មន្ត្រី​សង្ឃ​ខេត្ត​សៀមរាប​បណ្ដេញ​ព្រះ​សង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​ដោយ​ចោទ​ព្រះអង្គ​ថា​ គាំទ្រ​គណបក្ស​ភ្លើង​ទៀន

0:00 / 0:00

ព្រះ​ចៅ​អធិការ​ ព្រះនាម ឡុក ឆាន វត្ត​ប្រាសាទ​​រង្ស៊ី ភូមិ​ដំណាក់​ស្លាញ ឃុំ​សសរស្ដម្ភ ស្រុក​ពួក​ ខេត្ត​សៀមរាប បាន​បណ្ដេញ​ព្រះសង្ឃ​ ហេង គឹម​ឡាយ​ ចេញ​ពី​វត្ត​ដោយ​ចោទ​ថា​​ សង្ឃ​អង្គ​នេះ​បាន​ឃោសនា​រក​បច្ច័យ​​មក​គាំទ្រ​យុវជន​គណបក្ស​ភ្លើង​ទៀន។ មក​ដល់​ពេល​នេះ​ព្រះ​សង្ឃ​ ហេង គឹម​ឡាយ បាន​និមន្ត​ទៅ​សុំ​វត្ត​ដទៃ​ទៀត​គង់នៅ​ តែ​មិន​មាន​ព្រះ​ចៅ​អធិការ​វត្ត​ណា​មួយ​​ទទួល​ឲ្យ​គង់នៅ​ឡើយ ដោយសារ​វត្ត​ទាំងនោះ​ខ្លាច​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច។

ព្រះ​សង្ឃ​ ហេង គឹម​ឡាយ បាន​ចាក​ចេញ​ពី​វត្ត​ប្រាសាទរង្ស៊ី អស់​​រយៈ​ពេល​ពីរ​ថ្ងៃ​ហើយ​គិត​មក​ត្រឹម​ពេល​នេះ។ ព្រះ​អង្គ​និមន្ត​ដោយ​ថ្មើរ​ជើង​ស្វែង​រក​វត្ត​​គង់​នៅ​ពី​វត្ត​មួយ​ទៅ​វត្ត​មួយ​។ ដំបូង​ឡើយ វត្ត​ខ្លះ​​​សន្យា​ថា​ឲ្យ​គង់​នៅ​ ប៉ុន្តែ​ក្រោយ​ដឹង​រឿងរ៉ាវ​ថា ​ព្រះ​អង្គ​គាំទ្រ​បក្ស​ភ្លើង​ទៀន វត្ត​ទាំង​នោះ​មិន​អនុញ្ញាត​។ ព្រះសង្ឃ ហេង គឹម​ឡាយ​ តែងតែ​ឈឺឆ្អាល​រឿង​សង្គម​ លះបង់​ទាំង​កម្លាំង​កាយ​ទាំង​បច្ច័យ​ ដើម្បី​ចូល​រួម​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ដល់​សង្គម និង​ជាតិ។ ព្រះអង្គ​មិន​នឹក​ស្មាន​ថា ​ទង្វើ​របស់​ព្រះ​អង្គ​បែរ​ជា​នាំ​គ្រោះ​ដល់​ខ្លួន​ ធ្វើឲ្យ​​ព្រះ​ចៅ​អធិការ​ក្នុង​វត្ត​ប្រកាន់​បក្សពួក នាំ​ឲ្យ​ព្រះ​អង្គ​គ្មាន​ទី​សេនាសនៈ​គង់​អាស្រ័យ​នៅ​ដូច្នេះ​សោះ។

ព្រះ​សង្ឃ​ ហេង គឹម​ឡាយ​ ដែល​ត្រូវ​បាន​មន្ត្រី​សង្ឃ​ខេត្ត​សៀមរាប បណ្ដេញ​ចេញ​ពី​វត្ត​ប្រាសាទ​រង្ស៊ី មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា​ថា មូលហេតុ​ដែល​គណៈកម្មការ​ និង​ព្រះ​ចៅ​អធិការ​បណ្ដេញ​ព្រះអង្គ​ចេញ​មិន​ឲ្យ​គង់នៅ​វត្ត​នេះ​តទៅ​ទៀត ដោយសារ​ព្រះអង្គ​​ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា ក្នុង​ការ​បណ្ដេញ​ចេញ​នេះ ​ព្រះ​ចៅ​អធិការ​មាន​ចំណែក​តិច​ទេ ប៉ុន្តែ​អ្នក​ដែល​មាន​ចំណែក​ធំ​គឺ ​ក្រុម​គណៈកម្មការ​វត្ត​នោះ​តែ​ម្ដង។ ព្រះ​អង្គ​បាន​សន្និដ្ឋាន​ថា​ បុគ្គល​ដែល​ឃុបឃិត​គ្នា​​បណ្ដេញ​ព្រះ​អង្គ​នោះ​ អាច​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ​ក្នុង​វត្ត​អារាម​មិន​គួរ​មាន​ការ​បែង​ចែក​ក្រុម​បែប​នេះ​ទេ បើ​គ្រាន់​តែ​បញ្ចេញ​មតិ​រិះគន់ ឬ​គាំទ្រ​អ្នកណា​ក៏​ដោយ ព្រោះ​​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ​ ក្នុង​ការ​ចង់​កែ​លម្អ​សង្គម​ឲ្យ​មាន​ភាព​ថ្លៃថ្នូរ​ប៉ុណ្ណោះ៖ « វា​មិន​ដែល​សុខ​ៗ​​ លេង​មក​ដេញ​យើង​ចេញ​សុទ្ធ​ៗ​​ ដោយ​គ្មាន​ខ្លាច​អនុគណ​ មិន​ខ្លាច​មេគណ​ខេត្ត​អ៊ីចឹង។ អ៊ីចឹង​បាន​​អាត្មា​ម៉ៃ តាម​អាត្មា​គិត ​គំនិត​គិត​ខ្លួន​ឯង​​ណា​ញោម​។ អាត្មា​មិន​ទាន់​បាន​ចោទ អាត្មា​គិត​ថា​ អា​រឿង​នេះ​បែប​គេ​គប់​គិត​គ្នា ភាសា​យើង​ហៅ​ឃុបឃិត ភាសា​និយាយ​ឲ្យ​ពិត​ទៅ​វា​គប់​គិត តែ​បើ​ភាសាខ្មែរ​យើង​និយាយ​សាមញ្ញ​ថា​ ឃុបឃិត​គ្នា​ទៅ បែប​គេ​ឃុបឃិត​គ្នា​ទៅ​លាំង​អាត្មា​បណ្ដោយ ឲ្យ​ជ្រះ​ស្រឡះ​បណ្ដោយ។ បាន​ជា​អនុគណ បាន​ជា​មេគណ​គ្មាន​ប្រតិកម្ម​​អ៊ីចឹង។ ល្បី​ប៉ុណ្ណឹង​ហើយ​​អនុគណ​អី​អត់​មាន​ប្រតិកម្ម​​ជួយ​កូន​ចៅ​អ៊ីចឹង ពិបាក​ណាស់​ណា៎​អ៊ីចឹង។ អាត្មា​កម្សត់​ខ្លួន​ណាស់​ដល់​អ៊ីចឹង »

ព្រះ​អង្គ​បាន​បញ្ជាក់​ទៀត​ថា​ មាន​ពុទ្ធបរិស័ទ​ណែនាំ​ឲ្យ​ព្រះ​អង្គ​រត់​ភៀស​ព្រះ​កាយ​ទៅ​ប្រទេស​ថៃ​ តែ​ព្រះ​អង្គ​បដិសេធ​​មិន​ទៅ ព្រោះ​ព្រះ​អង្គ​ពុំ​បាន​ធ្វើ​អ្វី​ឲ្យ​ខុស​ច្បាប់​រដ្ឋ និង​ច្បាប់​ធម៌​វិន័យ​ឡើយ។ ព្រះ​អង្គ​នៅ​តែ​ទទូច​ឲ្យ​មន្ត្រី​សង្ឃ​ពិចារណា​ឲ្យបាន​ដិតដល់​​មុន​នឹង​បណ្ដេញ​ភិក្ខុ​សាមណេរ អង្គ​ណា​មួយ​ចេញ​ពី​វត្ត។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សូម​ការ​បំភ្លឺ​ពី​ព្រះ​ចៅអធិការ ឡុក ឆាន និង​គណៈកម្មការ​វត្ត​ប្រាសាទ​នាងស្រី​បាន​ទេ​មក​ទល់​នឹង​ពេល​នេះ។ វិទ្យុ​អាស៊ី​សេរី ក៏​មិន​អាច​ទាក់ទង​អនុរដ្ឋលេខាធិការ អ្នកនាំពាក្យ​ផ្នែក​ព្រះ​ពុទ្ធសាសនា លោក សេង សុ​មុនី សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ដោយ​សារ​ទូរស័ព្ទ​ហៅ​ចូល​មិន​មាន​អ្នក​ទទួល។

ចំណែក​ឯ នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ លី​កា​ដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​​នៅ​ថ្ងៃ​ដដែល​ថា ចំពោះ​ករណី​បណ្ដេញ​​ព្រះ​សង្ឃ​ចេញ​ពី​វត្ត ដោយ​សារព្រះ​សង្ឃ​គាំទ្រ​គណបក្ស​ណា​មួយ​នោះ​ ជា​ទង្វើ​ខុសច្បាប់​ព្រោះ​ថា​ ព្រះ​សង្ឃ​ក៏​ជា​ផ្នែក​មួយ​នៅ​ក្នុង​សង្គម​ដែរ ហើយ​អាច​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ។ លោក​​អំពាវនាវ​ដល់​មន្ត្រី​សង្ឃ​គ្រប់​ជាន់​ថ្នាក់​​ជួយ​មើល​សុខ​ទុក្ខ​ព្រះ​សង្ឃ​ ហេង គឹម​ឡាយ ឲ្យ​មាន​ទី​សេនាសនៈ​ស្នាក់​អាស្រ័យ​ព្រោះ​ការ​បញ្ចេញ​មតិ​របស់​ព្រះ​អង្គ​​មិន​មាន​អ្វី​ខុស​នឹង​ច្បាប់​ពុទ្ធ​សាសនា​ទេ៖ « ព្រះសង្ឃ​លោក​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ស្រឡាញ់​ ឬ​​ក៏​គាំទ្រ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ណា​ ដោយ​ក្នុង​ចិត្ត​ អា​ហ្នឹង​គ្មាន​អ្នក​ណា​ហាមឃាត់​បាន​ទេ នៅ​ក្នុង​ការ​ស្រឡាញ់​ ឬ​ក៏​ចូល​ចិត្ត​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ណា​ហ្នឹង​ណា៎។ បាទ​អា​ហ្នឹង​គឺ​ជា​សិទ្ធិ​របស់​ព្រះអង្គ ហើយ​ការ​គាំទ្រ​ឬ​ការ​ស្រឡាញ់​នេះ វា​អត់​មានអី​ដែល​ខុស​ច្បាប់​ទេ​ ពីព្រោះ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ណា៎។អ៊ីចឹង​ បើ​គ្រាន់​តែ​ថា​​ស្រឡាញ់​ ឬ​ក៏​គាំទ្រ​​​ដោយ​មិន​មាន​បញ្ចេញ​សកម្មភាព​ណា​មួយ ដើម្បី​ធ្វើ​នយោបាយ​ទេ ​អា​ហ្នឹង​វា​អត់​មាន​អី​រឿង​ខុស​ច្បាប់​របស់​ព្រះសង្ឃ​ទេ​ ព្រោះ​ចូល​ក៏​មិន​ខុស​ដែរ »

ទាំង​ច្បាប់​អាណាចក្រ និង​ច្បាប់​ពុទ្ធចក្រ មិន​បាន​ហាម​ប្រាម​មិន​ឲ្យ​ព្រះ​សង្ឃ​ចូល​រួម​ធ្វើ​នយោបាយ​​ឡើយ។ ជាក់​ស្តែង​ក្រុម​ព្រះសង្ឃ​អ្នក​ស្នេហា​ជាតិ បាន​ដឹកនាំ​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ កាលពី​ពី​អាណានិគម​បារាំង៕

ស្ដាប់​បទសម្ភាសន៍​បន្ថែម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។