មេដឹកនាំ​គណបក្ស​​ដែល​ចង​សម្ពន្ធ​មិត្ត​ជាមួយ​គណបក្ស​ភ្លើង​ទៀន កំពុង​រៀបចំ​កិច្ចព្រមព្រៀង ​​​​​ដើម្បី​ធ្វើ​ដំណើរ​រួម​គ្នា​នៅ​ពេល​ខាង​មុខ

0:00 / 0:00

ការ​ចង​សម្ពន្ធភាព​គ្នា​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​៤​ ដែល​ជា​ក្រុម​គណបក្ស​ប្រឆាំង​ចុង​ក្រោយ​នៅ​កម្ពុជា កំពុង​ដំណើរការ​ទៅ​មុខ ដោយ​ពួក​គេ​កំពុង​រៀបចំ​កិច្ចព្រមព្រៀង​ និង​លក្ខន្តិកៈ​ជាដើម ដើម្បី​ធ្វើ​ដំណើរ​រួម​គ្នា​លើ​ឆាក​នយោបាយ​នៅ​ពេល​ខាង​មុខ។ អ្នកឃ្លាំមើល​នយោបាយ​សង្កេត​ឃើញ​ថា ដើម្បី​ឱ្យ​សម្ពន្ធភាព​របស់​គណបក្ស​ទាំង ​៤​នេះ បាន​គង់វង្ស​យូរ​អង្វែង លុះ​ត្រា​តែ​គណបក្ស​សម្ពន្ធមិត្ត​ទាំង​នោះ​រៀបចំ​គោលការណ៍ ឬ​លក្ខខណ្ឌ​ជាក់លាក់​នៃ​រួបរួម​គ្នា​នោះ។

មេដឹកនាំ​គណបក្ស​សម្ព័ន្ធមិត្ត​ក្រៅ​រដ្ឋាភិបាល​ទាំង៤ នៅតែ​បង្ហាញ​ជំហរ​ឆ្ពោះ​ទៅ​មុខ និង​មាន​ផែនការ​របស់​ខ្លួន​ជុំវិញ​ការ​ចង​សម្ពន្ធភាព​ជាមួយ​គ្នា​នេះ។ ទន្ទឹម​គ្នា​ដែរ ក៏​មាន​មេដឹកនាំ​គណបក្ស​នយោបាយ​ខ្លះ​ចង់​ឱ្យ​មាន​ការ​រួម​រស់​នៅ​​​ក្រោម​ដំបូល​គណបក្ស​តែ​មួយ ដើម្បី​ធ្វើ​នយោបាយ​រួម​គ្នា​តែ​ម្ដង។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១៩ ថា គណបក្ស​ទាំង៤ កំពុង​រួម​គ្នា​គិត​ពី​បែបបទ នៃ​ការ​រៀបចំ​កិច្ចព្រមព្រៀង លក្ខន្តិកៈ​និង​លេខាធិការដ្ឋាន​មួយ ដើម្បី​ជួយ​សម្របសម្រួល​ដល់​ការ​បំពេញ​ការងារ​របស់​គណបក្ស​ទាំង​៤។ លោក​បន្ត​ទៀត​ថា ប្រសិន​ការ​ចង​សម្ពន្ធភាព​នេះ​ដំណើរការ​ទៅ​មុខ​រលូន​គណបក្ស​ទាំង៤ នឹង​មាន​ការ​ការងារ​ច្រើន​ត្រូវ​ធ្វើ​ការងារ​រួម​គ្នា​ទៀត ប៉ុន្តែ​ នៅ​ពេល​នេះ លោក រ៉ុង ឈុន សុំ​មិន​ទាន់​បង្ហាញ​ផែនការ​ទាំង​នោះ​នៅ​ឡើយ​ទេ។

លោក រ៉ុង ឈុន៖«ត្រូវ​មាន​លិខិត​បទដ្ឋាន​បែបបទ​ដើម្បី​​យើង​សរសេរ​នីតិវិធី​នៃ​ការប្រព្រឹត្តិ​ទៅ​របស់​សម្ព័ន្ធ​ហ្នឹង ហើយ​ជជែក​ថា​តើ​ត្រូវ​បង្កើត​លេខាធិការដ្ឋាន​ឬ​ក៏​មួយ​អាច​មាន​រចនាសម្ព័ន្ធ​លើស​ហ្នឹង»។

ស្រដៀង​គ្នា​នេះ​ដែរ ស្ថាបនិក និង​ជា​អនុប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យ​ដឹង​ដែរ​ថា គណបក្ស​កែទម្រង់​មាន​ឆន្ទៈ​​ចង់​ឱ្យ​គណបក្ស​ទាំង៤ រួម​រស់​ក្រោម​ដំបូល​គណបក្ស​តែ​មួយ។ លោក​សង្កេត​ឃើញ​ថា បទពិសោធន៍​នយោបាយ​កន្លង​មក ការ​រួម​គ្នា​ជ្រក​ក្រោម​ដំបូល​តែ​មួយ ទើប​ទទួល​បានការ​​គាំទ្រ​ពី​ពលរដ្ឋ​ច្រើន។ លោក​បន្ត​ទៀត​ថា រូបមន្ត​ នៃ​ការ​រស់​ក្រោម​ឆត្រ​រួម​គ្នា​នេះ​ គណបក្ស​ទាំង៤ អាច​រួម​គ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី តែ​រក្សា​គណបក្ស​ដើម​របស់​ខ្លួន​ឱ្យ​នៅ​ដដែល។ ចំណែក​រូបមន្ត​មួយ​ទៀត គឺ​គណបក្ស​ទាំង៤ ឯកភាព​គ្នា​ជ្រើសរើស​គណបក្ស​ណាមួយ​ធ្វើ​ជា​គណបក្ស​ធំ ដើម្បី​ធ្វើ​ការ​រួម​គ្នា។

លោក អ៊ូ ច័ន្ទរ័ត្ន៖«កម្លាំង​បែកខ្ញែក​ជា​បទពិសោធន៍​របស់​យើង​កន្លងមក​ហើយ​ឃើញ​ថា ធ្វើ​ឱ្យ​ខាត​សំឡេង​​ពលរដ្ឋ​ឬ​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ ហាក់​បីដូច​បែកខ្ញែក​ទៅ​ខាត​អាសនៈ​នៅ​ក្នុង​ក្រុមប្រឹក្សា​ក្ដី នៅ​ក្នុង​សភា​ក្ដី​ហើយ​បើ​ទៅ​បែក​គ្នា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ក៏​ហាក់​មិន​មាន​សង្ឃឹម​ក្នុង​ការចូលរួម​ការបោះឆ្នោត​ហ្នឹង​ដែរ»។

កាល​​ថ្ងៃ​ទី១១ ខែ​តុលា គណ​បក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ចុងក្រោយ​នៅ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា។ គណបក្ស​ទាំង​នេះ ភាគ​ច្រើន​កើត​ចេញ​ពី​អតីត​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លើកលែង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទេ ដែល​កើត​ចេញ​ពី​​​អតីត​​អ្នក​ធ្វើ​ការងារ​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ធ្វើ​ការងារ​សង្គម។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ និង បាន​ទេ នៅ​ថ្ងៃ​ទី១៩ ខែ​តុលា បាន​ទេ។

ចំណែក ​តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ លោក ផល ស៊ីថុន ប្រាប់​ថា គណបក្ស​របស់​លោក​មាន​បំណង​រួម​កម្លាំង​ជាមួយ​អ្នក​ប្រជាធិបតេយ្យ។ លោក​បន្ត​ទៀត​ថា ចំពោះ​គម្រោង​នៃ​កា​រួម​គ្នា​បែប​ណា គឺ​ត្រូវ​រង់ចាំ​ការ​ជជែក​គ្នា​រវាង​គណបក្ស​ទាំង​៤​នៅ​ពេល​ខាង​មុខ​សិន។

លោក ផល ស៊ីថុន៖«កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ត្រូវតែ​រួបរួម​គ្នា​ក្នុង​កាលៈទេសៈ​នេះ​ទី១ ទី២ យើង​កៀរគរ​រក​គណបក្ស​មាន​និន្នាការ​ប្រជាធិបតេយ្យ​ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧​ និង​ឆ្នាំ​២០២៨​នេះ​គោលដៅ​ចម្បង​របស់​សម្ព័ន្ធ​​ឆ្ពោះ​ទៅ​អនាគត»។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ថា សម្ព័ន្ធ​របស់​គណបក្សទាំង៤នេះជា​ចំណុច​វិជ្ជមាន​មួយ​ដែល​អាច​ធ្វើ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ ទោះ​យ៉ាង​ណា​ក្ដី លោក វ៉ន ចាន់ឡូត យល់ថា ដើម្បី​ឱ្យ​សម្ពន្ធភាព​នោះ ​គង់វង្ស​បាន​យូរ​អង្វែង​លុះ​ពួកគេ​លះបង់​​ផល​ប្រយោជន៍​បុគ្គល​ និង​រៀបចំ​គោលការណ៍​ និង​លក្ខខណ្ឌ​ជាក់លាក់​នៃ​រួបរួម​គ្នា​នេះ។

លោក វ៉ន ចាន់ឡូត៖«សម្ពន្ធភាព​នេះ​ក៏​ងាយ​រង​ការ​បែកបាក់​គ្នា​វិញ​ដែរ ប្រសិនបើ​គណបក្ស​ទាំង​៤​គាត់​មិន​លះបង់​នយោបាយ​ចោល​នយោបាយ​បុគ្គល​និយម​ យក​បុគ្គល​ជា​ធំ យក​ក្រុម​បក្ខពួក​ជា​ធំ សម្ពន្ធភាព​អត់​អាច​នៅ​គង់វង្ស​យូរអង្វែង​ទេ»។

អ្នក​ឃ្លាំមើល​នយោបាយ​លើកឡើង​ថា សម្ពន្ធភាព​របស់​គណបក្ស​ទាំង៤​​នេះ គឺ​ជួយ​បំពេញ​គ្នា​ទៅវិញ​ទៅ​មក ខណៈ​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ជិត ២លាននាក់​​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០២២ ប្រឈម​មិន​អាច​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​ព្រោះ​គ្មាន​លិខិត​ចុះ​បញ្ជី​ច្បាប់​ដើម​ ចំណែក​គណបក្ស​នយោបាយ​បី​ផ្សេង​ទៀត​ដែល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត ប៉ុន្តែ មិន​សូវ​ទទួល​បាន​គាំទ្រ​ពី​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។