អ្នកឃ្លាំមើល និងមន្ត្រីគណបក្សប្រឆាំង លើកឡើងថា ការសរសើររបស់ប្រធានរដ្ឋសភាថៃ (Thailand) ចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជា គឺមិនស្របតាមស្ថានភាពពិតជាក់ស្ដែងនោះឡើយ។ ពួកគាត់យល់ថា ការសរសើររបស់មន្ត្រីជាន់ខ្ពស់ប្រទេសថៃរូបនេះ គ្រាន់តែជាភាសាការទូត ខណៈគ្រួសារមេដឹកនាំកម្ពុជា ចូលចិត្តតែពាក្យដែលគេសរសើរបែបនេះ។
មន្ត្រីគណបក្សប្រឆាំង យល់ឃើញថា ការលើកសរសើររបស់ប្រធានរដ្ឋសភាថៃថ្មី គឺលោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា (Wan Muhamad Noor Matha) ចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយពីរនាក់ឪពុក និងកូន គឺជាភាសាការទូត ដើម្បីតម្រូវចិត្តមេដឹកនាំកម្ពុជា ដែលចូលចិត្តការសរសើរ ជាងការរិះគន់។
ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែមិនា ថា លោកមើលមិនឃើញអំពីភាពវិជ្ជមាន នៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ដូចការលើកឡើងរបស់ប្រធានរដ្ឋសភាថៃ នោះទេ។ លោកបន្តថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនខុសគ្នាពីឪពុករបស់លោក ដែលជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ គឺលោក ហ៊ុន សែន ឡើយ ដោយគ្រាន់តែលោក ហ៊ុន ម៉ាណែត បង្កើតភាពសកម្ម និងទ្រឹស្ដីឱ្យល្អមើល ជាងរដ្ឋាភិបាលឪពុករបស់លោកប៉ុណ្ណោះ ខណៈដំបៅសង្គមមានដូចជា បញ្ហាអំពើពុករលួយ ការតែងតាំងសែស្រឡាយ ក្នុងជួររដ្ឋាភិបាល ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី ជាដើម នៅតែបន្តកើតមានដដែល។
លោក ម៉ន ផល្លា៖«ធម្មតាគណបក្សកាន់អំណាចរបស់ប្រទេសថៃ គេមានភាពវៃឆ្លាតជាងគណបក្សកាន់អំណាច នៅក្នុងស្រុកខ្មែរ។ គេគ្រាន់តែជាលួងដើម្បី បង្កភាពងាយស្រួលក្នុងការធ្វើសកម្មភាពអ្វីមួយ ឬពឹងផ្អែកក្នុងកិច្ចការអ្វីមួយតែប៉ុណ្ណោះ»។
ការលើកឡើងរបស់អ្នកឃ្លាំមើលរូបនេះ គឺបន្ទាប់ពីប្រធានរដ្ឋសភាថៃ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ក្នុងជំនួបជាមួយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា បានលើកសរសើរអំពីការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលប្រធានរដ្ឋសភាថៃរូបនេះអះអាងថា បាននាំកម្ពុជាចេញពីភ្លើងសង្គ្រាម និងកសាងឱ្យមានការរីកចម្រើន។ ជាមួយគ្នានេះ លោក វ៉ាន់មូហាម៉ាត់ ណមៈថា បានបង្ហាញការជឿជាក់ទៅលើរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ថានឹងបន្តស្មារតីនៃការអភិវឌ្ឍនេះ ហើយនាំកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំងជាបន្តទៀតផងដែរ។
លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) មកពីគណបក្ស ប្រាក់ឆាឆាត (Prachachat Party)ឡើងកាន់តំណែងជាប្រធានរដ្ឋសភាថៃ កាលពីខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការបោះឆ្នោត និងភាពចម្រូងចម្រាសលើការបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងរដ្ឋសភា។
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាថៃរូបនេះ ធ្វើឡើងបន្តបន្ទាប់គ្នា ពោលគឺក្រោយពេលប្រធានគណបក្សភឿថៃ (Pheu Thai) និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) គឺអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា តាមការអញ្ជើញរបស់លោក ហ៊ុន សែន នៅពេលទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ការលើកសរសើររបស់ប្រធានរដ្ឋសភាថៃ មកលើការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាភាសាការទូតរបស់ថ្នាក់ដឹកនាំរដ្ឋ។ ក៏ប៉ុន្តែ លោកបន្តថា ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានភាពពេញលេញ ស្របតាមពាក្យសរសើរនេះនៅឡើយទេ។
លោក សេង វណ្ណលី៖«រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ឃើញមានលទ្ធផលជាដុំកំភួននៅឡើយទេ ក៏ប៉ុន្តែសង្ឃឹមថារដ្ឋាភិបាលនីតិទី៧ នេះ នឹងព្យាយាមប្រឹងប្រែង ដើម្បីធ្វើម៉េចជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើទំនាក់ទំនងការទូត ដោយធ្វើការកែសម្រួលទៅដល់ស្ថានភាពសិទ្ធិមនុស្ស ការគោរពសិទ្ធិមនុស្ស និងច្បាប់ការងារ ក៏ដូចជាបើកលំហនយោបាយក្នុងស្រុកឱ្យមានការប្រកួតប្រជែងមួយឱ្យមានភាពចម្រុះ ធ្វើម៉េចដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសឱ្យបានច្រើន»។
អ្នកឃ្លាំមើលសង្កេតឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់លោក ហ៊ុន សែន រហូតដល់កូន គឺលោក ហ៊ុន ម៉ាណែត ហាក់ស្វាគមន៍ចំពោះការសរសើរពីបណ្ដាប្រទេសអង្គទូត និងប្រទេសកុម្មុយនិស្ត មួយចំនួន ដែលស្និទ្ធនឹងរដ្ឋាភិបាលរបស់លោក។ ក្នុងនោះ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងកូនប្រុស គឺលោក ហ៊ុន ម៉ាណែត ជាញឹកញាប់ ក៏តែងតែពោលអួតសរសើរអំពីការដឹកនាំរបស់ខ្លួនឯងផងដែរ។ ក៏ប៉ុន្តែ ផ្ទុយពីពាក្យសរសើរ រដ្ឋាភិបាលពីរនាក់ឪពុក និងកូននេះ បានចាត់ទុក មតិរិះគន់ ដើម្បីកែលំអពីសំណាក់ប្រទេសលោកសេរី និងអង្គការសង្គមស៊ីវិល ដែលជំរុញឱ្យស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ថាជាការធ្វើ «បដិវត្តន៍ពណ៌» នៅកម្ពុជាទៅវិញ។
ជាក់ស្ដែងកាលពីខែមីនា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចោទប្រកាន់ដោយប្រយោល ទៅលើបរទេសខ្លះ ដែលលោកអះអាងថា បានសំដែងកង្វល់ចំពោះកម្ពុជា និងបង្កើតកំហុសក្នុងការគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេចសីហនុ ក្នុងឆ្នាំ១៩៧០ ដែលធ្វើឱ្យកម្ពុជា ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមរាប់ទសវត្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។