រដ្ឋាភិបាលជប៉ុននៅតែមានទំនាក់ទំនងជាមួយរបបក្រុងភ្នំពេញ ទោះបីជារបបនេះ បានរៀបចំព្រឹត្តិការណ៍បោះឆ្នោត ដែលអ្នកសង្កេតការណ៍ថា ជាការបោះឆ្នោតក្លែងក្លាយផ្ទុយពីប្រជាធិបតេយ្យក្ដី។ ទោះជាយ៉ាងនេះក្ដី ចៅសង្កាត់ជាប់ឆ្នោតសង្កាត់អូចារ ខែត្របាត់ដំបង ដែលជប៉ុនបានអញ្ជើញទៅសិក្សាការបោះឆ្នោតនៅប្រទេសជប៉ុន ក្នុងចំណោមយុវជនដទៃទៀតនោះ អះអាងថា ជប៉ុនក៏ចង់ឲ្យកម្ពុជារៀបចំការបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីភាពពហុបក្ស និងមានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមដែរ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា ជប៉ុនចង់ឲ្យក្រុមយុវជនតំណាងមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងផ្សព្វផ្សាយប្រជាធិបតេយ្យ ឲ្យបានទូលំទូលាយនៅកម្ពុជា។
ចៅសង្កាត់ជាប់ឆ្នោតសង្កាត់អូរចា ខែត្របាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ឲ្យដឹងនៅថ្ងៃទី២៩ កក្កដាថា ក្នុងគោលបំណងធំរបស់រដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញកញ្ញាតំណាងឲ្យយុវជនគណបក្សសង្រ្គោះជាតិ តំណាងយុវជនគណបក្សកាន់អំណាច និងគណបក្សដទៃទៀត ទៅបណ្ដុះបណ្ដាលអំពីប្រជាធិបតេយ្យ និងការបោះឆ្នោតនោះ គឺជប៉ុនចង់ឲ្យយុវជនទាំងនេះ ផ្សព្វផ្សាយអំពីប្រជាធិបតេយ្យ និងការបោះឆ្នោតដ៏ត្រឹមត្រូវមួយនៅកម្ពុជាដែរ។ រ៉ូហ្សេតបន្ថែមថា ជប៉ុនបានពន្យល់អំពីចំណុចស្នូលនៃសង្គមប្រជាធិបតេយ្យ ដែលចាំបាច់មានវត្តមានគណបក្សប្រឆាំងពិតប្រាកដមួយ៖ «»
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បន្ថែមថា សម្រាប់នៅកម្ពុជា ជប៉ុននៅតែទទួលស្គាល់គណបក្សសង្រ្គោះជាតិ ជាគណបក្សប្រឆាំងដ៏សំខាន់មួយ សម្រាប់ការចូលរួមការបោះឆ្នោតដ៏ពិតប្រាកដមួយ។ កញ្ញា បញ្ជាក់ថា ក្រៅពីរដ្ឋាភិបាលជប៉ុនបានរៀបចំឲ្យយុវជនទាំង ១០រូប មើលពីការរៀបចំការបោះឆ្នោតដោយផ្ទាល់ នៅថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនោះ គឺជប៉ុនបានឲ្យក្រុមយុវជនទាំងនោះ បានទៅមើលស្ថាប័នតុលាការ សភា និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យក្រុមយុវជនទាំងនោះ ស្វែងយល់អំពីឯករាជ្យភាពរបស់ស្ថាប័នទាំងនេះ ដែលអ្នកនយោបាយមិនអាចមានឥទ្ធិពលទៅលើស្ថាប័នទំាងនេះបាន៖ «»
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នេះ គឺជាខួបមួយឆ្នាំគត់ ដែលរបបលោក ហ៊ុន សែន រៀបចំព្រឹត្តិការណ៍បោះឆ្នោតដ៏សម្រូងចម្រាស ដែលគណបក្សប្រឆាំង និងសហគមន៍អន្តរជាតិ ចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។ អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ បានហៅរបបសព្វថ្ងៃនេះថា ជារបបគ្រប់គ្រងដោយបក្សតែមួយ ឬហៅថា ជារបបផ្ដាច់ការ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា របបលោក ហ៊ុន សែន សព្វថ្ងៃនេះ បានក្លាយទៅជារបបផ្ដាច់ការ គិតចាប់តាំងពីថ្ងៃដែលរបបក្រុងភ្នំពេញ បានរំលាយគណបក្ស សង្រ្គោះជាតិ ចាប់ខ្លួន ប្រធានគណបក្សប្រឆាំងលោក កឹម សុខា និងការដាក់បំរាមឲ្យមន្រ្តីបក្សនេះ មិនឲ្យចូលរួមធ្វើនយោបាយមកម៉្លេះ៖ «»
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងនៅក្នុងប្រព័ន្ធតេឡេក្រាមថា បើកម្ពុជាជាប្រទេសផ្ដាច់ការមែននោះ មិនមែនលោក ហ៊ុន សែន ដឹកនាំប្រទេសរយៈពេល ៤០ឆ្នាំមកនេះ ប្រកបដោយសុខសន្តិភាព និងស្ថិរភាពនយោបាយដូចសព្វថ្ងៃនេះទេ។
យុវជនមកពីតំណាងគណបក្សនយោបាយនីមួយៗ ទាំង ១០រូប ដែលបានទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីពិនិត្យមើលពីដំណើរការប្រជាធិបតេយ្យនៅប្រទេសជប៉ុនកាលពីថ្ងៃទី១៧ ដល់ ២៥ កក្កដានោះ គឺដើម្បីពិនិត្យមើលប្រព័ន្ធបោះឆ្នោតនៅប្រទេសជប៉ុន ជាពិសេសការបោះឆ្នោតព្រឹទ្ធសភា។
កញ្ញា រ៉ូហ្សេត ប្ដេជ្ញានឹងចែករំលែកចំណេះដឹងដដែលទទូលបានពីប្រទេសជប៉ុននេះ ផ្សព្វផ្សាយដល់ពលរដ្ឋ និងក្រុមយុវជននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយជំរុញផ្នែកប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងឱ្យពលរដ្ឋបានយល់ដឹងអំពីផលប្រយោជន៍របស់ប្រជាធិបតេយ្យ និងប្រព័ន្ធបោះឆ្នោតតាមបែបប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។