ពលរដ្ឋមានទស្សនៈខ្វែងគ្នា ជុំវិញការសុំសិទ្ធិធ្វើនយោបាយ របស់មន្ត្រីគណបក្សសង្គ្រោះជាតិ។ សកម្មជនបក្សប្រឆាំងនៅមូលដ្ឋាន និងមន្ត្រីជាន់ខ្ពស់បក្សនេះខ្លះផង ជំទាស់ការសុំសិទ្ធិនេះ។ ប៉ុន្តែ អ្នកឃ្លាំមើលសង្គម យល់ថា មន្ត្រីបក្សប្រឆាំង ដែលជាប់បម្រាមនយោបាយ កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតមួយ រវាងការបន្តជ្រើសរើសនៅស្ងាត់ស្ងៀមតទៅទៀត និងសុំសិទ្ធិធ្វើនយោបាយ ក្នុងពេលដែលគ្មានភ្លើងខៀវពីលោក កឹម សុខា និងលោក សម រង្ស៊ី។
តាំងពីរបបក្រុងភ្នំពេញ រម្លាយគណបក្សសង្គ្រោះជាតិនោះមក មានរយៈពេលជិត ៣ឆ្នាំកន្លះទៅហើយ ដែលមន្ត្រីក្នុងជួរក្បាលម៉ាស៊ីនគណបក្សប្រឆាំងនេះ នៅជាប់បម្រាមនយោបាយ។ ប៉ុន្តែ ក្នុងចំណោមមន្ត្រីទាំង ១១៨នាក់ ដែលជាប់បម្រាមនេះ មានមន្ត្រីប្រមាណជិត ២០ភាគរយ (ឬ ២២នាក់) ដែលបានសិទ្ធិធ្វើនយោបាយវិញ ក្រោយដាក់ពាក្យសុំសិទ្ធិនេះ ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងមានការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមមន្ត្រីទាំង ២២ នាក់នោះ មានតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ ដែលស្និទ្ធនឹងលោក កឹម សុខា ដូចជាលោក យ៉ែម បុញ្ញឫទ្ធិ និងមន្ត្រីខុទ្ទកាល័យរបស់លោក គឺលោក មុត ចន្ថា ដែលអ្នកទាំងនេះ ស្ថិតក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិ ៧ រូប ដែលទើបបានសិទ្ធិធ្វើនយោបាយនេះរួមគ្នា កាលពីថ្ងៃទី១៧ ខែមេសា។
ការសុំសិទ្ធិធ្វើនយោបាយនេះ រងការរិះគន់យ៉ាងចាស់ដៃ ពីសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាន ដែលធ្លាប់ជាអ្នកទោសមនសិការផង។ លោក គា វិសាល ដែលជាសកម្មជនបក្សប្រឆាំងនៅខេត្ត កំពង់ចាម និងធ្លាប់ជាប់ពន្ធនាគារ ដោយសាររក្សាជំហរគាំទ្រគណបក្សសង្គ្រោះជាតិឥតងាករេនោះ ថា ការសុំសិទ្ធិធ្វើនយោបាយ គឺស្មើនឹងទទួលស្គាល់ភាពស្របច្បាប់នៃការរម្លាយគណបក្សសង្គ្រោះជាតិ និងជាអំពើក្បត់ឆន្ទៈរាស្ត្រ និងក្បត់សន្យាខ្លួនឯងថា មិនចុះញ៉ម។
ជាងនេះទៅទៀត លោក គា វិសាល ថា ការសុំសិទ្ធិធ្វើនយោបាយនេះ គឺជាការដើរចេញពីគណបក្សសង្គ្រោះជាតិ៖ «ដោយសារថ្នាក់ដឹកនាំហ្នឹង បានក្បត់ឆន្ទៈរាស្ត្រហើយ ក៏ពលរដ្ឋខ្មែរជាពិសេសកម្លាំងមូលដ្ឋានពួកខ្ញុំ ក៏អត់ទទួលស្គាល់ ហើយក៏មិនទៅដើរតាមនយោបាយ ទៅសុំសិទ្ធិធ្វើនយោបាយរបស់អ្នកតំណាងរាស្ត្រអតីតរបស់គណបក្សសង្គ្រោះជាតិហ្នឹងដែរ។ គ្រាន់តែជាការបរាជ័យរបស់គាត់តែប៉ុណ្ណោះ»។
ដូចគ្នានេះដែរ សកម្មជនមូលដ្ឋានមួយរូបទៀត ដែលជាចៅសង្កាត់ផង មិនយល់ស្របចំពោះការទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះទេ។ ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ ខេត្តបាត់ដំបងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថា ពលរដ្ឋម្ចាស់ឆ្នោតបានបោះឆ្នោតឱ្យតំណាងរាស្ត្រ និងមន្ត្រីគណបក្សសង្គ្រោះជាតិទាំងនោះ ដើម្បីការផ្លាស់ប្តូរវិជ្ជមាននៅកម្ពុជា។ កញ្ញាបារម្ភថា ការសុំសិទ្ធិធ្វើនយោបាយនេះ មិនត្រឹមតែមិនបានជួយអ្វីដល់ដំណើរការប្រជាធិបតេយ្យប៉ុណ្ណោះទេ តែវាអាចជាការបោកប្រាស់ក្តីសង្ឃឹមរបស់ពលរដ្ឋ ដែលខំទុកចិត្តមន្ត្រីទាំងនោះ ព្រោះកន្លងមកមានអ្នកចេញសុំសិទ្ធិនយោបាយ និងបើកគណបក្សថ្មីខ្លះដែរ តែគ្មានបានផលអ្វីនោះឡើយ៖ «ដូច្នេះអ្នកដែលចេញទៅថ្មីៗនេះ ក៏ដូចអ្នកមុនដែរ យ៉ាងច្រើនណាស់ គេឱ្យវ៉ៃប្រហារថ្នាក់ដឹកនាំសង្គ្រោះជាតិ វ៉ៃប្រហារឯកឧត្តម សម រង្ស៊ី និង ឯកឧត្ដម កឹម សុខា ថា បែកបាក់គ្នាហើយ នៅធ្វើអីទៀត»។
អ្នកនយោបាយអូស្ត្រាលីដើមកំណើតខ្មែរ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិសកម្មមួយដែរ ហាក់ដូចជាអស់សំណើច ពេលឃើញមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន នាំគ្នាទៅសុំសិទ្ធិធ្វើនយោបាយនេះ។ លោក ហុង លឹម ចោទជាសំណួរទៅមន្ត្រីទាំងនោះវិញថា តើទៅសុំសិទ្ធិនយោបាយយ៉ាងម៉េច ពីមន្ត្រីគណបក្សកាន់អំណាច ដែលជាអ្នករម្លាយគណបក្សសង្គ្រោះជាតិនោះ? ៖ «ហើយក្រសួងមហាផ្ទៃហ្នឹង កាន់កាប់ដោយគណបក្សកាន់អំណាច គណបក្សប្រជាជនហ្នឹង គណបក្សដែលស្អប់ខ្ពើម ធ្វើបាបគណបក្សឯទៀតៗទាំងអស់ហ្នឹង។ លុះត្រាតែគណបក្សហ្នឹង គេមើលមកឃើញថាគ្មានលក្ខណៈដែលថា អាចប្រឈមមុខប្រឆាំង ធ្វើឱ្យគេមានគ្រោះភ័យ អាហ្នឹងគេចេះតែឱ្យបង្កើតទៅ»។
លោក ហុង លឹម គ្មានគណបក្សនយោបាយណាមួយ អាចប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ ដរាបណាកម្ពុជានៅតែមានមេដឹកនាំបែបផ្ដាច់ការ ក្រាញអំណាច និងមិនចេះខ្មាសអៀនដូចលោក ហ៊ុន សែននេះ។
ដូចគ្នានេះដែរ ការទៅសុំសិទ្ធិនយោបាយ ក្នុងកាលៈទេសៈនេះ បើតាមអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថា ជារឿងខុសឆ្គង និងគួរឱ្យសោកស្ដាយបំផុត ព្រោះលោកចាត់ទុកថា ឥរិយាបថបែបនេះ ថាគឺជាការបំបែកបំបាក់សំឡេងគណបក្សប្រឆាំង ដែលគណបក្សកាន់អំណាចប្រឹងបំបែកបំបាក់គ្រប់មធ្យោបាយ៖ «ប្រជាពលរដ្ឋមិនពេញចិត្តទាល់តែសោះ សូម្បីតែអ្នកគាំទ្រមួយចំនួនធំ ពួកគាត់ថា សកម្មជនផ្សេងៗដែលក្រាញននាល ខ្លះសុខចិត្តជាប់គុក ខ្លះទៀតទៅវេទនានៅក្រៅប្រទេស និរទេសខ្លួន បែរជាមន្ត្រីជាន់ខ្ពស់នាំគ្នាទៅបង្កើតគណបក្សព្រោងព្រាត ដើម្បីលម្អសួនប្រជាធិបតេយ្យនៅកម្ពុជាទៅវិញ»។
ការសុំសិទ្ធិធ្វើនយោបាយនេះ បើតាមអ្នកវិភាគវិញ យល់ថា ជាការបង្ហាញអំពីភាពអស់សង្ឃឹមរបស់អ្នកនយោបាយមួយចំនួននោះតែប៉ុណ្ណោះ។ អ្នកវិភាគលោក គឹម សុខ ថា ការចែកផ្លូវគ្នាដើរនេះ កើតចេញពីចរិតអស្មិមានះរៀងៗខ្លួន របស់មន្ត្រីបក្សប្រឆាំង និងកើតជំងឺផ្អើល និងសង្ស័យតែគ្នាឯង និងឈ្លោះតែគ្នាឯង៖ «របៀបទៅសុំសិទ្ធិធ្វើនយោបាយម្ដងម្នាក់ ម្ដងបួនប្រាំនាក់បែបនេះ ធ្វើអ្វីមិនកើតទេ គឺជាស្ថានភាពជាប់ជុច នៅក្នុងកន្សោមនយោបាយរបស់បក្សកាន់អំណាច រើខ្លួនមិនរួចទេ»។
ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ សកម្មភាពនយោបាយរបស់គណបក្សនេះ នៅមូលដ្ឋាន ស្ទើរតែគ្មានសោះ ដោយសារតែអាជ្ញាធរគ្រប់ជាន់ថ្នាក់ បំភិតបំភ័យ ធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត ដល់សកម្មជននយោបាយដែលគាំទ្របក្សប្រឆាំងនេះ។ សកម្មភាពនយោបាយ ដែលនៅបន្តបាន ភាគច្រើនគឺធ្វើពីក្រៅប្រទេស។ ប្រធានសាខាគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិក្រៅប្រទេស លោក អ៊ុង រិទ្ធី ថា ការសុំសិទ្ធិធ្វើនយោបាយ គឺជាសិទ្ធិរបស់បុគ្គល ព្រោះពេលមន្ត្រីទាំងនោះ គាំទ្រគណបក្សសង្គ្រោះជាតិពីដំបូង ក៏ជាសិទ្ធិរបស់ពួកគាត់ដែរ។
ទោះជាយ៉ាងនេះក្ដី លោកយល់ថា ការសម្រេចសុំសិទ្ធិនយោបាយនៅពេលនេះ ទំនងជាធ្វើឡើងដោយគិតតែផលប្រយោជន៍បុគ្គល ជាជាងប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោតជាធំ ព្រោះជាគោលការណ៍ លោកថា គណបក្សសង្គ្រោះជាតិនៅតែរឹងមាំ និងបន្តការតស៊ូមតិពីក្រៅតទៅទៀត ដើម្បីផ្តល់ក្តីសង្ឃឹមដល់ម្ចាស់ឆ្នោត ដែលទុកចិត្តលើគណបក្សសង្គ្រោះជាតិទាំងមូល៖ «សង្គ្រោះជាតិយើងនៅក្រៅប្រទេស យើងនៅរឹងមាំ។ យើងបន្តធ្វើកិច្ចការងារយើង។ យើងអត់មានទន់ជំហរ។ យើងឆ្លើយតបតាមចម្លើយរបស់ប្រជាពលរដ្ឋខ្មែររបស់យើង»។
ប៉ុន្តែ ការតស៊ូនយោបាយ តែពីក្រៅប្រទេស ស្របពេលដែលអ្នកនយោបាយនៅក្នុងប្រទេស ស្ងាត់ច្រៀប ដូចចោរលួចសេះបែបនេះ អ្នកឃ្លាំមើលសង្គម ថាមិនមែនជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពនោះទេ ព្រោះការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិ កាន់តែខិតជិតចូលមកដល់ណាស់ទៅហើយ។
អតីតនាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ថាការសម្រេចខាងនយោបាយរបស់មន្ត្រីបក្សប្រឆាំងមួយចំនួន ក្នុងការសុំសិទ្ធិធ្វើនយោបាយ គឺជាការរកជម្រើសខាងនយោបាយផ្សេងទៀត ដែលអាចចាប់ផ្តើមធ្វើសកម្មភាពនយោបាយ ឱ្យទាន់ពេលបោះឆ្នោតពេលខាងមុខ។ តែលោកមិនសូវមានសុទិដ្ឋិនិយម ថា ការសុំសិទ្ធិនយោបាយបែបបុគ្គលបែបនេះ នឹងមានប្រសិទ្ធភាពអ្វី ជាដុំកំភួននោះឡើយ ព្រោះអ្នកចូលមុនៗ មានមួយចំនួនដែរ តែអត់សូវមានឃើញសកម្មភាពនយោបាយអ្វីសោះ៖ «ព្រោះដើម្បីត្រៀមការបោះឆ្នោតនៅពេលខាងមុខនេះ ពួកគាត់ត្រូវត្រៀមសកម្មភាពនយោបាយ។ ប៉ុន្តែ មួយចំនួនណានោះ ឃើញបង្កើតគណបក្សនយោបាយ ប៉ុន្តែឱ្យធ្វើជាសកម្មនយោបាយ ឱ្យមានតួនាទីរបស់គណបក្សខ្លួន នៅក្នុងនយោបាយ ឱ្យបានឥទ្ធិពលអ្វីខ្លាំង នៅមានកម្រិតនៅឡើយទេ»។
ក្នុងស្ថានភាពបែបនេះ អ្នកឃ្លាំមើលសង្គមឯណោះ ថា គណបក្សសង្គ្រោះជាតិឈានដល់ដំណាក់កាលដើរក៏ស្លាប់ មិនដើរក៏ស្លាប់។ លោកបណ្ឌិត សេង សារី ថា លោកមើលមិនឃើញសញ្ញាណណាមួយ ដែលគណបក្សសង្គ្រោះជាតិ នឹងបានចូលរួមការឆ្នោតខាងមុខនេះនោះទេ។ លោកបន្តថា ការណ៍ដែលបក្សប្រឆាំង មិនបានចូលរួមការបោះឆ្នោតខាងមុខ ឬមិនអាចចូលរួមការបោះឆ្នោតខាងមុខបាន មានន័យថាការបោះឆ្នោតក៏នៅតែបន្ត បក្សកាន់អំណាច អាចលាងនូវអ្វីដែលខ្លួនបានធ្វើកន្លងទៅ ដោយព្យាយាមកាយកប់រឿងបោះឆ្នោតពេលមុន។
លោកថា មន្ត្រីមួយចំនួន ចង់រក្សាសមិទ្ធផលសង្គ្រោះជាតិ ទ្រាំការគាបសង្កត់មិនបាន ហើយចង់រក្សាសមិទ្ធផលនេះ ទើបរកច្រកសុំសិទ្ធិធ្វើនយោបាយបែបនេះ។ ប៉ុន្តែលោកថា មិនថាមន្ត្រីបក្សប្រឆាំងណាទេ ដែលហ៊ានដើរចេញពីលោក កឹម សុខា និងលោក សម រង្ស៊ី គឺអាចរលាយខ្លួន៖ «ថ្នាក់ដឹកនាំគឺមានលោក កឹម សុខា និងលោក សម រង្ស៊ី ជាបុគ្គលដែលប៉ះរលាយ។ ការចេញបង្កើតបក្សថ្មីរបស់មន្ត្រីជាន់ ឬឥស្សរជនជាន់ខ្ពស់លើកនេះ ក៏អាចជាការធ្វើអត្តឃាតនយោបាយដែរ ទោះបីជាសិទ្ធិក្នុងការធ្វើនយោបាយ ប៉ុន្តែ ជាយុទ្ធសាស្ត្រ វាអត់ត្រូវទេ។ បើក្នុងករណី មិនមានការផ្តល់នូវសិទ្ធិ ឬអំណាចនយោបាយពីបុគ្គល ឬឥស្សរជនមេដឹកនាំនយោបាយទាំងពីរនាក់របស់សង្គ្រោះជាតិហ្នឹង»។
ទោះជាគ្រោះថ្នាក់យ៉ាងនេះក្ដី បើតាមអ្នកឃ្លាំមើលសង្គមមួយរូបទៀត លោកយល់ថា អ្នកនយោបាយ ត្រូវធ្វើតាមលំអានអ្នកតស៊ូផ្នែកអហិង្សា នៅក្នុងប្រវត្តិសាស្ត្រ ដូចជាលោក ម៉ាទីន លូធើឃីង (Martin Luther King) ដែលប្រកាន់ជំហរ ថាត្រូវធ្វើម៉េចទៅមុខឱ្យបាន មិនថា ត្រូវលូន ឬវារនោះទេ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន ថាអ្នកនយោបាយ និងអ្នកដឹកនាំរបស់គណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន ដូចជាមិនបានបង្ហាញអំពីសកម្មភាព ដែលជាក្ដីរំពឹង ឱ្យទាំងអ្នកគាំទ្ររបស់ខ្លួន និងសហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់ខ្លួននោះឡើយ។ លោកគាំទ្រការសម្រេចចិត្តផ្ទាល់ខ្លួនរបស់បុគ្គល ក្នុងការសុំសិទ្ធិធ្វើនយោបាយវិញ ព្រោះស្ថានភាពនយោបាយបច្ចុប្បន្ន មានភាពមិនច្បាស់លាស់៖ «សកម្មភាពនយោបាយនេះ វាជាសកម្មភាពត្រូវតែធ្វើជាបន្តបន្ទាប់ អត់អាចនៅស្ងៀមកើតទេ។ ប៉ុន្តែ ត្រូវធ្វើកិច្ចការងារតាមគន្លងប្រជាធិបតេយ្យ និងត្រូវប្រកាន់ឥរិយាបថមួយជាអ្នកធ្វើការបំពេញគ្នា ជាជាងធ្វើការបំពាន ឬប៉ែងដៃប៉ែងជើងគ្នា»។
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិភាគច្រើនលើសលុប នៅបន្តក្រាញននៀល ខាំស្មៅ និងស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិ គឺដោយសារតែពួកគាត់នៅតែប្រកាន់ជំហរថា គណបក្សកាន់អំណាចរម្លាយគណបក្សខ្លួនដោយខុសច្បាប់ និងយ៉ាងអយុត្តិធម៌។ ចំណែកសហគមន៍អន្តរជាតិពីប្រទេសប្រកាន់ប្រជាធិបតេយ្យ ក៏មើលឃើញដូចពួកគេដែរ ហើយសហគមន៍អន្តរជាតិ បានដាក់សម្ពាធជាហូរហែដែរ ដើម្បីឱ្យរបបក្រុងភ្នំពេញ ផ្តល់ភាពស្របច្បាប់ដល់គណបក្សសង្គ្រោះជាតិ ដើម្បីបើកដំណើរការសកម្មភាណនយោបាយរបស់ខ្លួនឡើងវិញ។
ប៉ុន្តែ អ្នកឃ្លាំមើលសង្គមយល់ស្របគ្នាថា គណបក្សកាន់អំណាចហាក់ដូចជាស៊ាំនឹងសម្ពាធនេះទៅហើយ។ ម្យ៉ាងទៀត សហគមន៍អន្តរជាតិ ក៏លែងសូវមានឥទ្ធិពលខ្លាំងក្នុងរឿងនយោបាយខ្មែរ ដូចពីមុនទៀតដែរ ដោយសារតែបរិបទតំបន់ និងពិភពលោក និងការលូកដៃរបស់ចិន ចូលក្នុងកិច្ចការនយោបាយខ្មែរ។
តែទោះជាយ៉ាងណា ប្រទេសដែលទំនងជានៅតែមានឥទ្ធិពលសេដ្ឋកិច្ចលើកម្ពុជាតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនោះ គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៕