មេធាវី​ស្នើ​តុលាការ​ជំរុញ​ទៅ​រដ្ឋាភិបាល​បើកផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​​ប្រឆាំង​ចូល​តតាំង​ក្ដី​នៅ​តុលាការ

0:00 / 0:00

មេធាវី​ការពារ​ក្តី​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ជួយ​ចេញ​លិខិត​បង្គាប់​ទៅ​រដ្ឋាភិបាល ដើម្បី​បើកផ្លូវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស អាច​វិល​ចូល​កម្ពុជា​វិញ ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ​។ តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវ​នា​ជំនុំជម្រះ​សំណុំរឿង​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្ក្រោះជាតិ ចាប់ពី​សប្ដាហ៍​ក្រោយ​តទៅ។

មេធាវី​ការពារ​ក្តី​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​ថា ជំហរ​កូន​ក្តី​របស់​លោក គឺ​ចង់​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល មិន​ដក​បម្រាម និង​លុបចោល​វិធានការ​មួយ​ចំនួន ដើម្បី​បើកផ្លូវ​ឱ្យ​ពួកគេ​អាច​វិល​ចូល​កម្ពុជា​វិញ​បានទេ កូនក្តី​លោក​នឹង​មិន​អាច​បង្ហាញ​វត្តមាន​ក្នុង​តុលាការ​តាម​ដីកា​កោះហៅ​បាន ឡើយ​។ លោក សំ សុគង់ បន្ត​ថា ទោះបីជា​អវត្តមាន​កូន​ក្តី​របស់​លោក​ក៏ដោយ ក៏​លោក​នឹង​ទៅ​ចូលរួម​សវនាការ​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​​១១ ខែ​វិច្ឆិកា ខាងមុខ ដើម្បី​លើកឡើង​អំពី​ផ្លូវ​ច្បាប់ អំពី​សិទ្ធិ​និង​គោលបំណង​កូន​ក្តី​របស់​លោក​ដែល​ចង់​វិល​ចូល​តតាំង​ក្តី​ក្នុង​តុលាការ។ មេធាវី​រូប​នេះ បញ្ជាក់​ថា វត្តមាន​របស់​ជនជាប់ចោទ ឬ​ជន​ត្រូវ​ចោទ​នៅ​ក្នុង​បន្ទប់​សវនាការ​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន គឺជា​នីតិវិធី​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ដូច្នេះ​តុលាការ​គួរតែ​សម្របសម្រួល​ឲ្យ​កូន​ក្តី​របស់​លោក អាច​វិល​ចូល​ប្រទេស​វិញ​ដោយ​គ្មាន​ការរារាំង៖ « ការដែល​តុលាការ​កោះហៅ​កូន​ក្តី​ខ្ញុំ​ទាំងអស់​គ្នា តែ​បែរ​ជា​មាន បម្រាប​នេះ គឺជា​ការ​មួយ​រាំងស្ទះ​នូវ​ការប្រើប្រាស់​សិទ្ធិ​របស់​ជន​ដែល​ត្រូវ​ចោទ​ឬ​ជនជាប់ចោទ​ហ្នឹង ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​ស្នើសុំ​ទៅ​ចៅក្រម ឬក៏​តុលាការ​ដើម្បី​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ពេញលេញ ឬ ចូលរួម​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ពួកគាត់ នៅ​ពេល​សវនាការ​ជំនុំជម្រះ​ដើម្បី​ឲ្យ​គាត់​ទទួល​បានការ កាត់​ក្តី​មួយ​ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌។ ខ្ញុំ​នឹង​ស្នើសុំ​ឲ្យ​ខាង​តុលាការ​សំណើ ឬ​ចេញ​លិខិត​អី​មួយ​ទៅ​ខាង​រដ្ឋាភិបាល ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគាត់​ចូលរួម​សវនាការ​សម្រាប់​ថ្ងៃ​អនាគត​ទៀត »

តុលាការ​ក្រុង​ភ្នំពេញ គ្រោង​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ឧបឃាត​របស់​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ​ចំនួន​០៩ រូប ក្នុង​នោះ​ក៏​រួម​ទាំង​លោក សម រង្ស៊ី ផង​ដែរ នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា សប្ដាហ៍​ក្រោយនេះ​។ ដោយឡែក នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា តុលាការ​នឹង​ជំនុំជម្រះ​រឿង​ក្តី​មួយទៀត ពាក់ព័ន្ធ​នឹង​បទ​ចោទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ជា​សំណុំរឿង​ចាស់​ពាក់ព័ន្ធ​នឹង​ផែន​ការ​វិល​ត្រឡប់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។ សំណុំរឿង​ទី​ពីរ​នេះ មាន​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​៥៩ នាក់។

ទោះជា​យ៉ាងណា តុលាការ មិន​បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​រាំង​ខ្ទប់​ដំណើរ​វិល​ចូល​ស្រុក របស់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គីមឡុង និង​លោក អ៊ី រិន្ទ ព្រមទាំង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​​ទទួល។

រីឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ប៉ុន្តែ​លោក បាន​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា​ថា រដ្ឋាភិបាល មិន​អាច​លូកដៃ​ក្នុង​រឿង​តុលាការ​បានទេ ហើយ​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ទាក់ទង​ជាមួយ​តុលាការ ដើម្បី​ស្វះ​ស្វែងរក​មធ្យោបាយ​វិល​ចូល​ប្រទេស​ដោយ​ខ្លួនឯង ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ ។ លោក បញ្ជាក់​ថា ប្រសិនបើ​មាន​បញ្ជា​ពី​តុលាការ​ឲ្យ​បើកផ្លូវ​សម្រាប់​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​នោះ​រដ្ឋាភិបាល​នឹង​ស្ដាប់​តាម៖ « ជា​រឿង​ធម្មតា​ទេ អ្នក​ស្វែង​រក​យុត្តិធម៌ គឺ​មានតែ​ស្ថាប័ន​តុលាការ​ទេ ជា​អ្នក​បង្គាប់​បញ្ជា »

ក្រុម​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពួកគេ​នឹង​វិល​ទៅ​តតាំង​ក្ដី​ក្នុង​តុលាការ​ភ្លាម ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្លាហាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ពួកគេ​វិល​ទៅ​កម្ពុជា​វិញ ផ្ដល់​សុពលភាព​លើ​លិខិតឆ្លងដែន​ដែល​ក្រសួងការបរទេស​បាន​លុបចោល និង​សរសេរ​លិខិត​ទៅ​ប្រទេស​សមាជិក​អាស៊ាន ជាពិសេស​ប្រទេស​ថៃ ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចេញ​ចូល​បាន។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា ការ​ដែល​តុលាការ​ចេញ​ដីកា​កោះហៅ​លោក និង​សហការ​រី​ឲ្យ​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ជា​កំហិត ប៉ុន្តែ​បន្ត​បិទ​ច្រក​មិន​ឲ្យ​ពួក​លោក​ចូល​កម្ពុជា​នេះ គឺជា​ល្បែង​បាយឡុកបាយឡ​របស់​លោក ហ៊ុន សែន ដើម្បី​បំភាន់​ភ្នែក​មហាជន​ថា ពួក​លោក ជា​មនុស្ស​មាន​ទោស​៖ « ចង់​ចាប់​ពួក​យើង ពេល​ពួក​យើង​ចូល​ឲ្យ​ចាប់ ស្រាប់តែ​មិន​ឲ្យ​ពួក​យើង ចូល​ប្រទេស​ឲ្យ​ឃើញ​ថា ពួកគាត់​ ( រដ្ឋាភិបាល​លោក ហ៊ុន សែន ) ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ ។ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រស់​រវើក កម្លាំង​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ផុលផុស​ដដែល ក្នុង​ទឹកចិត្ត​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ ហើយ​គ្មាន​គណបក្ស​ណា​ដែល​ដឹកនាំ​ចលនា​ឲ្យ​មានការ​ផ្លាស់ប្ដូរ ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ »

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល និង​តុលាការ ចាត់ទុកថា​សំណុំ​រឿង​នេះ​ជា​ការ​អនុវត្ត​ច្បាប់​នោះ គួរតែ​អនុញ្ញាត​ឲ្យ​អ្នកនយោបាយ​ប្រឆាំង​វិល​ចូល​កម្ពុជា ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ ព្រោះ​ជា​រឿង​ចាំបាច់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់៖ «​ ទិដ្ឋភាព​នយោបាយ ច្រើនតែ​ឃើញ​អ្នក​នយោបាយ​ដោះស្រាយ​គ្នា​តាមរបៀប​នយោបាយ​ក្នុង​ការ​ចរចា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ណាមួយ ហើយ​កន្លង​មក​នេះ គឺ សំណុំរឿង​មួយ​ចំនួន​ដែល​ជាប់​ក្នុង​តុលាការ ក៏​មាន​ការ​ដោះលែង​ដែរ នៅ​ពេល​ស្ថានភាព​នយោបាយ ត្រូវរ៉ូវ​គ្នា ឬ​ធូរស្រាល​ទៅ »

ចាប់​តាំង​ពី​លោក សម រង្ស៊ី បាន​ប្រកាស​វិល​ចូល​កម្ពុជា​សាជាថ្មី​ម្ដងទៀត​មក គឺ​តុលាការ​ស្ទើរ​គ្រប់​រាជធានី ខេត្ត បាន​សើរើ​សំណុំរឿង​ចាស់ៗ និង​កោះហៅ​ពួកគេ​ឱ្យ​ចូល​រួម​ក្នុង​សវនាការ​ជា​បន្តបន្ទាប់​។ ចាប់​តាំង​ពី​ខែ​មករា​មក អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ២០​នាក់ ហើយ​ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ជាតិ ញុះញង់​ឱ្យ​យោធិន​មិន​ស្ដាប់បង្គាប់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​។ ក្រៅ​ពី​នេះ សកម្មជន​ជាច្រើន​នាក់​ទៀត​បាន​រង​ការ​វាយដំ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​គ្មាន​ករណី​ណាមួយ​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស​នោះ​ទេ។

ទោះជា​យ៉ាងណា លោក សម រង្ស៊ី បាន​ប្រកាស​ថា ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស កំពុង​រៀបចំ​គម្រោង​មាតុភូមិនិវត្តន៍ ជា​លើក​ទី​២ និង​ប្ដេជ្ញា​វិល​ត្រលប់​ឲ្យ​ទាល់តែ​បាន ទោះបី​ជា​មាន​រាំង​ខ្ទប់​ពី​របប​ក្រុងភ្នំពេញ​ក៏ដោយ ដើម្បី​ទៅ​សង្គ្រោះ​ប្រជាធិបតេយ្យ និង​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។