អង្គការ​លីកាដូ​លើកឡើង​ថា ចំនួន​សកម្មជន​ដែល​ជាប់គុក​ពីរ​ដង​ដោយ​អយុត្តិធម៌​បាន​កើន​ឡើង

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​(Licado) កត់សម្គាល់​ថា សកម្មជន​នយោបាយ និង​សកម្មជនសង្គម​ដែល​ត្រូវ​ជាប់គុក​ចំនួន​ពីរ​ដង​ឡើង​ទៅ​ដោយសារ​ការអនុវត្តសិទ្ធិសេរីភាព​ជាមូលដ្ឋាន​​របស់​​ពួកគេ​​បាន​កើន​ឡើង ប៉ុន្តែ​ពួកគេ​នៅតែ​មិន​ចុះញ៉ម ឬ​បោះបង់​​ភាព​សកម្ម​​នោះ​​ទេ។ ចំណែក​គ្រួសារ​ជនជាប់ឃុំ​នៅតែ​ចាត់ទុក​ករណី​ចាប់ខ្លួន​ទាំងនោះ​ថា​ជា​ការធ្វើទុក្ខបុកម្នេញ​នយោបាយ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហសេរីភាព​ពលរដ្ឋ និង​នយោបាយ ជាពិសេស​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មានសេរីភាព​ដោយ​ឥតលក្ខខណ្ឌ។

អង្គការសិទ្ធិមនុស្ស​លីកាដូ​នៅ​ថ្ងៃ​ទី២៤ ខែ​មិថុនា បាន​ចុះផ្សាយ​អត្ថបទ​មួយក្រោម​ចំណង​ជើង​ថា​សកម្មជន​មិន​រាងចាល។ ក្នុង​អត្ថបទ​នោះ​កត់សម្គាល់​ថា ចរន្ត​នៃ​ការចាប់ខ្លួន​នៅ​ឆ្នាំ​នេះ​បាន​ធ្វើឱ្យ​សកម្មជន​ជា​ច្រើននាក់​ដែល​ពី​មុន​ធ្លាប់ជាប់​ពន្ធនាគារ​ម្តង​រួច​មក​ហើយ ត្រូវ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ស្ថានភាពមិន​ល្អ​ខ្លាំង​ម្តងទៀត ក្រោយពេល​អ្នក​ទាំងនោះ​នៅតែ​បន្ត​ភាពសកម្ម​របស់​ពួកគេ។

អង្គការរ​សិទ្ធិមនុស្ស​នេះ​ក៏​បាន​រំលឹក​អំពី​ស្ថានភាព​រស់នៅ​ក្នុង​ពន្ធនាគារ ដូចជា​កង្វះ​អាហារ​ហូបចុក កង្វះ​ទឹក​ស្អាត ទឹក​មាន​តម្លៃ​ថ្លៃ ការរឹតត្បិត​ការជួប​អ្នក​ខាងក្រៅ និង​កម្តៅ​ក្តៅ​ខ្លាំង​នៅ​ក្នុង​បន្ទប់​ជាដើម។ ចំណែក​អត្រា​ផ្ទុក​អ្នកជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​គឺ​កើនឡើង​លើស​២០០ភាគរយ នៃ​សមត្ថភាព​ផ្ទុក​របស់​ពន្ធនាគារ ហើយ​ពន្ធនាគារ​មួយចំនួន ផ្ទុក​អ្នកទោស​រហូត​ដល់​ទៅ​៥០០ភាគរយ នៃ​សមត្ថភាព​ផ្ទុក​របស់​ខ្លួន។

ប្រភព​ដដែល​មើលឃើញ​ថា​ទោះជា​ពន្ធនាគារ​ជា​កន្លែង​ដែល​មាន​ស្ថានភាព​មិន​ល្អ​ខ្លាំង​ក៏​ដោយ ក៏​សកម្មជន​នយោបាយ និង​អ្នកការពារ​សិទិ្ធមនុស្ស ដែល​បន្ត​តស៊ូ​ដើម្បី​យុត្តិធម៌​សង្គម​នៅតែ​មាន​ចំនួន​ច្រើន ទោះបី​ជា​អ្នកទាំងនោះ​ធ្លាប់​ជាប់ក្នុង​ពន្ធនាគារ ដោយ​មិន​ត្រឹមត្រូវ​ម្តង​រួច​មក​ហើយ​ក្តី។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក អំ សំអាត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នកការពារ​សិទិ្ធមនុស្ស និង​សកម្មជន​នយោបាយដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ជា​លើក​ទីពីរ មាន​ចំនួន​កើន​ឡើង ក្រោម​បទចោទ​ដដែលៗ ឬ​ជាប់ឃុំ​ពី​បទចោទ​មួយ​ទៅ​មួយ​ទៀត។ លោកបន្ថែម​ថា ការចាប់ និង​ឃុំខ្លួន​កើត​ឡើង​នៅ​អំឡុងពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិនទាន់​បាន​ដោះស្រាយ ដែល​ករណី​ទាំងនេះ​បាន​នាំឱ្យ​សហគន៍​អន្តរជាតិ​រិះគន់​ថាជា​ការរំលោភ​សិទ្ធិសេរីភាព​ពួកគេ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

លោក អំ សំអាត៖ «អ្នក​ដែល​ត្រូវ​ជាប់​ឃុំ​ម្តង​ហើយ​ម្តង​ទៀត គឺ​មនុស្ស​ដដែល ហើយ​បទចោទ​ប្រកាន់​ក៏​វា​ដដែល​ឡើង​វិញ អ៊ីចឹង​ហើយ​វា​គ្រាន់តែ​ជាប់​ពាក់ព័ន្ធអ្នកជាប់ឃុំ​ពីរ​ដង​ឡើង​ទៅ​ភាគច្រើន​ទាក់ទង​អ្នក​ដែល​ធ្វើការ​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​បរិស្ថាន សង្គម និង​សកម្មជន​នយោបាយ​ដែល​ស្ថិត​នៅ​ក្នុង​ការរិះគន់ ហើយ​ក៏​គេ​ទាមទារ​​ឱ្យ​ពិនិត្យ​ឡើងវិញ​ទៅ​លើ​បញ្ហា​ទាំងអស់​នេះ ហើយ​សូមមាន​ការដោះលែង​ទៅ​លើ​សកម្មជន​ទាំងអស់​ហ្នឹង​ជា​ការបន្ធូរបន្ថយ​បរិយាកាស​ដ៏​តានតឹង»។

ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ចរន្ត​នៃ​ការចាប់ និង​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស អ្នករិះគន់​រដ្ឋាភិបាល​ដាក់​ពន្ធនាគារ​សាជា​ថ្មី ឬ​ជាប់​ឃុំ​ចាប់ពី​ពីរ​ដង​បាន​កើន​ឡើង​នៅ​រយៈពេល​ចុងក្រោយ​នេះ។ ក្នុង​ចំណោម​អ្នកទោសមនសិការ​កំពុង​ជាប់ពន្ធនាគារ​ជាង​៥០នាក់ មាន​អ្នកទោស​មនសិការ​យ៉ាងហោច​១០នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ច្រើន​ដង ដោយ​ចំនួន​នេះ​មិន​គិត​ពី​អ្នក​មានសេរីភាព​ក្រោយ​អនុវត្ត​ទោស​ចប់ និង​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ជា​ថ្នូរ​នឹង​ការដោះលែង​កន្លង​មក​នោះ​ទេ។

អ្នកជាប់ឃុំ​ច្រើន​ដង​ទាំងនោះ​មាន​ដូចជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា និង​សមាជិក​បក្ស​ជំទាស់​លោក ហេង ច័ន្ទសុទ្ធី លោក គា វិសាល ព្រមទាំង​សកម្មជន​សិទ្ធិមនុស្ស មេសហជីព និង​អ្នករិះគន់​រដ្ឋាភិបាល​នៅលើ​បណ្តាញ​សង្គម​ផ្សេងទៀត​រួមមាន​កញ្ញា ឈឹម ស៊ីថរ លោក នី ណាក់ លោក កើត សារ៉ាយ លោក កង សារ៉ន និង​ជនពិការ​លោក ភុន យុទ្ធ ជាដើម។ ក្នុងនោះ​អ្នក​ខ្លះ​មិនត្រឹម​តែ​ជាប់​គុក​ជា​ច្រើន​ដង​ដោយ​អយុត្តិធម៌​ទេ ថែមទាំង​រង​អំពើ​ហិង្សា​​ដោយ​ការលប​វាយ​ដំ​​បណ្តាល​ឱ្យ​រង​របួស​ធ្ងរ​ថែមទៀត។

ជុំវិញ​រឿង​នេះ ជំទប់ទី២ នៃ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក គា វិសាល កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ប៉េសហ្ស៊ី​(PJ) គឺអ្នកស្រី ញ៉ែ សុខឿន ប្រាប់​វិទ្យុអាស៊ីសេរី​ថា ប្តី​អ្នកស្រី​ធ្លាប់​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ ហើយបាន​ចេញ​ពី​ពន្ធនាគារ​វិញ​កាល​ពី​ខែកញ្ញា​ឆ្នាំ២០២០ បន្ទាប់​ពី​គាត់​បាន​អនុវត្តទោស​គ្រប់​ចំនួន​រយៈពេល​១ឆ្នាំ​ពេញ​នៅ​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ​អ្នកស្រី​ឱ្យដឹង​ថា​ប្តីអ្នកស្រី​មិន​ដែល​ចុះចាញ់ ឬ​​បោះបង់​ការតស៊ូ​ម្តង​ណា​ឡើយ ពីព្រោះ​គាត់​ចង់​បាន​សង្គម​មាន​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាដក​រហូត​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ម្តងទៀត​កាល​ពី​ខែមីនា។ អ្នកស្រី ញ៉ែ សុខឿន នៅតែ​ចាត់ទុក​ការចាប់ខ្លួន​នោះ​ថា​ជា​រឿង​នយោបាយ និង​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្តី និង​អ្នកទោស​មនសិការ​ដៃទៀត​ឲ្យ​មាន​សេរីភាព​វិញ និង​ទម្លាក់​បទចោទប្រកាន់​ទាំង​នេះ។

អ្នកស្រី ញ៉ែ សុខឿន៖ «រឿង​គ្រួសារ​របស់​ខ្ញុំ រឿង​អ្នកទោស​ផ្សេងទៀត​ដែល​និយាយ​ពីបញ្ហា​សង្គម​ហ្នឹង វា​អយុត្តិធម៌​ណាស់ វា​ជា​រឿង​នយោបាយ​សុទ្ធ​សាធ ពួកយើង​សុទ្ធតែ​យល់​ថា នៅក្នុង​ពន្ធនាគារ​ជួប​ការលំបាក គ្រួសារ​នៅ​ខាង​ក្រៅ​​នេះ​ក៏​ប្រឈម​ក្នុង​ការលំបាក​ដែរ យើង​សុទ្ធតែ​ដឹង​រឿង​ហ្នឹង តែ​សួរ​ថា​ហេតុអ្វី​បាន​ជា​គាត់​នៅតែ​តស៊ូ គឺ​ដើម្បី​ឱ្យ​សង្គម​យើង​មាន​ការផ្លាស់ប្តូរ មាន​ការគោរព​សិទ្ធិ​មនុស្ស និង​ការបញ្ចេញមតិ​ក្នុង​ន័យ​រិះគន់​ដើម្បី​ស្ថាបនា»។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បញ្ជាក់​ថា​ការណ៍​ដែល​សកម្មជន​ទាំងនោះ​មិន​ព្រម​ចុះចាញ់ និង​មិន​បោះបង់​ភាពសកម្ម​និយម​របស់​ខ្លួន បើទោះ​បី​ជា​ពួកគេ​ធ្លាប់​ស្គាល់រសជាតិ​ជាប់​ពន្ធនាគារក្នុង​ស្ថានភាព​អាក្រក់ និង​ហានិភ័យ​​ក្តី ក៏​ពួកគេ​នៅតែ​មិនខ្លាច​រអា និង​នៅតែ​សុខចិត្ត​លះបង់​សេរីភាព​ផ្ទាល់ខ្លួន​ម្តងហើយ​ម្តងទៀត​នោះ ​ពីព្រោះ​ពួកគេ​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​ភាពល្អប្រសើរ ផ្នែក​សិទិ្ធមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។