មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ​នៅ​តែ​បញ្ជាក់​ជំហរ​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​ ៤​ មករា​ ឆ្នាំ​២០២១

អ្នក​ស្រី​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​ ២២​ ធ្នូ​ ថា​ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ នៅ​តែ​មាន​សង្ឍឹម​ថា​ នឹង​បាន​ចូល​ប្រទេស​កម្ពុជា​ដូច​តាម​ការ​គ្រោង​ទុក​។​ បើ​ទោះ​បី​ជា​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​​ឆ្លើយ​តប​ពី​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ទី​ក្រុង​ឡូវែល​(Lowell) ​ រដ្ឋ​ម៉ាសាឈូសេត (Massachusetts) យ៉ាង​ណា​ក៏​ដោយ។​

អ្នក​ស្រី​បញ្ជាក់​ថា​ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​​ អគ្គ​កុង​ស៊ុល​កម្ពុជា​ត្រូវ​តែ​ផ្ដល់​ទិដ្ឋាការ​ដល់​​ថ្នាក់​ដឹក​នាំ​បក្ស​សង្គ្រោះជាតិ បាន​វិល​ចូល​ប្រទេស​កម្ពុជា​ដើម្បី​បាន​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ៖​«យើង​ខ្ញុំ​នៅ​តែ​រក្សា​ផែន​ការ​វិល​ត្រឡប់​ទៅ​ថ្ងៃ​ទី​ ៤​ ខែ​ មករា​ ឆ្នាំ​២០២១​ ដោយ​សារ​ទៅ​ឆ្លើយ​នឹង​ដីកា​ របស់​តុលាការ​។​នៅ​គ្រប់​ឧបសគ្គ​ទាំង​អស់​សូម​បង​ប្អូន​អញ្ជើញ​មើល​ ឱ្យ​ឃើញ​ទាំង​អស់​គ្នា​ ជា​ឧបសគ្គ​ដែល​គេ​បង្ក​មក​លើ​យើង​ ជា​អ្នក​រង​គ្រោះ​។​ យើង​ខ្ញុំ​អត់​ មាន​ដែល​ថា​ បរាជ័យ​នៅ​ក្នុង​ការ​តស៊ូ​ ដើម្បី​យុត្តិធម៌​ទេ។​ ម៉្យាង​ទៀត​ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​បង​ប្អូន​ទាំង​អស់​ថា​ យើង​មិន​អាច​អង្គុយ​ស្ងៀម​ហើយ​ឱ្យ​គេ​កាត់​សេចក្តី​ ហើយ​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ការពារ​យុត្តិធម៌​ជា​មួយ​គ្នា។»​

អ្នក​ស្រី​មូរ សុខហួរ​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​មួយ​ចំនួន​ទៀត​កាល​ពី​ថ្ងៃ​ទី​ ២២​ ធ្នូ​ បាន​ទៅ​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ទី​ក្រុង​ឡូវែល​(Lowell) ​ រដ្ឋ​ម៉ាសាឈូសេត (Massachusetts) ម្ដង​ទៀត​ ដើម្បី​សាក​សួរ​ព័ត៌មាន​ពី​ទិដ្ឋាការ​ ក្រោយ​ពី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កាល​ពី​ថ្ងៃ​ទី​ ១៥​ ធ្នូ។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា​ ខាង​មន្ត្រី​កុង​ស៊ុល​ នៅ​តែ​ដោះ​សារ​ដដែល​ៗ​ថា​ កំពុង​រង់​ចាំ​សេចក្តី​សម្រេច​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​បរទេស។

អាស៊ីសេរី​មិន​អាច​​ទាក់​ទង​​លោក​ អ៊ូ សុវណ្ណ ​​អគ្គ​កុងស៊ុល​កិត្តិយស​របស់​ប្រទេស​កម្ពុជា​ប្រចាំ​ ​ទីក្រុង​ឡូ វែល(Lowell) ​រដ្ឋ​ ម៉ាសាឈូសេត​( Massachusetts) បាន​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​ជា​សមាជិកសភា​ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​ថា អ្នក​ដែល​មាន​សញ្ជាតិ​ពីរ ឬ​មាន​លិខិតឆ្លងដែន​ពីរ​គឺគ្រោង ​វិល​ទៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២១ រីឯ​អ្នកមាន​លិខិតឆ្លងដែន​សញ្ជាតិ​ខ្មែរ​តែមួយ​គឺ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​អាច​ចូល​ប្រទេស​កម្ពុជា​តាម​ការ​គ្រោង​ទុក​​ ដើម្បី​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ​។

តុលាការ​ក្រុងភ្នំពេញ​នៅថ្ងៃ​កាល​ពី​ថ្ងៃ​ទី​ ១១​ ខែ​ ធ្នូ​ បាន​សម្រេច​លើក​ពេល​សវនាការ​លើ​សំណុំ​រឿង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី​ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន​៨​រូប​ផ្សេង​ទៀត​ សំណុំរឿង​"​ឧបឃាត​" បទ "​រួមគំនិត​ក្បត់​" និង​បទ "​ញុះញង់"ដោយ​សារ​តែ​ពួក​គេ​កំពុង​នៅ​ក្រៅ​ប្រទេស​ត្រូវ​របប​ក្រុង​ភ្នំពេញ​រារាំង​មិន​ឱ្យ​ចូល​រួម​សវនាការ​បាន​។​​

មន្ត្រី​ជាន់ខ្ពស់​ទាំង​៩រូប​នេះ​ រួមមាន​លោក​ សម រង្ស៊ី​ និង​ភរិយា​លោក​ គឺ​ អ្នកស្រី​ ជូឡុង​ សូមូរ៉ា [សូមូរ៉ា]​​ អ្នកស្រី​ មូរ សុខហួរ ​លោក អេង ​ឆៃអ៊ាង​ លោក​ អូ ច័ន្ទឬទិ្ធ​ លោក ​ហូរ វ៉ាន់​ លោក ឡុង រី​ លោក​ ម៉ែន សុថាវរិន្ទ្រ​​ និង​ លោក នុត​ រំដួល។​

ក្រៅ​ពី​សំណុំ​រឿង​មេដឹកនាំ​បក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ទាំង​៩រូប​​ ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃទី​ ៤​ វិច្ឆិកា​ បាន​កោះ​ហៅ​​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​៧០​នាក់​ ផ្សេង​ទៀត​អោយ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី ២៦​ វិច្ឆិកា​ ពាក់ព័ន្ធ​ន្ធ​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ«រួម​គំនិត​ក្បត់» ក្នុង​ការ​គាំទ្រ​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក ​សម រង្ស៊ី​ តែ​សំណុំ​រឿង​នេះ​ត្រូវ​ពន្យារពេល​វិញ ​ដោយ​តុលាការ​​សំអាង​លើ​​វិបត្តិ​​ជំងឺ​កូវីដ​-១៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។