សាច់ញាតិរបស់ក្រុមសកម្មជនបរិស្ថាន ដែលកំពុងជាប់ឃុំ ដោយសារការទាមទារយុត្តិធម៌សង្គម ឲ្យដឹងថា សកម្មជនទាំងអស់មានសុខភាពអន់ថយ និងស្គមខ្លាំង ប៉ុន្តែ ពួកគេនៅតែមានបញ្ញាស្មារតី និងជំហរដដែល។ ក្រុមសាច់ញាតិសកម្មជនទាំងនោះ ចាត់ទុកការចាប់ខ្លួនសកម្មជនការពារបរិស្ថានថា ជាការបង្ក្រាប ដោយបំពានច្បាប់ ដូច្នេះអាជ្ញាធរត្រូវដោះលែងពួកគេ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
សកម្មជនចលនាមាតាធម្មជាតិ គឺកញ្ញា ឡុង គន្ធា មានសភាពស្គមស្គាំងជាងគេ ក្នុងចំណោមអ្នកទោសមនសិការជាង ១០នាក់ ដែលទើបចាប់ខ្លួនរយៈពេល ២ខែចុងក្រោយនេះ ក្រោមបទចោទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម នេះបើការតាមការអះអាងរបស់សាច់ញាតិកញ្ញា។
ម្ដាយរបស់កញ្ញា ឡុង គន្ធា គឺ លោកស្រី សាន សារ៉ន ថា លោកស្រីមានអារម្មណ៍តក់ស្លុត ពេលឃើញកូនស្រី ស្រកសាច់ខ្លាំង ដោយសារ គេងមិនគ្រប់គ្រាន់។ លោកស្រី សាន សារ៉ន ឲ្យដឹងថា ក្នុងបន្ទប់ឃុំឃាំង របស់កញ្ញា ឡុង គន្ធា ផ្ទុកអ្នកជាប់ឃុំច្រើនពេកបណ្ដាលឲ្យចង្អៀត ដូច្នេះ កញ្ញា ឡុង គន្ធា មិនអាចគេងគ្រប់គ្រាន់ទេ។
លោកស្រី សាន សារ៉ន ជាស្ត្រីមេម៉ាយមានកូន ៥នាក់ ក្នុងបន្ទុករូបនេះ បន្តថា ការចាប់ខ្លួនកូនស្រីនេះ បណ្ដាលឲ្យកើតក្ដីក្ដៅក្រហាយ និងបង្កការលំបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់គ្រួសារលោកស្រី។ លោកស្រី ទាមទារឲ្យរដ្ឋាភិបាល ដោះលែង កញ្ញា ឡុង គន្ធា និងសកម្មជនទាំងអស់ ឲ្យមានសេរីភាពវិញ៖ « រាងស្គម ខ្ញុំទៅឃើញកូន ដូចស្លុតចិត្តដល់ហើយ។ ខ្ញុំសួរ ទៅ ថារឿង ហូបចុកធម្មតាទេ ប៉ិនគ្រាន់ថា ចង្អៀត។ អ៊ីចឹង ពិបាកគេ ពិបាកអ្វីអ៊ីចឹងទៅណា។ ចា ! ខ្ញុំចង់សំណូមពរឲ្យរដ្ឋាភិបាលហ្នឹង ដោះលែងកូនខ្ញុំ ព្រោះកូនខ្ញុំ ធ្វើការវាមិនខុសអ្វីទេ។ អ៊ីចឹង ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាល លោកដោះលែងកូនខ្ញុំវិញ អ្វីអ៊ីចឹងទៅ ឲ្យមានសេរីភាព ដោះលែងសកម្មជនទាំងអស់ហ្នឹងទៅណា»។
ចំណែកស្ថានភាពជាប់ឃុំរបស់ក្រុមយុវជនខ្មែរថាវរៈ ក៏ត្រូវបានអះអាងថា បណ្ដាលឲ្យពួកគេជួបការលំបាកផ្នែកផ្លូវកាយមួយចំនួនដែរ។ តែយ៉ាងណា សម្រាប់ស្មារតី និងជំហរនៃការទាមទារយុត្តិធម៌ គឺពួកគេ មិនតក់ស្លុតឡើយ។
ប្អូនស្រីរបស់កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា គឺកញ្ញា អេង វ៉ាន់ឌី ឲ្យដឹងថា កញ្ញា សូ មេត្តា កើតកមរមាស់ខ្លាំង បណ្ដាលមកពីក្នុងបន្ទប់ឃុំឃាំងខ្វះអនាម័យ និងភាពចង្អៀតណែនខ្លាំងពេក។ តែយ៉ាងណា កញ្ញា សូ មេត្តា អះអាងនឹងខិតខំស៊ូទ្រាំក្នុងពន្ធនាគារបន្តទៀត។ កញ្ញា សូ មេត្តា រក្សាជំហរថា មិនបានប្រព្រឹត្តិខុសច្បាប់ទេ និងហៅការចាប់ខ្លួនកញ្ញា ជាការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ « គាត់អត់បានបំពានច្បាប់ ហើយគាត់ធ្វើដោយសន្តិវិធីស្របច្បាប់អ្វីអ៊ីចឹងណាបង។ គាត់នៅតែរឹងមាំជានិច្ច ទោះគាត់នៅក្នុងហ្នឹង មានការលំបាក គាបសង្កត់គាត់យ៉ាងណាក៏ដោយ នៅតែរឹងមាំ។ គាត់ផ្ដាំផ្ញើដល់យុវជន យុវនារី របស់យើងថា កុំបាក់ទឹកចិត្ត ទោះគេគាបសង្កត់គាត់យ៉ាងណាក៏ដោយ គាត់នៅតែគាំទ្រ លើកទឹកចិត្ត ទាំងនៅខាងក្រៅ ទាំងនៅខាងក្នុង»។
រីឯសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ចំនួន ២នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស គឺ លោក មាន ព្រហ្មមុនី និងលោក មួង សុភ័ក្រ ក៏មានសភាពមិនសូវខុសពីយុវជន កំពុងជាប់ឃុំផ្សេងទៀតដែរ។ ប្រធានសមាគម គឺលោក មួង សូនី ឲ្យដឹងថា ក្រុមការងារ និងគ្រួសារ បានទៅសួរសុខទុក្ខសមាជិកទាំង២ ក្នុងពន្ធនាគារព្រៃស បង្ហាញថា ពួកគេជួបភាពលំបាកមួយចំនួន ក្នុងការជាប់ឃុំនេះ ដោយសារ បញ្ហាចង្អៀតណែន ក្នុងពន្ធនាគារ។
ទោះយ៉ាងណា លោក មួង សូនី ទទូចឲ្យរដ្ឋាភិបាល ដោះលែងសមាជិកទាំង ២នាក់វិញ ព្រោះអះអាង ពួកគេបានធ្វើសកម្មភាពទាមទារសិទ្ធិសេរីភាព ដែលមានធានាដោយរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ។ លោកថា សមាគមនឹងនៅតែបន្តធ្វើសកម្មភាពទាមទារយុត្តិធម៌សង្គម សិទ្ធិសេរីភាពក្នុងការសម្ដែងមតិដដែល ដោយមិនតក់ស្លុត ចំពោះការចាប់សមាជិកទាំង ២នាក់ឡើយ៖ « យើងនៅតែបន្តឆន្ទៈរបស់យើងថា ធ្វើការងារសង្គម ដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍សង្គមរបស់យើងទាំងអស់គ្នា ហើយសូមផ្ដាំទៅរដ្ឋាភិបាលក្ដី ភាគីពាក់ព័ន្ធទាំងអស់ថា ការងារដែលពួកយើងធ្វើ គឺដើម្បីតែផលប្រយោជន៍ជាតិទេ គ្មានបំណងណាមួយធ្វើឲ្យវឹកវរសង្គម ឬក៏ប៉ះពាល់ដល់ប្រយោជន៍ក្រុមបុគ្គលណា លំអៀងទៅរកបុគ្គលណាទេ។ អ៊ីចឹង សូមកុំចោទមកពួកយើងទាំងអស់គ្នា ជាក្រុមនិស្សិត យុវជនហ្នឹងណា»។
ក្រៅពីនេះ នៅមានប្រធានគណបក្សនយោបាយម្នាក់ទៀត ក៏កំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ដែរ គឺលោក សួង សុភ័ណ្ឌ ត្រូវចោទប្រកាន់ពីបទញុះញង់ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ អ្នកនាំពាក្យគណបក្សខ្មែរឈ្នះ លោក យិន ឈឿន ឲ្យដឹងថា លោក សួង សុភ័ណ្ឌ មិនមានស្មារតីតក់ស្លុតបន្តិចណាឡើយ ហើយលោកខិតខំហាត់ប្រាណ ថែរក្សាសុខភាព នៅក្នុងពន្ធនាគារ ដោយសង្ឃឹមថា នឹងឆាប់មានឱកាសបន្តសកម្មភាព ជួយសង្គមបន្តទៀត។
លោក សួង សុភ័ណ្ឌ នៅតែមិនព្រមពឹងពាក់មេធាវីជួយការពារក្ដីឲ្យ ព្រោះលោកយល់ថា បើទោះមេធាវីខ្លាំង និងច្រើនប៉ុណ្ណា ក៏មិនអាចជួយការពាររឿងក្ដីនេះឈ្នះដែរ ព្រោះជារឿងក្ដីនយោបាយ។ ទោះយ៉ាងណា លោក សួង សុភ័ណ្ឌ រក្សាជំហរមិនសរសេរសំបុត្រសុំទោស ឬដើម្បីបាននៅក្រៅឃុំ ដូចអ្នកទោសនយោបាយផ្សេងទៀតទេ ហើយលោក ផ្ដាំឲ្យសមាជិកគណបក្សខ្មែរឈ្នះ បន្តសកម្មភាពជួយពលរដ្ឋ និងសង្គមបន្តទៀត និងមិនត្រូវរត់ចោលពលរដ្ឋឡើយ៖ « សុខភាពគាត់ល្អធម្មតាទេ។ គាត់បាននិយាយថា ទោះគាត់ដឹងថា គាត់ត្រូវជាប់គុកក៏ដោយ គាត់ត្រូវពលីបែបណាក៏ដោយ គឺដើម្បីប្រទេសជាតិ គាត់ត្រូវតែថែសុខភាពរបស់គាត់ ព្រោះគាត់មិនជាប់ ( ពន្ធនាគារ ) មួយជីវិតទេ។ នេះអ្វីដែលគាត់ ( សួង សុភ័ណ្ឌ ) និយាយ ព្រោះ គាត់ចេញមក គាត់ត្រូវបម្រើជាតិទៀត»។
តុលាការបានឃុំខ្លួន មនុស្សជិតម្ភៃ (១៧) នាក់ហើយ រយៈពេល ២ខែចុងក្រោយនេះ ក្នុងបទចោទញុះញង់។ ក្រុមអ្នកការពារសិទ្ធិមនុស្ស ក៏បន្តជំរុញឲ្យមានការដោះលែងក្រុមអ្នកទោសមនសិការទាំងអស់វិញដែរ។ អ្នកឃ្លាំមើលការអនុវត្តសិទ្ធិ ចាត់ទុកថា ការចាប់ខ្លួនសកម្មជន និងអ្នកនយោបាយ ដោយប្រើបទញុះញង់នេះ ជារឿងនយោបាយ ជាជាងការអនុវត្តច្បាប់។
ក្រៅពីនេះ មនុស្សច្រើននាក់ផ្សេងទៀត រងការព្រមានពីអាជ្ញាធរ ក្នុងសំណុំរឿងទាមទារដោះលែង លោក រ៉ុង ឈុន និងទាមទារយុត្តិធម៌សង្គម។ អ្នករងការគំរាមមានដូចជា ក្រុមព្រះសង្ឃ ៨អង្គ នៅខេត្តបាត់ដំបង ត្រូវបង្ខំឲ្យត្រលប់ទៅវត្តវិញ ក្រុមព្រះសង្ឃមួយចំនួន ភៀសព្រះកាយ ក្រោយហ៊ានតវ៉ា នៅមុខតុលាការក្រុង គ្រូបង្រៀនមួយចំនួនរងការព្រមានលុបឈ្មោះ និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ត្រូវជនមិនស្គាល់មុខផ្ដួលម៉ូតូពេលកំពុងបើកបរជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។