សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បីនាក់បន្ថែមទៀត រួមគ្នាចុះហត្ថលេខាគាំទ្រសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន រឿងមិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ការគាំទ្រសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា (Cambodia Democracy and Human Rights Act) ដែលកំពុងស្ថិតក្នុងដៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិកនោះ បានកើនឡើងដល់ ១១នាក់ ក្រោយពីសមាជិកព្រឹទ្ធសភាបីនាក់បន្ថែមទៀត ពីខាងគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យ បានចុះហត្ថលេខាគាំទ្រ កាលពីថ្ងៃទី១ ខែកុម្ភៈ។
សេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន ឬ S.3052 ត្រូវបានសមាជិកព្រឹទ្ធសភាលោក អិត ម៉ាឃី (Ed Markey) ពីខាងគណបក្សកាន់អំណាចស្នើឡើងកាលពីខែតុលា ឆ្នាំ២០២១។ ច្បាប់នេះមានគោលដៅស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ក្រោយត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ តាំងពីក្រោយរម្លាយគណបក្សសង្គ្រោះជាតិ។ ទណ្ឌកម្ម គឺដៅចំពោះបុគ្គលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនោះ ដោយត្រូវបង្កកទ្រព្យសម្បត្តិពួកគាត់ និងមិនឲ្យទិដ្ឋាការចូលដីអាមេរិកជាដើម។
កាលណោះ លោក អិត ម៉ាឃី (Ed Markey) ថ្លែងនៅពេលស្នើច្បាប់នេះ ថាប្រជាពលរដ្ឋខ្មែរសមនឹងទទួលបាននូវអ្វីដែលមានសន្យាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១។ ក្នុងកិច្ចព្រមព្រៀងនោះ គឺកម្ពុជាត្រូវប្រកាន់យករបបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយឲ្យប្រជាប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ស្របតាមឆន្ទៈរបស់ខ្លួន មិនមែនបង្ខំឲ្យធ្វើតាមច្បាប់ដែលកំណត់ដោយបក្សតែមួយនោះទេ។ លោកបញ្ជាក់បន្ថែមថា សេចក្តីស្នើច្បាប់នេះ បង្ហាញឲ្យឃើញច្បាស់ថាសហរដ្ឋអាមេរិក មិនឈរឱបដៃមើលលោក ហ៊ុន សែន និងបក្សពួកនាំគ្នាបំផ្លាញប្រជាធិបតេយ្យ ធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំង បំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្លាយជាអ្នកមានដោយសារអំពើពុករលាយយ៉ាងរាតត្បាតនោះទេ។
ក្រៅពីសេចក្តីស្នើច្បាប់របស់សមាជិកព្រឹទ្ធសភានេះ នៅខាងរដ្ឋសភាឯណោះសមាជិករដ្ឋសភា ៤០៣នាក់ក្នុងចំណោម ៤៣៥នាក់ បានអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មដាច់ដោយឡែកមួយទៀតលើមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន ឬច្បាប់ H.R.4686 កាលពីចុងខែ កក្កដា ឆ្នាំ២០២១។ ច្បាប់នេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិកដែរ។
សមាជិកសភាអាមេរិកលោក ស្ទីវ ឆាបុត (Steve Chabot) នៃរដ្ឋអូហៃយ៉ូ (Ohio) ពីខាងគណបក្សសាធារណរដ្ឋ ដែលផ្តួចផ្តើមសេចក្តីស្នើច្បាប់នោះ ថ្លែងក្នុងសភាពេញអង្គពេលកំពុងអនុម័តច្បាប់កាលពីពេលនោះថា ច្បាប់ដាក់ទណ្ឌកម្មលើបុគ្គលនៃរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យចំៗ គឺសង្ឃឹមថា លោក ហ៊ុន សែន និងមន្រ្តីទាំងនោះ ភ្ញាក់រលឹក និងដឹងខ្លួន ថាអនាគតរបស់ប្រជាពលរដ្ឋខ្មែរ គឺស្ថិតលើមាគ៌ានៃការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមិនត្រូវរងគ្រោះ ក្នុងកណ្តាប់ដៃបង្ក្រាបរបស់លោក ហ៊ុន សែននោះឡើយ។
រីឯសមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ា (California) មកពីខាងគណបក្សប្រជាធិបតេយ្យលោក អាឡែន ឡូវ៉ិនថល (Alan Lowenthal) ថាច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែននេះ គឺដើម្បីទូទាត់ថ្លៃបំផ្លាញសេរីភាពពលរដ្ឋខ្មែរ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំមតិរបស់ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល គឺលោក ផៃ ស៊ីផាន បាននៅឡើយទេកាលពីថ្ងៃទី២ ខែកុម្ភៈ។ ប៉ុន្តែ លោក ផៃ ស៊ីផាន ធ្លាប់ចាត់ទុកការធ្វើច្បាប់នេះ ថាជាការចោទប្រកាន់យ៉ាងអយុត្តិធម៌លើរដ្ឋាភិបាលកម្ពុជា ដែលប្រាសចាកពីការពិតជាក់ស្ដែង និងជាការប្រកាន់រើសអើង។ លោកធ្លាប់ព្រមានថា ច្បាប់នេះ នឹងធ្វើឲ្យល្អក់កករដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីជួលក្រុមហ៊ុនអាមេរិកជាបន្តបន្ទាប់ ឲ្យជួយនិយាយបញ្ចុះបញ្ចូលតំណាងរាស្រ្ត និងក្រុមអ្នកធ្វើគោលនយោបាយអាមេរិក កុំឲ្យធ្វើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលកម្ពុជាទៀត។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ខ្លួនឯងក៏ធ្លាប់បានព្រមានដែរ ថាបើអាមេរិកហ៊ានធ្វើច្បាប់នេះមែន នោះកម្ពុជា ក៏នឹងបិទទ្វារមិនឱ្យមន្ត្រីអាមេរិកចូលមកកម្ពុជាវិញដែរ។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋខ្មែរអាមេរិកជាច្រើន បាននាំគ្នាតស៊ូមតិនៅសហរដ្ឋអាមេរិក ដោយសរសេរលិខិត និងណាត់ជួបសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋរបស់ខ្លួន ដើម្បីជំរុញឲ្យពន្លឿនការអនុម័តសេចក្តីស្នើច្បាប់នេះនៅព្រឹទ្ធសភា និងឆាប់ចូលជាធរមាន។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុខហួរ ដែលមានឈ្មោះក្នុងសេចក្តីស្នើច្បាប់ S.3052 ថា ជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២ ខែកុម្ភៈថា អ្នកស្រីជឿជាក់លើកម្លាំងសាមគ្គី និងការប្តេជ្ញារបស់ពលរដ្ឋខ្មែរអាមេរិក ដែលជំរុញឲ្យតំណាងរាស្រ្តអាមេរិកប្រញាប់អនុម័តសេចក្តីស្នើច្បាប់នេះ។ អ្នកស្រី ថាការណ៍ដែលសមាជិកព្រឹទ្ធសភាអាមេរិកបន្ថែមទៀត នាពេលថ្មីៗ នេះ នាំគ្នាចុះហត្ថលេខាគាំទ្រសេចក្តីស្នើច្បាប់នេះ គឺដោយសារតែសកម្មភាពជំរុញរបស់សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកនោះឯង។ សន្ទុះនេះ ធ្វើឲ្យអ្នកស្រីមានសុទិដ្ឋនិយមថា ច្បាប់នេះនឹងវិវត្តលឿន៖ «សំណើច្បាប់ដែលចេញមកពីសមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរគណបក្សនេះ គឺឆ្លើយតបនឹងស្ថានការណ៍សិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ ដូច្នេះ យើងមានក្ដីសង្ឃឹម ឃើញថាសន្ទុះនេះខ្លាំងមែនទែន។ សង្ឃឹមថា សំណើច្បាប់នេះនឹងក្លាយទៅជាច្បាប់នៅក្នុងឆ្នាំនេះ»។
កន្លងមកសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានឆ្លងកាត់កងព័ន្ធទីមួយ ឬរដ្ឋសភា។ ប៉ុន្តែទើត្រឹមព្រឹទ្ធសភា ដែលជាកងព័ន្ធទីពីរចំនួនពីរដងមកហើយ។ ទោះជាយ៉ាងនេះក្ដី បើសេចក្តីស្នើច្បាប់ថ្មីនេះ បានទៅដល់កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ចាំបាច់ត្រូវការ ៥១សំឡេង ក្នុងចំណោមសមាជិកព្រឹទ្ធសភា ១០០នាក់ ទើបសេចក្តីស្នើច្បាប់នេះអាចអនុម័តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។