ពលរដ្ឋ និង​យុវជន​មួយ​ចំនួន​ត្រៀម​ចូលរួម​បាតុកម្ម​ទាមទារ​យុត្តិធម៌​ដល់​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង

0:00 / 0:00

ប្រជាពលរដ្ឋ និង​យុវជន​មួយ​ចំនួន​អះអាង​ថា ពួកគាត់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការ​ចូលរួម​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​លើកលែងទោស​លោក សម រង្ស៊ី។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហភាព​ការងារ​កម្ពុជា ដឹកនាំ​ដោយ​លោក រ៉ុង ឈុន និង​សហការ​រក្សា​ជំហរ​ធ្វើបាតុកម្ម​នេះ បើ​ទោះ​បី​ជា​រង​ការព្រមាន​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏ដោយ។ ពលរដ្ឋ និង​យុវជន​មួយ​ចំនួន ថ្លែង​ថា ពួកគាត់​គាំទ្រ​គំនិត​ជួបជុំ​សម្ដែង​មតិ​ឱ្យ​មាន​ការ​ដោះលែង និង​ទម្លាក់​ចោល​បទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។

ពលរដ្ឋ​មួយ​រូប​នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង លោក សុភាព មេត្រី គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុម​លោក រ៉ុង ឈុន ព្រោះ​លោក​យល់ថា នេះ​ជា​ការ​តវ៉ា​អហិង្សា និង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា ប្រសិនបើ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រៀបចំ​ព្រឹត្តិការណ៍​នេះ​មែន លោក​នឹង​ទៅ​ចូលរួម មិន​ឱ្យ​ខកខាន​ឡើយ៖ «យើង​រីករាយ​គាំទ្រ​ជានិច្ច​នូវ​ទង្វើ​លោកគ្រូ រ៉ុង ឈុន ដែល​គាត់​គម្រោង​នឹង​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ហើយ​និង​លើក​ការចោទប្រកាន់​លើ​ឯកឧត្ដម សម រង្ស៊ី ព្រោះ​នេះ ជា​សកម្មភាព​មួយ​ដែល​មាន​យុត្តិធម៌ តវ៉ា​ដោយ​អហិង្សា​បំផុត»។

ស្រដៀង​គ្នា​នេះ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​សៀមរាប លោក សៀក ចំណាប់ ថ្លែង​ថា លោក​ក៏​នឹង​ទៅ​ចូលរួម​ក្នុង​បាតុកម្ម​នេះ​ដែរ​។ លោក​បន្ត​ថា ការ​ធ្វើ​បាតុកម្ម​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដូច្នេះ​លោក​ស្នើសុំ​អាជ្ញាធរ​ឱ្យ​បើក​សិទ្ធិ​ឱ្យ​ពលរដ្ឋ​បាន​សម្ដែង​កង្វល់​របស់​ពួកគាត់ ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ជាតិ៖ «ខ្ញុំ​យល់ថា ជា​រឿង​មួយ​ដ៏​ល្អ ពីព្រោះ​តែ​ក្នុង​របត់​នយោបាយ​ចុងក្រោយ យើង​ឃើញ​មាន​ភាព​តានតឹង​រហូតដល់​ធ្វើ​ឱ្យ​ប្រទេស​យើង​ហ្នឹង​មាន​បញ្ហា​អាច​នឹង​បាត់ EBA អ៊ីចឹង​ហើយ​អ្វី​ដែល​គាត់​ធ្វើ គឺ​គាត់​ចង់​រក្សា​ផលប្រយោជន៍​ជាតិ»។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហភាព​ការងារ​កម្ពុជា ដឹកនាំ​ដោយ​លោក រ៉ុង ឈុន និង​សហការី គ្រោង​ប្រមូល​ផ្តុំ​ក្រុម​គ្រូបង្រៀន កម្មករ​-​កម្មការិនី និង​ប្រជាពលរដ្ឋ ជួបជុំគ្នា​សម្ដែង​មតិ​នៅមុខ​តុលាការ​ក្រុង​ភ្នំំ​ពេញ ដើម្បី​ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី។

ក៏ប៉ុន្តែ គម្រោង​ជួបជុំគ្នា​នៅ​ថ្ងៃ​ទី​១៥ សីហា​ខាងមុខនេះ មិន​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​អនុញ្ញាត​ឡើយ ក្រោម​ហេតុផល​ថា នេះ​ជា​សកម្មភាព​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល និង​រំលោភ​លើ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​លោក រ៉ុង ឈុន ប្រសិនបើ​មានការ​ជួបជុំ​ណាមួយ​ដូច​ការ​គ្រោងទុក​មែន​នោះ។

ក្រោយ​ការព្រមាន​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហភាព​សហជីព​កម្ពុជា បាន​សម្រេច​លើក​ពេល​ធ្វើ​បាតុកម្ម​នេះ​ទៅ​ថ្ងៃក្រោយ​វិញ។ ក៏ប៉ុន្តែ លោក រ៉ុង ឈុន អះអាង​ថា ខាង​សមាគម និង​សហជីព​របស់​លោក រក្សា​ជំហរ​ធ្វើបាតុកម្ម​ដដែល ទោះជា​ត្រូវ​រង​ការព្រមាន ឬ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក៏ដោយ ពីព្រោះ​លោក​យល់ថា សកម្មភាព​នេះ គឺ​ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល មិនមែន​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ក្រុម​របស់​លោក​នោះ​ឡើយ៖ «រឿង​ដែល​យើង​ធ្វើការ​ប្រមូល​ផ្តុំ​នេះ មិនមែន​មាន​ន័យថា យើង​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ ហើយក៏​មិនមែន​មានន័យថា យើង​ប្រឆាំង​ទៅ​នឹង​ដីកា​តុលាការ រំលោភ​លើ​ស្ថាប័ន​តុលាការ​ដែរ។ យើង​ក្នុង​គោលបំណង​ចូលរួម​ធ្វើ​ម៉េច​ការពារ​ការងារ​ជូន​កម្មករ​ -​ កម្មការិនី​ខ្មែរ​តែ​ប៉ុណ្ណឹង អាហ្នឹង​ដែល​ជា​គោលបំណង​ធំ​បំផុត​។ បើ​យើង​មិន​ធ្វើការ​ដោះស្រាយ​បញ្ហា​ហ្នឹង អ្នក​ដែល​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ គឺ​ពលរដ្ឋ​កម្ពុជា»។

សហគមន៍​អន្តរជាតិ​បាន​គិត​គូ​ពី​ការ​ដាក់​ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ បន្ទាប់ពី​របប​នេះ​បាន​ចាប់ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​បិទ​សិទ្ធិ​មន្ត្រី​បក្ស​នេះ​ជាង​១០០ នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ព្រមទាំង​ការរៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច ដែល​ផាត់​ចោល​គណបក្សប្រឆាំង​ធំ​ជាង​គេ។

ជាមួយ​គ្នា​នេះ របប​ក្រុងភ្នំពេញ​ក៏បាន​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ ហើយ​ជាង​នេះ​ទៅ​ទៀត​នោះ របប​នេះ​បាន​បង្កើន​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ប្រជុំ ឬ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើយ។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ថ្លែង​ថា អាជ្ញាធរ​មិន​គួរ​ហាមឃាត់​ក្រុម​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដែល​ចង់​ជួបជុំគ្នា​សម្ដែង​កង្វល់​អំពី​បញ្ហា​ជាតិ​នេះ​ឡើយ​។ លោក​យល់​ឃើញ​ថា អ្វី​ដែល​ក្រុម​លោក រ៉ុង ឈុន ចង់​ធ្វើ​នេះ គឺ​ដើម្បី​ប្រយោជន៍​ជាតិ និង​ស្វែងរក​ឯកភាព​ជាតិ មិនមែន​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​នោះ​ឡើយ៖ «ការដែល​គាត់​ស្នើសុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គឺ​បំណង​ដើម្បី​រក្សា EBA ដើម្បី​ប្រយោជន៍​ជាតិ​។ ខ្ញុំ​គិត​ថា ពួក​ខ្ញុំ​ក៏​នឹង​ទៅ​ចូលរួម​ដែរ​។ យើង​អត់​ជា​បារម្ភ​ខ្លាច​អី​ទេ ព្រោះ​យើង​ធ្វើ​អី​ស្របតាម​រដ្ឋធម្មនុញ្ញ ស្របតាម​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​មាន​ជាអាទិ៍​។ ហេតុដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល ឬក៏​ជួយ​ការពារ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​ត្រឹមត្រូវ»។

ពលរដ្ឋ​មួយ​រូប​ទៀត​នៅ​ខេត្ត​ព្រៃវែង លោក លី ចេម ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​សមាគម និង​សហជីព​របស់​លោក រ៉ុង ឈុន កុំ​បោះបង់​គម្រោង​ធ្វើបាតុកម្ម​នេះ ព្រោះ​រូបលោក និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​គាំទ្រ​ជា​ខ្លាំង​ចំពោះ​គម្រោង​នេះ​។ លោក​បន្ថែម​ថា បើ​បាតុកម្ម​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ណា លោក និង​ពលរដ្ឋ​ផ្សេងទៀត​នៅ​ក្នុង​ភូមិ នឹង​ទៅ​ចូលរួម​ជាក់​ជាមិនខាន៖ «បើ​គាត់​ធ្វើបាតុកម្ម​ថ្ងៃ​ណា ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​នឹង​ទៅ​ចូលរួម​ជាមួយ​នឹង​លោក រ៉ុង ឈុន ខ្ញុំ​អត់​ខ្លាច​ទេ​។ ដំណាក់កាល​នេះ​ហើយ បើ​ប្រជាពលរដ្ឋ​យើង​នាំគ្នា​ដេកលក់ យើង​មិន​នាំគ្នា​ងើប​ទេ នេះ​ជា​ពេលវេលា​ចុងក្រោយ​ហើយ»។

ជាង​២​ឆ្នាំ​មកនេះ ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ មិនបាន​វិវឌ្ឍ​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ​ទេ ប៉ុន្តែ​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ថែមទៀត បន្ទាប់ពី​សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ប្រមាណ​១៥០ នាក់ ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​រឿង​បំពាន​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ក្នុង​នោះ​មាន​សកម្មជន​ខ្លះ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ។

ក្រុម​សង្គម​ស៊ីវិល សហជីព និង​ប្រជាពលរដ្ឋ នៅតែ​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ ស្ដារ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បញ្ចៀស​វិបត្តិ​ទណ្ឌកម្ម​ទាំងឡាយ​ដែល​កម្ពុជា​កំពុង​ប្រឈម មាន​ជាអាទិ៍ ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។