប្រទេស​យើង​មាន​ភាព​រុងរឿង​យើង​អត់​អាច​ចូល​ក្នុង​របប​ខ្មែរក្រហម​ទី​២​បាន​ទៀត​ទេ»។

ទោះ​យ៉ាងណា​អ្នក​ធ្វើ​ការងារ​សង្គម​មួយ​នេះ បាន​សរសេរ​អំពាវនាវ​តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ដោយ​ស្នើ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់​លើ​កញ្ញា​ដោយ​ឥត​លក្ខខណ្ឌ។

ទម្លាក់​ចោល​បទចោទប្រកាន់​លើ​មនុស្ស​ទាំងអស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​សវនាការ​ថ្ងៃ​ទី២៦ វិច្ឆិកា​។ អនុញ្ញាត​ឱ្យ​មាន​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ដើម្បី​បាន​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើក​បម្រាម​ធ្វើ​នយោបាយ​និង​ផ្ដល់​នីតិសម្បទា​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ចំណុច​ក្រោយ​មួយ​ទៀត​គឺ​ស្នើ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់។

អ្នកវិភាគ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា កញ្ញា សេង ធារី ដែល​ជា​មេធាវី​មកពី​សហរដ្ឋ​អាមេរិក កញ្ញា​ដឹង​ថា ជនជាប់ចោទ​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់ទោស​ដោយ​តុលាការ​ឯករាជ្យ​។ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ ចោទ​ជា​សំណួរ​ថា បើ​តុលាការ​អត់​ឯករាជ្យ តើ​កញ្ញា សេង ធារី ការពារ​ខ្លួន​យ៉ាងម៉េច​? លោក​បណ្ឌិត​រម្លឹក​ថា មាត្រា ១៤ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចែងថា ជន​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់ទោស​ដោយ​តុលាការ​ឯករាជ្យ និង​ឥត​លំអៀង។

តុលាការ​កម្ពុជា​រង​ការ​ចោទប្រកាន់​ថា ស្ថិត​នៅ​ក្រោម​ឥទ្ធិ​គណបក្ស​កាន់អំណាច និង​បាន​បម្រើ​នយោបាយ​គណបក្ស​នេះ​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀតៗ​ទៀត​។ គណបក្ស​ប្រឆាំង តែងតែ​ហៅ​តុលាការ​នៅ​កម្ពុជា ថា ជា​តុលាការ​តេឡេ ដែល​ចាំតែ​ស្ដាប់​បញ្ជា​ពី​លោក ហ៊ុន សែន។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ការ​កោះ​ហៅ​មន្ត្រី សកម្មជន និង​អ្នក​ធ្វើ​ការងារ​សង្គម​ទាំង​ក្រុម អាច​ជាប់​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ​សំខាន់ៗ​ពីរ​គឺ​ការប្រកាស​វិល​ចូល​ស្រុក​លើក​ទី​២​របស់​លោក សម រង្ស៊ី ឬក៏​អាច​ជា​ការ​បញ្ចប់​ជម្លោះ​សាច់រឿង​នយោបាយ​រ៉ាំរ៉ៃ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។