អាជ្ញាធរឃុំនៅស្រុកបវេល ខេត្តបាត់ដំបងចំនួន២នាក់ នៅរសៀលថ្ងៃទី២៩កក្កដា នាំគ្នាទៅហាមឃាត់សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោតគណបក្សប្រឆាំងដល់ផ្ទះឱ្យឈប់ជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៀត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថាជាការគំរាមកំហែងបំភិតបំភ័យបិទសិទ្ធិសេរីភាពក្នុងការជួបជុំគ្នារបស់ពលរដ្ឋដោយខុសច្បាប់។
សមាជិកក្រុមប្រឹក្សាស្រុកបវេលជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ លោក ម៉ក់ យ៉ាន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៩ កក្កដា ជំទប់ទី១ ឃុំបវេលគឺលោក យ៉ាត យ៉េន និងសមាជិកក្រុមប្រឹក្សាឃុំម្នាក់ទៀត ចូលទៅគំរាមកំហែងលោកដល់ផ្ទះរសៀលថ្ងៃដដែលនេះ ឱ្យឈប់ប្រមូលផ្ដុំសកម្មជនគណបក្សសង្គ្រោះជាតិជួបជុំគ្នាថ្លែងសារនយោបាយគ្រប់រូបភាព។ លោកបន្តថា អាជ្ញាធរឃុំចូលទៅហាមឃាត់លោកដោយសារកាលពីថ្ងៃទី២៨ កក្កដាកន្លងទៅ មានសកម្មជនគណបក្សប្រឆាំងប្រមាណ ២០នាក់ បានជួបជុំគ្នា ថ្លែងសារដោយការព្រួយបារម្ភខ្លាចសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ហើយថតជាឃ្លិបវីដេអូបង្ហោះតាមហ្វេសប៊ុក៖ «ខ្ញុំយល់ឃើញថា អាជ្ញាធរបំភិតបំភ័យក្នុងការបញ្ចេញរបស់ពួកខ្ញុំ។ យើងខ្ញុំកាលបីម្សិលមិញធ្វើការប្ដេជ្ញាដែរតើ គឺយើងជាប្រជាពលរដ្ឋនៅស្រុកបវេលនៅខេត្តបាត់ដំបង សូមកុំអឺរ៉ុបបិទអីប៊ីអេ (EBA) និង ជីអេសភី (JSP) របស់អាមេរិកតែប៉ុណ្ណឹងទេ ហើយគាត់សួរតើមាននិយាយអីក្រៅពីនេះទៀតទេ មានគាំទ្រប្រធានសម រង្ស៊ីនាយអាយអីទេ ខ្ញុំថា អត់ទេ » ។
សកម្មជនបក្សប្រឆាំងរូបនេះ បន្តថា អាជ្ញាធរធ្វើបែបនេះដោយសារពួកគាត់ ជាសកម្មជនគណបក្សប្រឆាំង បានជួបគ្នាពង្រឹងសាមគ្គីភាពជាប្រចាំ ស្របពេលដែលពលរដ្ឋនៅតែគាំទ្រពួកគាត់ ដែលជាឆ្អឹងទទឹងកររបស់អាជ្ញាធរគណបក្សកាន់អំណាច។
ឆ្លើយតបនឹងបញ្ហានេះ ជំទប់ទី១ឃុំបវេលគណបក្សប្រជាជនកម្ពុជា លោក យ៉ាត យ៉េន ប្រាប់អាស៊ីសេរីថា លោកមិនបានទៅគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិនោះទេ ដោយគ្រាន់តែទៅសាកសួរអំពីមូលហេតុដែលពួកគាត់ជួបជុំគ្នា ដើម្បីធ្វើរបាយការណ៍ដាក់ទៅថ្នាក់លើតាមភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ។លោកបន្តថា សកម្មជនទាំងនោះជួបជុំគ្នាជាច្រើននាក់ដោយមិនបានសុំច្បាប់ពីអាជ្ញាធរនោះទេ៖ «សិទ្ធិនយោបាយជារឿងរបស់គាត់ធ្វើម៉េចធ្វើទៅ ប៉ុន្តែការជួបជុំគ្នាក្នុងមូលដ្ឋានគេចង់ថា តើសកម្មភាពនោះយ៉ាងម៉េចដែរ ព្រោះពួកគាត់ជាសកម្មជនអតីតគណបក្សប្រឆាំង គេរំលាយអស់ហើយ ខ្លាចពួកគាត់ធ្វើអីវាខុសពីច្បាប់។ អីចឹងគាត់កំណត់ថា គាត់ប្រជុំពីអីនិយាយពីអី ? គាត់ក៏បានប្រាប់ខ្ញុំថា និយាយអំពីកុំឱ្យសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA គាត់និយាយក្នុងនាមជួយរដ្ឋាភិបាលទេ » ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ប្រជាពលរដ្ឋជួបជុំគ្នាថ្លែងសារព្រួយបារម្ភពីការផ្ដាច់ការអនុគ្រោះពន្ធ EBA នេះ មិនបាច់សុំច្បាប់ពីអាជ្ញាធរនោះទេ ព្រោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ទង្វើរបស់អាជ្ញាធរទៅវិញទេដែលជាអំពើខុសច្បាប់ ដោយបានគំរាមកំហែងបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ៖ «ពួកគាត់រាល់ថ្ងៃជាប្រជាពលរដ្ឋធម្មតាតើ ហើយក៏អត់មានស្ថិតក្នុងបម្រាមដែលហាមមិនឱ្យធ្វើនយោបាយ ១១៨នាក់ ដែលហាមធ្វើនយោបាយអីដែរ ហើយពួកគាត់ជាប្រជាពលរដ្ឋធម្មតាទេ អីចឹងគាត់មានសិទ្ធិដូចជាពលរដ្ឋដទៃទៀត។ ការជួបគ្នាបើគេជួបនៅលំនៅឋានគេអត់មានអីទេ តែបើពួកគាត់ជួបជុំរៀបចំផែនការណ៍ដែលមានចែងក្នុង បានជួបជុំខុសច្បាប់ តែគ្រាន់តែការជួបជុំសម្ដែងការព្រួយបារម្ភទៅលើការផ្ដេច EBA អត់បានខុសច្បាប់ទេ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធសុំឱ្យបើសិទ្ធិសេរីភាពពេញលេញដល់ពលរដ្ឋឡើងវិញ ដើម្បីពួកគាត់មានសិទ្ធិជួបជុំគ្នានិងការសម្ដែងមតិជាសាធារណៈ។
ទោះជាមានការគំរាមកំហែងយ៉ាងនេះក្ដី សកម្មជនគណបក្សសង្គ្រោះជាតិស្រុកបវេល អះអាងថា ពួកគាត់ នឹងជួបជុំគ្នាពង្រឹងសាមគ្គីភាពរបស់សមាជិកគណបក្សប្រឆាំងសាជាថ្មីទៀតនៅពេលឆាប់ៗ ។បន្ថែមពីនេះទៀត ពួកគាត់ក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ ដើម្បីទៅទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញក្នុងពេលដ៏ខ្លីខាងមុខនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។