ម៉ាឡេស៊ី រំឮកលោ​ក ហ៊ុន សែន ពី​​ជំហរ​​ឥត​កែប្រែ​​របស់​​ខ្លួន​មិន​​អនុញ្ញាត​​ឱ្យ​មេដឹកនាំ​​រដ្ឋប្រហារ​ភូមា​​ចូលរួម​​កិច្ចប្រជុំអាស៊ាន

0:00 / 0:00

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ (Malaysia) រំឮកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ជំហរ​ឥតកែប្រែ​របស់​ម៉ាឡេស៊ី មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា (Myanmar)​ ឬភូមា ​(Burma)​ ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ឡើយ ដរាបណា​គ្មាន​ការវិវត្ត​ពិតប្រាកដ​នៃ​វិបត្តិ​ភូមា។ ការបញ្ជាក់​ជំហរ​ឡើងវិញ​របស់​ម៉ាឡេស៊ី​នាពេលនេះ ធ្វើឡើង​ក្នុង​ជំនួប​តាម​ប្រព័ន្ធវីដេអូ​ជាមួយ​លោក ហ៊ុន សែន នៅថ្ងៃទី២៥ ខែមករា។ អ្នកជំនាញ​ថា កម្ពុជា​ទំនងចង់​កែសម្រួល​ភាពមិនចុះ​សម្រុង​គ្នា​ក្នុង​ចំណោម​​សមាជិក​​អាស៊ាន​​ដើម្បី​អាច​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជា​លើកដំបូងបាន​នាពេល​ខាងមុខ។

ខុសពី​នៅ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​ដ៏ចម្រូងចម្រាស​របស់​លោក​ទៅចាប់​ដៃ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​កាលពី​ដើម​ឆ្នាំ២០២២ ក្រោយ​ឡើង​គ្រងតំណែង​ជា​ប្រធាន​​ប្តូរវេន​របស់​អាស៊ាន​មិនទាន់បាន​ស្រួលបួល​ផងនោះ នាពេលនេះ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​បាន​ខ្វាត់ខ្វែង​ស្នើរៀបចំ​ជំនួប​តាមទូរស័ព្ទ និង​ តាម​ប្រព័ន្ធ​វីដេអូ​ជាបន្តបន្ទាប់​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​នៃ​សមាជិក​អាស៊ាន​ដទៃទៀត។ លោក​ធ្វើ​ដូច្នេះ​ក្រោយពី​កម្ពុជា​ទទួលមេរៀន​ដ៏អាម៉ាស់​មួយ​ ដែលនោះ​គឺ​ការមិន​អាច​បើកឆាក​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាលើក​ដំបូងបាន ​ក្រោម​ការដឹកនាំ​របស់ខ្លួន។ មេរៀននេះ គឺដោយសារ​តែ​លោក ហ៊ុន សែន បាន​ជម្នះ​ទៅជួប​មេដឹកនាំ​របបសឹក​ភូមា​តែឯកឯង និង​ព្យាយាម​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​របបរដ្ឋប្រហារ​ភូមា​នេះ​ដូចតាម​ការចង់បាន​របស់​ចិន​ (China) ដោយគ្មាន​ការយល់ព្រម ឬ​ពិគ្រោះយោបល់​ជាមុន​ជាមួយ​សមាជិក​អាស៊ាន​ដទៃទៀត។

ទំនងជា​ព្រួយបារម្ភ​ពី​ការមិនអាច​រៀបចំ​កិច្ចប្រជុំ​ដំបូង​របស់​អាស៊ានបាន និង​ការចេះ​តែ​លើកពេល​កិច្ចប្រជុំ​នេះហើយ ទើបបាន​ជា​លោក ហ៊ុន សែន ក្រោយពី​បាន​ស្នើសុំ​ឱ្យ​មាន​ជំនួប​តាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ​(Indonesia)​ លោក ចូកូ វីដូដូ ​(Joko Widodo)​ កាលពី​​ចុង​សប្តាហ៍​​មុន ឥឡូវនេះលោក​ក៏​បាន​​ស្នើសុំ​ឱ្យ​មាន​ជំនួបតាម​ប្រព័ន្ធវីដេអូ​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ​(Sri Ismail Sabri bin Yaakob)​ នៅ​ថ្ងៃទី២៥ ខែមករា។

ក្រសួងការបរទេស​ម៉ាឡេស៊ី​ឱ្យ​ដឹង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ក្រោយជំនួប​នេះថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ប៊ីន យ៉ាកុប បាន​រំឮក​លោក ហ៊ុន សែន ពី​ជំហរ​ឥតកែប្រែ​របស់​ម៉ាឡេស៊ី មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារភូមា​ចូលរួម​កិច្ចប្រជុំអាស៊ាន​ឡើយ ដរាបណា​គ្មាន​ការវិវឌ្ឍន៍​ ​«ពិតប្រាកដ» ​និង​​គ្មាន​ការ​អនុវត្តន៍​«ពេញលេញ»​ នូវ​លក្ខខណ្ឌ​ឯកភាព​គ្នា ៥ចំណុច​របស់​អាស៊ាន​ដែល​របបសឹកភូមា​ត្រូវ​គោរពតាម។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី គូសបញ្ជាក់​ប្រាប់​លោក ហ៊ុន សែន បីចំណុច។ ក្នុងនោះមាន​ដូចជា តម្រូវការ​ជាបន្ទាន់​ក្នុងការ​បន្ថយ​កម្តៅនយោបាយ​​ចំពោះ​ស្ថានភាព​នៅ​ភូមា និង​ការបញ្ឈប់​អំពើហិង្សា​ប្រឆាំង​នឹង​ពលរដ្ឋ​ស៊ីវិល។ ការបើក​ឱ្យ​មាន​កិច្ចសន្ទនា​នយោបាយ​ដែល​មាន​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម ជាមួយនឹង​ការអំពាវនាវ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​ភូមា​ទាំងអស់​រួមទាំង​អ្នកស្រី អ៊ុង សានស៊ូជី ​(Aung San Suu Kyi) ផង។ ចុងក្រោយ​គឺ​ការផ្តល់​ជំនួយ​មនុស្សធម៌​​ដែល​ត្រូវ​បន្ត​ធ្វើឡើង​តាមរយៈ​អាស៊ាន។

Press Release: Video Conference between the Prime Minister of Malaysia, YAB Dato' Sri Ismail Sabri bin Yaakob and the Prime Minister of the Kingdom of Cambodia, His Excellency Hun Sen, 25 January 2022

មិនខុស​ពី​សព្វមួយដង កម្ពុជា​បាន​ព្យាយាម​លាក់បាំង​ពីខ្លឹមសារ​សំខាន់​មួយចំនួន​នៃ​ជំនួប​នេះ។ ក្រសួង​ការបរទេស​កម្ពុជា​មិនបាន​ប្រកាស​ឱ្យ​ដឹង​ពី​ជំហរ​ជាក់លាក់​របស់​ម៉ាឡេស៊ី ដែល​នៅតែ​មិនចង់​ឃើញ​វត្តមាន​មេដឹកនាំ​របបសឹក​ភូមា​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ដូចតាម​ការចង់បាន​របស់​កម្ពុជា និង​ចិន​ដដែល។ ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់ថា លោក ហ៊ុន សែន បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ឱ្យ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​តាមពេល​វេលា​សមស្រប ដោយ​មិនចាំបាច់​ចាំ​រហូត​ដល់​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅចុងឆ្នាំនេះទេ។ ក្រសួង​ការបរទេស​កម្ពុជាឱ្យដឹងដែរថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​បញ្ជាក់​នូវ​ជំហរ​ថា បញ្ហាភូមា​គួរត្រូវ​ដោះស្រាយ​ដោយ​ផ្អែកលើ​ធម្មនុញ្ញអាស៊ាន និង​ការអនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ ៥ចំណុច​ដែល​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​កាលពីពេល​កន្លងទៅ។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការណ៍​ដែល​កម្ពុជា​ហាក់​សកម្មជាងមុន​ខ្វាត់ខ្វែង​ទាក់ទង​ទៅប្រមុខដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​នាពេល​នេះ គឺដោយ​សារ​តែ​ចង់​កែសម្រួល​ស្ថានភាព​មិនចុះសម្រុង​គ្នា​ក្នុង​ចំណោម​សមាជិក​អាស៊ាន ក្រោយ​ពី​មាន​ដំណើរទស្សនកិច្ច​ដ៏ចម្រូងចម្រាស​ទៅភូមា​របស់​ប្រធាន​អាស៊ាន​ថ្មី គឺលោក ហ៊ុន សែន។ លោកថា លោក ហ៊ុន សែន ហាក់​ព្យាយាម​បន្ទន់​ឥរិយាបថ​នារយៈពេល​ចុងក្រោយនេះ គឺដើម្បី​អាចរៀបចំ​កិច្ចប្រជុំចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ានបាន៖ «អ្វីដែល​កម្ពុជា​ធ្វើទៅនេះ ធម្មតា យើងត្រូវគិតថា​យើងមិនដែល​ឱ្យ​តម្លៃ​ ឬទទួលស្គាល់ថាយើង​​ដើរទៅ​វាមានការឆ្គាំឆ្គង​អីទេ។ ក៏ប៉ុន្តែ យើងបាន​ឈានមួយជំហ៊ានមួយទៀត​ដើម្បី​កែតម្រូវ​ទៅ បង្ហាញ​ថា ដើម្បីឱ្យ​អន្តរជាតិ​ និង​សមាជិកអាស៊ាន​ដទៃទៀត​ វាយតម្លៃ ឬក៏​យល់ស្រប​នូវ​អ្វីដែល​ខ្លួន​ឯង​បាន​ធ្វើ គឺមិនមែន​នៅក្នុង​ទិសដៅណា​ដែល​សមាជិក​អាស៊ាន​ដទៃទៀត​ប្រតិកម្ម​ជាពិសេស​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​នេះឯង»។

លោក ឯម សុវណ្ណារ៉ា បន្តថា កម្ពុជា​មិនអាច​ចេះតែ​ពន្យាពេល​កិច្ចប្រជុំ​បើកឆាក​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាននេះ​បន្តទៅទៀត​បាន​ទេ ព្រោះ​កម្ពុជា​នឹងខាតបង់​ច្រើន ខណៈ​កិច្ចប្រជុំ​ធំៗ​ដទៃទៀត​ជាពិសេស​កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាមេរិក​ក៏អាច​នឹង​ត្រូវ​ពន្យាពេល។ លោកជំរុញ​ឱ្យ​កម្ពុជា​បន្ទន់​ជំហរ​របស់​ខ្លួន​កុំទទួលស្គាល់​របបសឹកភូមា ឬ​អញ្ជើញ​មេដឹកនាំ​រដ្ឋប្រហារ​នៃ​ប្រទេសនេះ​ឱ្យ​មកចូលរួម​ប្រជុំ​អាស៊ាន ដរាបណា​គ្មាន​ការវិវត្តន៍​នៃ​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅភូមា។

ក្រោយពី​មាន​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ ឆ្នាំ២០២១ បច្ចុប្បន្ន ប្រទេស​ភូមា​មាន​រដ្ឋាភិបាល​ពីរ គឺរដ្ឋាភិបាល​ដឹកនាំ​ដោយ​របបសឹកភូមា ដែលជា​មេដឹកនាំ​រដ្ឋប្រហារ​គឺលោក មីន អ៊ុងល្លាំង (Min Aung Hlaing) និង​រដ្ឋាភិបាល​រួបរួមជាតិ ឬរដ្ឋាភិបាល​ស្រមោល ដឹកនាំ​ដោយ​ក្រុម​របស់​អ្នកស្រី អ៊ុន សានស៊ូជី ដែល​ជា​មេដឹកនាំ​ជាប់ឆ្នោត​ស្របច្បាប់​ត្រូវ​របបសឹក​ចាប់ខ្លួន និងកាត់ទោស​ជាបន្តបន្ទាប់។

លោក ហ៊ុន សែន និង​ប្រព័ន្ធឃោសនា​របស់​លោក​តែង​ប្រកាស​អួតអាង​ពី​អ្វីមួយ​ដែល​ពួកលោក​ហៅថាជា «ជោគជ័យ» ក្រោយដំណើរ​ទស្សនកិច្ច​ដ៏ចម្រូងចម្រាស​កាលពីថ្ងៃទី៧ និង​​ទី៨​ ខែមករា ទៅជួប​មេដឹកនាំ​ភូមា​នេះ។ ក៏ប៉ុន្តែ ជ័យជម្នះ​ដែល​មាន​តែនៅលើ​បរបូរ​មាត់​នេះ ត្រូវអ្នកសង្កេតការណ៍​មើលឃើញថា នៅទីបំផុត​ទៅ​បានត្រឹមតែ​នាំមកនូវ​រឿងរ៉ាវ​អាម៉ាស់​សម្រាប់​កម្ពុជា​ដែល​មិនអាច​រៀបចំ​សូម្បីតែ​កិច្ចប្រជុំ​ដំបូង​បើកឆាក​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បាន ខណៈ​អាស៊ាន​បន្ត​រង​នូវ​ភាពមិនចុះសម្រុង និង​បែកបាក់។ ភាពមិនចុះសម្រុង និង​បែកបាក់​អាស៊ាន ទំនង​បន្ត​លង​បន្លាច​កម្ពុជា​ម្តងទៀត មិនខុសពី​អ្វី​ដែល​កម្ពុជា​ទទួលបាន​កាលពី​ ១០ឆ្នាំមុន គឺការមិនអាច​ចេញ​សេចក្តីថ្លែងការណ៍​អាស៊ាន​បាន​ដោយសារ​កម្ពុជា​ព្យាយាម​ធ្វើតាម​បំណង​របស់​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។