តុលាការចាប់ឃុំខ្លួនលោក កឹម សុខា មកទល់ពេលនេះ មានរយៈពេលជិតពីរឆ្នាំហើយ។ មេធាវីការពារក្ដី លោក កឹម សុខា លើកឡើងថា ការឃុំខ្លួនលោក កឹម សុខា រយៈពេលយូរបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្ដីរបស់ខ្លួន ដោយស្នើឲ្យតុលាការដោះលែងកូនក្ដីរបស់ខ្លួនមានសេរីភាពវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា តុលាការនឹងពិចារណា បើសិនជាការស្នើសុំនោះ មានមូលដ្ឋាន និងភស្ដុតាងត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងយុតិ្តធម៌ លោក ជិន ម៉ាលីន អះអាងថា តុលាការនឹងលើកលែងការចោទប្រកាន់ លោក កឹម សុខា បើសិនជាការស្នើសុំរបស់ក្រុមមេធាវី មានភស្ដុតាងត្រឹមត្រូវតាមផ្លូវច្បាប់។
លោក ជិន ម៉ាលីន មានប្រសាសន៍នៅរាត្រីថ្ងៃទី៨ សីហាថា មេធាវីការពាក្ដីលោក កឹម សុខា មានសិទ្ធិស្នើសុំ ដើម្បីទម្លាក់ការចោទប្រកាន់ លោក កឹម សុខា បើសិនជាមេធាវី មានទឡ្ហីករណ៍ថ្មីរឹងមាំ តុលាការនឹងពិចារណា ចំពោះការលើកលែងការចោទប្រកាន់ ឬយ៉ាងណានោះ៖ «លើកលែងតែយើងមានភស្ដុតាងអីថ្មីរឹងមាំទើបអាចដោះបន្ទុកបាន ព្រោះការចោទប្រកាន់កន្លងមក គឺយើងមានភស្ដុតាងច្បាស់លាស់ បើសិនជាស្នើសុំគ្រាន់តែជាការស្នើ គឺគ្មានប្រយោជន៍អ្វីទេ ព្រោះឥឡូវនេះ ស្ថិតនៅក្នុងនីតិវិធីស៊ើបសួរនៅឡើយ»។
ការលើកឡើងរបស់ លោក ជិន ម៉ាលីន ធ្វើឡើងភ្លាមៗ ក្រោយពីមេធាវីលោក កឹម សុខា ស្នើសុំឲ្យលើកលែងការចោទប្រកាន់កូនក្ដីរបស់ខ្លួន ដោយសំអាងថា ការឃុំខ្លួនប្រធានបក្សប្រឆាំងនេះ បានអូសបន្លាយពេលយូរជិតពីរឆ្នាំមក ហើយតុលាការមិនភស្ដុតាងណាមួយដាក់បន្ទុកលើកូនក្ដីរបស់ខ្លួន។
លោក មេធាវី ផែង ហេង ឲ្យដឹងនៅថ្ងៃទី៨ សីហាថា កន្លងមកក្រុមមេធាវី បានដាក់ពាក្យស្នើសុំទម្លាក់ចោលការចោទប្រកាន់ លោក កឹម សុខា នេះទៅចៅក្រមស៊ើបសួរជាច្រើនលើក ប៉ុន្តែមកទល់ពេលនេះ ចៅក្រមនៅតែអះអាងថា សំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តដដែល។ លោកបន្ថែមថា កូនក្ដីរបស់លោក គ្មានទោសកំហុសដូចចៅក្រមចោទប្រកាន់ឡើយ ហើយលោក កឹម សុខា គួរតែទទួលបានការលើកលែងចោទប្រកាន់ពីតុលាការ។ លោកបញ្ជាក់ថា ការចោទប្រកាន់លោក កឹម សុខា នេះ មានលក្ខណៈនយោបាយច្រើនជាងការអនុវត្តច្បាប់៖ «កាលណាមិនមានចំណាត់ការឆាប់ យើងចាំភាពយុត្តិធម៌កូនក្ដី កាលណាអូសបន្លាយយូរប៉ះពាល់ដល់សិទ្ធិកូនក្ដី ហើយយើងក្នុងនាមជាមេធាវី យើងខិតខំអស់ហើយ យើងក៏បានពិនិត្យអង្គហេតុ អង្គច្បាស់លាស់ដែរ»។
លោក ជិន ម៉ាលីន អះអាងថា ការចោទប្រកាន់ និងការចាប់ខ្លួនលោក កឹម សុខា នេះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ លោក បញ្ជាក់ថា តុលាការអនុវត្តទៅតាមនីតិវិធីច្បាប់៖ «ការសន្និដ្ឋានថារឿងនយោបាយ វាមិនគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយដែរ គួរតែមើលការចោទប្រកាន់នេះ មានភស្ដុតាងផ្លូវច្បាប់អត់ ?»។
ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគនយោបាយ លោក មាស នី អះអាងថា ការចាប់បង្ខាំង និងការចោទប្រកាន់លោក កឹម សុខានេះ គឺជារឿងនយោបាយ។ លោក បន្ថែមថា គោលបំណងសំខាន់របស់រដ្ឋាភិបាលនោះ គឺមិនចង់ឲ្យក្បាលម៉ាស៊ីនគណបក្សសង្រ្គោះជាតិជួបជុំគ្នាទេ ពោលគឺ បំបែកបំបាក់៖ «ការបង្ខាំងលោក កឹម សុខា នេះ ទោះបីជារដ្ឋាភិបាលថា ជាការអនុវត្តច្បាប់ក៏ដោយ ប៉ុន្តែរឿងនេះ រដ្ឋាភិបាលមិនចង់ឲ្យមានការជួបជុំគ្នាឡើងវិញ ហើយបើសិនជារដ្ឋាភិបាលមើលឃើញ គ្រោះរបស់សង្រ្គោះជាតិ បែកបាក់គ្នាច្បាស់ពេលណាមួយ រឿងដោះលែងលោក កឹម សុខា វិញ ជារឿងងាយជាទីបំផុត»។
សមត្ថកិច្ចចាប់ខ្លួន លោក កឹម សុខ នៅម៉ោងជាង ១២រំលងអធ្រាត្រ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំភ្លាមៗ ។ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញលោក សៀង សុខ បានចោទប្រកាន់លោក កឹម សុខា ថាក្បត់ជាតិ។ ចំណាត់ការរបស់តុលាការក្រុងភ្នំពេញនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា លោក កឹម សុខា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលមានអង្គការចាត់តាំងនៅពីក្រោយខ្នង គឺសហរដ្ឋអាមេរិក។ លោកត្រូវបានដោះលែងឲ្យនៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែ យកទៅដាក់ឃុំក្នុងផ្ទះជំនួសវិញ។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញសារដ៏កម្រមួយនាឱកាសពិធីខួបកំណើតរបស់លោកគម្រប់ ៦៧ឆ្នំា កាលពីថ្ងៃទី២៧ មិថុនាថា ដ៏រាបណាព្រះអាទិត្យនៅតែរះ លោកនៅតែមានក្ដីសង្ឃឹមវិលទៅជួបជុំអ្នកគាំទ្ររបស់លោក និងដើម្បីទៅបម្រើជាតិមាតុភូមិវិញ គឺលោក មិនស្ដាយក្រោយឡើយ។ លោក កឹម សុខា បង្ហាញជំហររឹងមាំថា មិនថាលោករងទុក្ខ ឬការធ្វើបាបតាមរូបភាពណាក៏ដោយ វាគ្មានទេពាក្យថា "ស្តាយក្រោយសម្រាប់ កឹម សុខា ដែលបានបូជាជូនជាតិ ប្រជាពលរដ្ឋ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និងការផ្សះផ្សាជាតិ" ។
លោក កឹម សុខា បានប្ដេជ្ញាចិត្តថា ទោះបីជាលោកស្ថិតនៅទីឃុំឃាំងក្នុងផ្ទះ គឺលោកជាប់ឃុំតែរូបកាយ បាត់បង់សេរីភាពក៏ពិតមែន ប៉ុន្តែស្មារតីស្នេហាជាតិរបស់លោកមិនជាប់ឃុំឃាំងឡើយ។ លោក កឹម សុខា បានសេរសរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ មិថុនាថា "ទឹកចិត្ត និងសេចក្តីនឹករលឹករបស់ជនរួមជាតិ បានផ្តល់ដល់រូបខ្ញុំ នូវកម្លាំងចិត្តដែលជាថាមពល ជម្រុញឲ្យរូបខ្ញុំបន្តនូវស្មារតីសេ្នហាជាតិ បើទោះជារូបកាយខ្ញុំត្រូវបានបាត់បង់សេរីភាព អស់ជិត ២ឆ្នាំមកហើយក្ដី។ មិនមានអ្វីឡើយ ដែលអាចរារាំងមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះប្រជាជាតិមួយនេះ"។
លោក កឹម សុខា បន្តថា "ទោះបីខ្ញុំមិនអាចជួបជុំប្រជាពលរដ្ឋដូចកាលពីមុន ទោះបីខ្ញុំមិនអាចស្តាប់ឮដោយផ្ទាល់នូវទុក្ខកង្វល់របស់បងប្អូន ទោះបីមានឧបសគ្គយ៉ាងណា បើដរាបណាព្រះអាទិត្យនៅតែរះ សូមប្រជាជាតិខ្មែរជឿចុះថា ខ្ញុំ កឹម សុខា នៅតែភ្ញាក់ឡើងទន្ទឹងរង់ចាំថ្ងៃដែលបានជួបជុំ និងបម្រើជាតិខ្មែរតទៅទៀត"។ នៅក្នុងចុងបញ្ចប់នៃសារលោក កឹម សុខា បញ្ជាក់ជាថ្មីថា "សេចក្តីប្រាថ្នាសម្រាប់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឱកាសថ្ងៃខួបកំណើតនេះ គឺសេចក្តីសុខ សន្តិភាព សិទ្ធិសេរីភាព វឌ្ឍនភាព និងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ" ។
លោក មេធាវី ផែង ហេង លើកឡើងថា ការចោទប្រកាន់លោក កឹម សុខា នេះមានលក្ខណៈនយោបាយច្រើនជាង ដូច្នេះ លោកស្នើឲ្យដោះស្រាយតាមផ្លូវនយោបាយ ទើបលោក កឹម សុខា មានសេរីភាពដើរហើរពេញលេញវិញ ពីព្រោះថា ស្ថានភាពជំងឺគាបសរសៃកូនក្ដីរបស់លោក នៅតែត្រូវការទៅព្យាបាលជំងឺនៅក្រៅប្រទេសដដែល៖ «ជំងឺគាត់រឿងគាបសរសៃនៅតែចាក់ដោត ដូចជា ប៉ុន្មានខែមុនគាត់រោយស្មា ហើយគាត់ព្យាយាមហាត់ប្រាណ និងធ្វើគីណេជាដើម»។
អ្នកវិភាគលើកឡើងថា របបក្រុងភ្នំពេញលំបាកនឹងដោះលែង លោក កឹម សុខា ពីព្រោះថា ការដោះលែងមេបក្សប្រឆាំង គឹជាការប្រថុយប្រថានរបស់គណបក្សកាន់អំណាច ពោលគឺ ការចាប់ខ្លួនលោក កឹម សុខា នេះ គឺជាហេតុផលនយោបាយដ៏ចម្បងមួយ ដែលគណបក្សនេះ ចង់រក្សាអំណាចទៅទៀតមុខបាននោះ គឺត្រូវកម្ទេចបក្សប្រឆាំងចោល ទោះជាត្រូវប្រឈមនឹងទណ្ឌកម្មអន្តរជាតិយ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។